ដល់​ពេល​ប្រជាជន​ហុងកុង​បញ្ចប់​ការបំផ្លាញ​ខ្លួនឯង​

1061
ចែករម្លែក

​ហុងកុង បាន​ធ្វើជា​គំរូ​សំរាប់​ទីក្រុង​អាស៊ី​នានា​អស់​ពេល​ជា​យូរ​មក​ហើយ​។​ជាមួយ​នឹង​ភាព​ប្រកួតប្រជែង​ខ្ពស់​និង​ភាព​ប្រទាក់ក្រឡា​គ្នា​ល្អ វា​បាន​ដើរតួ​ជា​ស្ពាន​រវាង​ខាងកើត​និង​​ខាងលិច ដោយ​ធ្វើអោយ​វា​មាន​ឈ្មោះ​ក្រៅ​ថា «​ទីក្រុង​ពិភពលោក​របស់​អាស៊ី​»​។​

​តែ​ឋានៈ​នេះ​ឥឡូវ​ស្ថិតក្រោម​ការ​គំរាម ហើយ​វា​ជា​កំហុស​ផ្ទាល់​របស់​ហុងកុង​ខ្លួនឯង​តែ​ម្តង​។​

​អស់​ពេល​ប្រមាណ​២​ខែ​មកនេះ ហុងកុង​បាន​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​នៃ​ការតវ៉ា​ប្រឆាំង ដែល​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​មិន​ពេញចិត្ត​នឹង​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន​ដែល​​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិនដីគោក​ឬ​ម៉ា​កាវ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​រួមទាំង​អ្នកសង្កេតការណ៍​មកពី​ក្រៅ មើលឃើញ​ពង្រាងច្បាប់​ដែល​ត្រូវបាន​ព្យួរ​ចោល​ទៅហើយ​នេះ ជា​កិច្ចខិតខំ​លាក់​កំបាំង​មួយ​របស់​រដ្ឋាភិបាលកណ្តាល​ចិន​​ដើម្បី​បង្កើតឡើង​ឧបករណ៍​ច្បាប់​មួយ​សំរាប់​នាំ​សត្រូវ​របស់ខ្លួន​មក​នៅ​ក្រោយ​យុត្តាធិការ​របស់​ខ្លួន​។​

​ក្នុងន័យនេះ វា​ជា​រឿង​សម​ហេតុផល​ដែល​ថា​ពង្រាង​ច្បាប់​នេះ​នឹង​គំរាម​សិទ្ធិសេរីភាព​និង​ស្វ័យភាព​ហុងកុង​ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​ដែល​ត្រូវបាន​ព្រមព្រៀង​​ឡើង​ពេល​ហុងកុង​ត្រូវបាន​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​តែ​ហេតុផល​នេះ​ខុស​ទេ​។​

​កិច្ចព្រមព្រៀង​បត្យាប័ន​ជា​រឿង​ធម្មតា ដោយ​ហុងកុង​ខ្លួន​ង​ក៏មាន​កិច្ចព្រមព្រៀង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ប្រភពដើម​នៃ​ការប្រព្រឹត្ត​បទល្មើស​ជាមួយ​ប្រទេស​២០ ដូច្នេះ​ហុង​​កុង​ដែល​គ្រាន់តែ​ជា​ទឹកដី​មួយ​របស់​ចិន​រឿង​អី​មិន​អាច​ធ្វើកើត​។​

​រដ្ឋាភិបាល​ចិន​ដឹងថា វា​ជា​ផលប្រយោជន៍​របស់​ខ្លួន​ដើម្បី​ធានាថា ហុងកុង​នឹង​នៅតែ​ជា​ទីក្រុង​របស់​ពិភពលោក​ដែល​មាន​សន្តិភាព​និង​វិបុលភាព​មួយ ដោយ​ផ្សំ​ចូល​គ្នា​រវាង​ការ​​ប្រតិបត្តិ​ជំនួញ​បែប​ចិន​និង​លោក​ខាងលិច ប្រព័ន្ធ​និង​មនោគមន៍វិជ្ជា​របស់​រដ្ឋ​។​

​យល់​ឃើញ​ដូច្នេះ​ហើយ​បានជា​រដ្ឋាភិបាលកណ្តាល​ចិន​បាន​ផ្តល់​សម្បទាន​ជា​ច្រើន​ដល់​ហុងកុង​។​ប្រជាជន​នៃ​ក្រុង​នេះ​បង់ពន្ធ​តិច​បំផុត​ក្នុងចំណោម​ពលរដ្ឋ​ចិន មានន័យថា​ពួកគេ​​ចូលរួម​ចំណែក​តូច​ជាង​ចំពោះ​ផលប្រយោជន៍​សា​ធាណៈ​ក្នុង​កិច្ចការ​ទូត យោធា​និង​សន្តិសុខ​ជាតិ​។​

​តាមពិតទៅ ទោះជា​មាន​ច្បាប់​បត្យាប័ន​ឬ​អត់ ពួកគេ​នៅតែ​អាច​រីករាយ​នឹង​សេរីភាព​ច្រើន​បំផុត​និង​ស្វ័យភាព​។​តែ​ការ​មានប្រៀប​របស់​ពលរដ្ឋ​ហុងកុង​ឥឡូវ​ជួប​ហានិភ័យ មួយ​ភាគ​ធំ​ដោយសារ​អសន្តិសុខ​ផ្ទាល់​របស់​ខ្លួន​។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន បាន​ចង្អុល​ទៅរក​កំណើនសេដ្ឋកិច្ច​គួរអោយ​សរសើរ​និង​ការអភិវឌ្ឍន៍​របស់​ចិន​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ បានធ្វើអោយ​តំណែង​របស់​ហុងកុង​ជា​​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ភស្តុភា​និង​ពាណិជ្ជកម្ម​មួយ​នោះ កាន់តែ​អន់ថយ​ទៅ​។​

​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​បាន​ទទួលដោះស្រាយ​ពាណិជ្ជកម្ម​បរទេស​របស់​ចិន​ពាក់កណ្តាល និង​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​)​របស់​វា មាន​ស្មើ​ជិត​១​ភាគ​៥​នៃ​ផ​.​ស​.​ស​របស់​ចិន​។​វា​​ធ្វើ​បាន​ល្អ​ជាង​ក្រុង​សៀង​ហៃ ដែល​ជា​ទីក្រុង​មាន​និង​រីកចំរើន​បំផុត​របស់​ចិន បើ​និយាយ​អំពី ផ​.​ស​.​ស ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​និង​ទំហំ​នៃ​ការដឹកជញ្ជូន​ទំនិញ​កាត់​កំពង់ផែ​។​

​ឥឡូវ ហុងកុង​តំណាងអោយ​១​ភាគ​៨​នៃ​ពាណិជ្ជកម្ម​ចិន​។​បើ​និយាយ​អំពី ផ​.​ស​.​ស វា​ឥឡូវ​មិន​ត្រឹមតែ​នៅ​ពីក្រោយ​ក្រុង​សៀង​ហៃ តែ​នៅ​ក្រោយ​ក្រុង​ប៉េកាំង​និង​សិន​ចិន​ថែមទៀត​។​​បើ​និយាយ​អំពី​ការដឹកជញ្ជូន​ទំនិញ​តាម​នាវា ហុងកុង​ឥឡូវ​ត្រូវបាន​ទីក្រុង​ចិន​តូចៗ​វ៉ា​ដាច់​ថែម​ទៀត​។​

​ប្រជាជន​ហុងកុង កាន់តែ​រសាយចិត្ត​នឹង​សង្គម​ដោយសារ​វិសម​ភាពកើនឡើង​ក្នុង​ទីក្រុង ការ​ឡើងថ្លៃ​អចលនទ្រព្យ​ដែល​កាន់តែ​ធ្វើ​អោយ​ពិបាក​រក​កន្លែង​ស្នាក់នៅ​ហើយ​ជន​​ហុងកុង​វ័យក្មេងៗ​យល់ឃើញ​ថា​ខ្លួនឯង​ចាញ់​ប្រៀប​ក្នុង​ចំណាត់ថ្នាក់​អន្តរជាតិ ដោយសារ​ជំនាញ​ភាសា​អង់គ្លេស​និង​ចិន​កុក​ងឺ​មិន​គ្រប់គ្រាន់​។​

​តែ​វា​គឺ​នយោបាយ​មូលដ្ឋាន​ទេ មិនមែន​រដ្ឋាភិបាល​កណ្តាល​ចិន​ឯណា ដែល​បង្ក​បញ្ហា​ខាងលើ​រួម​ទាំង​ឱកាស​រក​ការងារ​ធ្វើ​។​តែបើ​និយាយ​ដល់​ឋានៈ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ហុងកុង​​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ចិន​គួរតែ​អាចជួយ​បាន ជាពិសេស ចង្កោម​ទីក្រុង​មហា​តំបន់​ឆកសមុទ្រ​(Greater Bay Area )​ដែល​គ្របដណ្តប់​ទីក្រុង​៩ ជុំវិញ​តំបន់​ដី​សណ្តរ​​ទន្លេ​គុជ នៅក្នុង​ខេត្ត​ក្វាង​ទុង បូក​រួម​ទាំង​ហុងកុង​និង​ម៉ា​កាវ ដែល​តំណាង​អោយ​សក្កា​នុព​ល​ធំធេង​ណាស់​។​

​តែ​អ្នក​ហុងកុង​ខ្លះ​ជំទាស់​នឹង​ការធ្វើសមាហរណកម្ម​ដូច្នេះ​ដោយ​ថា​វា​នឹង​រឹតតែ​ធ្វើអោយ​សឹក​រិល​ស្វ័យភាព​នយោបាយ កម្លាំង​សេដ្ឋកិច្ច​និង​អត្តសញ្ញាណ​ផ្ទាល់​របស់​គេ​។​

​បញ្ហា​គឺ​ថា​ហេតុ​អី​ទុក្ខសោក​របស់​ហុងកុង​ជំរុញ​អោយ​មាន​បាតុកម្ម​ធំៗ​ដូច្នេះ​។​ឧទាហរណ៍ បាតុកម្ម​កាលពី​ថ្ងៃ​១៦​មិថុនា បាន​ទាក់ទាញ​មនុស្ស​ជិត​២​លាន​នាក់ ជាហេតុ​ធ្វើអោយ​វា​​ជា​ការជួបជុំ​តវ៉ា​ធំ​បំផុត​ក្នង​ប្រវត្តិសាស្ត្រ​នៃ​ក្រុង​នេះ​។​

​នៅ​ដំណាក់កាល​នេះ ប្រជាជន​ហុងកុង​ត្រូវតែ​ធ្វើ​ការគិតគូរ​អោយ​មែនទែន​។​ជា​ផ្នែក​សំខាន់​មួយ​របស់​ចិន ហុងកុង​មាន​តួនាទី​ធំ​មួយ​ក្នុង​ការជំរុញ​សមាហរណកម្ម​សកល​និង​ការ​​បើក​ចំហ​ដែល​ចិន​កំពុង​ធ្វើ​។​បើ​បោះបង់​តួនាទី​នេះ រដ្ឋាភិបាលកណ្តាល​ចិន​នឹង​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​ទុក​ហុងកុង​ចោល​៕​ប្រែ​សម្រួល​និង​ដកស្រង់​ពី​CNA

ដោយ៖វាសនា

ចលនា​ក្រោម​បណ្តាល​ចាត់តាំង​ដែល​ជំរុញ​ដោយ​អារម្មណ៍​ពុះកញ្ជ្រោល​នៅ​ហុងកុង​កំពុង​វិវត្ត​ទៅ​រក​អំពើហិង្សា​