ដាក់គុក​អ្នកយកព័ត៌មាន​វៀតណាម​៣​ឆ្នាំ​ចំពោះ​ជំរិត​ទារប្រាក់​ពី​មន្ត្រី​

1862

អតីតអ្នកកាសែតវៀតណាមម្នាក់ត្រូវបានតុលាការខេត្ត យេន បាយ កាត់ទោសដាក់គុក៣ឆ្នាំកាលពីថ្ងៃសុក្រទី២០មេសា ចំពោះគំរាមជំរិតទារប្រាក់ពីមន្រ្តីខេត្តកំពូលម្នាក់។

Le Duy Phong អាយុ៣៣ឆ្នាំ អតីតអ្នកយកព័ត៌មានជាន់ខ្ពស់របស់កាសែត Giao duc Vietnam (សិក្សាអប់រំវៀតណាម)ត្រូវបានចោទប្រកាន់ថាទាមទារប្រាក់២០០លានដុង(៨.៨០០ដុល្លារ)ពីមន្រ្តីម្នាក់ជាថ្នូរមិនផ្សាយព័ត៌មានអំពីវីឡារបស់មន្រ្តីនេះកាលពីឆ្នាំមុន។

ការស៊ើបអង្កេតបានរកឃើញថា Phongបានបញ្ជូនអ្នកយកព័ត៌មានម្នាក់ទៅខេត្តយេន បាយ ដើម្បីសាកសួរបញ្ជាក់អំពីប្រភពនៃអចលនទ្រព្យខ្លះរបស់ពួកមន្រ្តីមូលដ្ឋាន។

នៅខែមិថុនា ឆ្នាំ២០១៧ Phong បានប្រាប់Vu Xuan Sang ប្រធាននាយកដ្ឋានផែនការនិងវិនិយោគប្រចាំខេត្តយេន បាយ ថាខ្លួនកំពុងស៊ើបអង្កេតគាត់និងបានសុំជួប។ពួកគេបានជួបគ្នានៅថ្ងៃបន្ទាប់នៅការិយាល័យរបស់Sangនិងបានពិភាក្សាអំពីរឿងអាស្រូវវីឡាមួយទៀតពាក់ព័ន្ធនឹងមន្រ្តីខេត្តឈ្មោះPham Sy Quyដែលត្រូវបានសារព័ត៌មានចុះផ្សាយបង្កការចាប់អារម្មណ៍នៅគ្រានោះ។

ការស៊ើបអង្កេតរបស់រដ្ឋាភិបាលនាំដល់ការបណ្តេញលោកQuyពីមុខតំណែង ប្រធាននាយកដ្ឋានបរិស្ថាននិងប្រភពធនធានធម្មជាតិរបស់ខេត្តដោយសារតែគាត់សង់ផ្ទះវីឡា មានទាំងអាងហែលទឹកនៅលើដីព្រៃបំរុងរបស់រដ្ឋ។

Phong បានប្រាប់ Sang ថារឿងអាស្រូវរបស់ Quy ត្រូវបានទម្លាយដោយសារតែមិនចេះដោះស្រាយដោយវៃឆ្លាត។គាត់បានទាមទារប្រាក់២០០លានដុងដើម្បីបំបិទរឿងវីឡារបស់ប្រធាននាយកដ្ឋានវិនិយោគរូបនេះ។លោក Sangបានព្រមព្រៀង ហើយPhongក៏បញ្ជាទៅកូនចៅគាត់អោយឈប់សួរនាំរឿងវីឡានេះក្នុងពេលជាមួយគ្នា។តែSang បន្ទាប់មកក៏បានរាយការណ៍អំពីការដោះដូរនេះទៅប៉ូលិសខេត្ត។

នៅប៉ុន្មានថ្ងៃក្រោយមក ប៉ូលិសបានតាមដានPhong និងឃើញគាត់កំពុងទទួលទានអាហារជាមួយអ្នករកស៊ីម្នាក់និងបានគំរាមទម្លាយរឿងរបស់អ្នកជំនួញនោះទៀត។បុរសនោះប្រុងជូនប្រាក់៥០លានដុងដល់Phong តែប៉ូលិសបានចូលទៅដល់និងចាប់ឃាត់ខ្លួនជាមួយនឹងប្រាក់សំណូកស្រស់ៗតែម្តង៕ដោយ:វាសនា

 

 

Le Duy Phong ក្នុង សវនាការ នៅ ខេត្ត យេន បាយ កាលពី ថ្ងៃ ២០ មេសា ឆ្នាំ ២០១៨