ដាក់គុក​បុរស​វៀតណាម​ចំពោះ​ការ​លួច​នាំ​អាវុធ​ពី​កម្ពុជា​

615
ចែករម្លែក

​បុរស​វៀតណាម​ម្នាក់​ត្រូវបាន​កាត់ទោស​ដាក់គុក​៦​ឆ្នាំ​ចំពោះ​បទល្មើស​ភេរវកម្ម​និង​មាន​អាវុធ ក្រោយពី​គាត់​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​ការ​លួច​នាំ​កាំភ្លើង​ពី​កម្ពុជា​ចូល​វៀតណាម​,​នេះ​បើ​តាម​មន្ត្រី​តុលាការ​បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា​។​

​ឡេ គួ​ក ប៊ិញ ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ខែសីហា​នៅក្នុង​ខេត្ត​ប៊ិញ​ឌិញ ក្នុងពេល​យួរ​កាំភ្លើង​វែង​៧​ដើម​និង​គ្រាប់​៥០០ ដែល​ខ្លួន​នាំ​ទៅ​ពី​កម្ពុជា ។​

​តុលាការ​មួយ​កាលពី​ថ្ងៃ​ចន្ទ បាន​កាត់ទោស​គាត់​អោយ​ជាប់គុក​១​ឆ្នាំ​ចំពោះ​ការ​មាន​ផែនការ​វាយប្រហារ​មួយ និង​៥​ឆ្នាំ​ទៀត​ចំពោះ​ការ​មាន​អាវុធ​។​យោងតាម​របាយការណ៍ ប៊ិញ​​បាន​ប្រើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដើម្បី​ចែករំលែ​កនិង​អួត​អំពី​ការប្រើ​អាវុធ​និង​អំពើហិង្សា​ប្រឆាំង​រដ្ឋ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​VNA​ផ្លូវការ​របស់​វៀតណាម បាន​និយាយ​ថា​ប៊ិញ​បាន​ធ្វើដំណើរ​មក​កម្ពុជា​ជាច្រើនលើក រវាង​ខែមិថុនា​និង​សីហា​ឆ្នាំ​២០១៨ ដើម្បី​រក​ទិញ​អាវុធ​។​

​សូមបញ្ជាក់​ថា អាវុធ​ពិបាក​រក​ទិញ​និង​បទល្មើស​ពាក់ព័ន្ធ​ភេរវកម្ម​ក៏​កម្រ​កើតមាន​នៅក្នុង​រដ្ឋ​មាន​បក្ស​តែ​មួយ​នេះ​។​មនុស្ស​៧​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ឆ្នាំមុន រួមមាន​៣​ករណី​ពាក់ព័ន្ធ​ភេរវកម្ម ដោយសារ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​ប៉ូលិស​មួយ​នៅ​ក្រុង​ហូជីមិញ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ការតវ៉ា​ទូទៅ​ប្រឆាំង​ច្បាប់​វិនិយោគ ដែល​បាន​ធ្វើអោយ​​កក្រើក​ប្រទេស​។​

​កាលពី​ឆ្នាំ​១០១៧ មនុស្ស​១៥​នាក់​ក៏​ត្រូវបាន​កាត់ទោស​ដាក់​គុក​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ភ្លើង​តែ​មិនបាន​សំរេច​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​ហូជីមិញ​៕​ប្រែ​សម្រួល​៖​វាសនា​

ឡេ គួ​ក ប៊ិញ ក្នុង​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​