ដល់ពេល​វះកាត់ យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញពី​ស្បែកជើង តាម​អភិក្រម​ទី​៥ !

494
ចែករម្លែក
  • 1
    Share

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ បានចេញ អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​។ គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ​។ អភិបាលរង​ខេត្ត​ព្រះសីហនុ ទាំងពីរ​រូបនេះ​ត្រូវបាន​សម្តេច​តេ​ជោ ប្រកាសថា ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​មួយកន្លែង​ដែល​ក្នុងពេល​អនុវត្ត​សាលដីកា​របស់​តុលាការ កាលពី ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នាំ​ដល់​ការបង្ក​អំពើហិង្សា លើ​ប្រជាពលរដ្ឋ​។​

អមដោយ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំងពីរ​រូប កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមីនា​ដដែល សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា សម្តេច​ត្រូវ​បង្ខំចិត្ត​អនុវត្ត​អភិក្រម​ទី​៥ គឺ​ការវះកាត់ ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប ចេញពី​តំណែង​។

​សម្តេច​តេ​ជោ​បញ្ជាក់​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ថា “​ត្រូវតែ​យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញពី ស្បែកជើង ទើប​អាច​ដើរ​ទៅមុខទៀត​បាន​។ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​។ ដល់ពេលនេះ ខ្លា​ក៏ត្រូវ​វាយ​, ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏ត្រូវ​វាយ​, រុយ​ក៏ត្រូវ​វាយ​ឲ្យ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​”​។​

​ជាមួយនឹង​ការគូសបញ្ជាក់​ខាងលើនេះ នៅក្នុង​សារ​ឆ្លើយតប​នឹង​អ្នក​ចូល​បញ្ចេញមតិ ក្នុង​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ការបញ្ចប់​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំងពីរ​រូប សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​បញ្ជាក់ជូន​ថា សម្តេច​បាន​ប្រើ​អំណាច​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ដកចេញ អភិបាលរង​ខេត្ត​ទាំងពីរ​រូប​ពី​តំណែង​ហើយ​។ ឯ​ការងារ​បន្ត គឺជា​ភារកិច្ច​របស់​អង្គភាព ប្រឆាំង​អំពើរ​ពុករលួយ និង​ក្រសួងមហាផ្ទៃ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ជាង ៦​ម៉ោង សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សិក្សា​ដក​មេបញ្ជាការ យោធា ខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប ពាក់ព័ន្ធ​ទៅនឹង​បញ្ហាដីធ្លី នាពេល​កន្លងមក​។​

​បញ្ហាដីធ្លី ដែល​សម្តេច​តេ​ជោ​បានលើកឡើង​នោះ ពាក់ព័ន្ធ​នឹង​មេបញ្ជាការ​យោធា ខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ បាន​ចូលរួម ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ ទាហាន និង​ប៉េអឹម ចុះ​អនុវត្ត​សាលដីកា នាំ​ឲ្យ​កើត​អំពើហិង្សា វាយ និង​បាញ់​លើ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

​ជម្លោះដីធ្លី ដែល​គេ​ដឹងថា ជាការ​រឹបអូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ ដើម្បី​ប្រគល់ជូន​ឧកញ៉ា​នៅ ខេត្ត​ព្រះសីហនុ​នោះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ យកមក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល ហើយ​បែងចែក​ដី​នោះ ឲ្យ​ពលរដ្ឋ​វិញ​។​

​ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ហើយ​បន្ត​ដល់​នីតិកាល​ទី​៦ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម ៥ ចំណុច សម្រាប់ មន្ត្រី​គ្រប់​ជាន់ថ្នាក់ អនុវត្ត រួមមាន​៖ ១-​ឆ្លុះកញ្ចក់ ២-​ងូតទឹក ៣-​ដុសក្អែល ៤-​ព្យាបាល និង​៥-​វះកាត់​។

​អស់​រយៈពេល ៦​ឆ្នាំ​មកហើយ គិត​ចាប់​តាំងពីដើម​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អនុវត្ត​នូវ​អភិក្រម ចំនួន ៤ សម្រាប់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ គឺ​១-​ឆ្លុះកញ្ចក់ ២-​ងូតទឹក ៣-​ដុសក្អែល និង​៤-​ព្យាបាល​។ ពោលគឺ​សម្តេច​តេ​ជោ តែងតែ​និយាយ​អប់រំ ជាមួយ មន្ត្រី​ខិលខូច ហើយ​ទុក​ឱកាស​ឲ្យ​កែខ្លួន ឈប់​ប្រព្រឹត្ត​កំហុសឆ្គង ដែល​បំពាន​ប្រយោជន៍ របស់​ប្រជាជន ជាពិសេស​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ ព្រោះថា នៅពេលនេះ​បើសិនជា​រាជ រដ្ឋាភិបាល បន្ត​អោបក្រសោប មន្ត្រី​ខិលខូច ដែល​មិន​ព្រម​កែខ្លួន​ទៀត​នោះទេ គឺ​ច្បាស់​ជា​ត្រូវ ប្រជាពលរដ្ឋ​ស្អប់ ដូច​ពាក្យ​ថា ត្រី​មួយ​ត្រក់ ស្អុយ​មួយ ស្អុយ​ទាំងអស់ ជាមិនខាន​។​

​ដូច្នេះ​ល្មម​ឆ្អែត​ល្មម​ឆ្អន់​ហើយ​មន្ត្រី​ខិលខូច ដែល​បាន​បំពាន​ប្រយោជន៍​ប្រជាជន​កន្លងមក ព្រោះថា ពេលនេះ ខ្លួន​ក៏មាន​បាន​ហើយ​ដែរ​។ គេ​នៅ​ចាំបាន​ថា សម្តេច​តេ​ជោ ប្រើប្រាស់​នូវ​អភិក្រម​ទី​៥ “​វះកាត់​” មិនមែន​តែ​លើ​អភិបាលរង​ខេត្ត​ព្រះសីហនុ ទាំងពីរ​រូបនេះ​ទេ ។ ថ្មី​នេះ ពោលគឺ​កាល ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ បាន​ក៏បាន​សម្រេច បញ្ចប់​មុខតំណែង និង​បណ្តេញ លោក​ឧ​ត្ត​ម​សេនីយ៍ គឹម រស្មី អតីត​មេបញ្ជាការ​ប៉េអឹម ខេត្តរតនគិរី ចេញពី​ក្របខណ្ឌ កងយោធពល​ខេមរភូមិន្ទ ដោយសារតែ​អតីត​ឧ​ត្ត​ម​សេនីយ៍​នេះ​បាន​សម្ញែង​បង្អួត​ជា​សាធារណៈ នូវ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់ខ្លួន ក្នុងខណៈដែល​លោក​ជា​មន្ត្រីរាជការ​ស៊ីប្រាក់ខែ​របស់ រាជរដ្ឋាភិបាល​។​

​សរុបទៅ វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​អនុវត្ត​អភិក្រម​ទី​៥ “​វះកាត់​” យក​គ្រាប់ ក្រួស និង​ខ្សាច់​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅមុខទៀត​បាន ហើយ​បើទោះបីជា​ខ្លា​ក៏ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏ត្រូវ​វាយ សូម្បីតែ​រុយ​ក៏ត្រូវ​វាយ អោយតែ​បំពាន​លើ​ផលប្រយោជន៍ ប្រជាជន នាពេលនេះ គឺជា​ស្នូល​ជួង ប្រាប់​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ មន្ត្រី​គ្រប់​ប្រភេទ​ដទៃទៀត ឲ្យ​ដកខ្លួន​ចេញពី​បទល្មើស និង​កែប្រែ​ឥរិយាបថ ព្រោះថា ជម្លោះដីធ្លី ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ មិនមែន​មាននៅ​តែ​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ទេ ហើយក៏​មិនមែន​មាន​ត្រឹមតែ​បទល្មើស​ជម្លោះ ដីធ្លី​មួយ​ដែរ​។

​ការបន្ត​ប្រព្រឹត្តល្មើស​របស់​មន្ត្រី​ខិលខូច គឺជា​ការបន្ត​បំផ្លាញ​សមិទ្ធផល​លើ​គ្រប់​វិស័យ ដែល​រាជ រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សមិទ្ធ​ផលរប​ស់ស​ម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល រួមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ បាន​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​៕ ដោយ​: ម៉េង​ឆៃ​

#