ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លាងលុយកខ្វក់​ឱ្យបាន​ខ្លាំងក្លា​, ខណៈដែល​កម្ពុជា​ត្រូវគេ​ចាត់ទុកថា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​

456
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
ភ្នំពេញ​:
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានដាក់​បញ្ជា​ដល់​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​ទាំងអស់ ទាំង​រាជធានី ខេត្ត ត្រូវខិតខំ​បង្ក្រាប​បទល្មើស​លាងលុយកខ្វក់​ឱ្យបាន​ខ្លាំងក្លា ខណៈ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ពណ៌​ប្រផេះ​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ​។​

​ការដាក់​បទបញ្ជា​បែបនេះ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​ក្នុង​ត្រូវបាន​ប្រកាស លោកប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដោយមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៧​រូប​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀតថា​៖​កន្លងមក​ថ្មីៗ​នេះ កម្ពុជា​ធ្លាប់បាន​បង្ក្រាប​ជា​បន្ដបន្ទាប់ នូវ​ការ​នាំចូល​លុយ​ដ៏​ច្រើន​លើសលុប នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ផងដែរ​។ សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ដូច្នេះ​ថា «​រឿង​លាង​លុយ ឥឡូវនេះ​កម្ពុជា​ត្រូវគេ​ចាត់ទុកថា ជា​ប្រទេស​ប្រផេះ ចឹ​ង​គេ​ឃ្លាំមើល ព្រោះ​មួយ​ជំហាន​ទៀត​វា​នឹង​ទៅ​ខ្មៅ បើសិនណា​យើង​មិន​យកចិត្តទុកដាក់​។ សម្ដេច​ក្រឡាហោម​យល់ថា អ្នក​ឃុបឃិត​រកស៊ី​រឿងនេះ បាន​មានតែ​មនុស្ស​មួយក្រុម​ទេ ប៉ុន្ដែ​បើ​ងាប់ គឺ​ងាប់​ប្រទេស​និង​ប្រជាជាតិ​។ បើ​ថ្ងៃ​ណាមួយ​គេ​ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​ខ្មៅ​លាង​លុយ​ចប់ ដែល​ប្រឈម​នឹង​ការលំបាក​»​។​

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ប្រសិនបើ ស្រាវជ្រាវ​រកឃើញ​មាន​បទល្មើស​នេះ ត្រូវ​រាយការណ៍​ភ្លាម​ទៅ​សម្ដេច​ផ្ទាល់ ដើម្បី​មាន​វិធានការ​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​ជាក់ស្ដែង​តែម្តង​។ សម្ដេច​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏បាន​ក្រើនរំលឹក​ផងដែរ​ថា​៖ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ គឺ​ពិត​ជាមាន​ល្បិច​ខ្ពស់​ណាស់ ដូច្នេះហើយ​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ ពិសេស អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ករណីនេះ​។​

​អ្នក​រិះគន់​និយាយថា​៖​កន្លងមក​គេ​តែងតែ​ឃើញ​សមត្ថកិច្ច​មួយចំនួន​យក​រថយន្ត​ហ្សី​រ៉ែ​ន​បើកផ្លូវ​នាំមុខ​រថយន្ត​ទំនើបៗ​ម៉ាក​រ៉​យ​រ៉​យ ម៉ែ​ក​សឺ​ដេ​ស ឡិច​ស៊ី​ស​ពាក់​លេខ​សុទ្ធតែ​ការ៉េ​ថែមទៀត​អ្នកជិះ​សុទ្ធតែ​ជនជាតិ​ចិន​៕ ល​

#