ដាក់ផែនការបន្ថែមជុំវិញការរៀបចំសណ្តាប់ធ្នាប់និងកិច្ចការពារសន្តិសុខសុវត្ថិភាព,ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

186
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការបន្ថែមជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺការទប់ស្កាត់អោយបាននូវបទល្មើសផ្សេងក្នុងឱកាសបុណ្យនេះ ដើម្បីបង្កភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានានិងទៅស្រុកកំណើត។

ការដាក់ចេញវិធានការបន្ថែមនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ កញ្ញា ២០១៩នៅសាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងជារៀងរាល់ខែដើម្បីពង្រឹងសន្តិសុខការរៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អនៅក្នុងរាជធានីភ្នំពេញ ។ដោយឡែក សម្រាប់ខែនេះគឺជាខែដែលបងប្អូនប្រជាពលរដ្ឋបាននិងកំពុងប្រារព្ធនូវពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ កងកម្លាំងប្រដាប់អាវុធទាំង២ភេទ អាជ្ញាធរដែនដី កំលាំងពាក់ព័ន្ធទាំងអស់ត្រូវតែពង្រឹងបន្ថែមនូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅវត្តអារាមក៏ដូចជាចាកចេញពីផ្ទះទៅកាន់បណ្ដាខេត្តនានា និងចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតរបស់ពួកគាត់។ ដូច្នេះទេយើងត្រូវការពារភូមិឋានលំនៅឋានរបស់ពួកគាត់ ពិសេស លើបទល្មើសចោលកម្ម លួច ឆក់ ប្លន់ជាដើម។

លោកអភិបាល បានបញ្ជាក់ផងដែរថា កន្លងមកនេះឃើញថា ការអនុវត្តការងារ ពិសេសការទប់ស្កាត់នូវបទល្មើសផ្សេងៗ ឃើញថា មានលក្ខណៈល្អប្រសើរហើយ តែយើងមិនត្រូវបន្ធូដៃទេ គឺត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។

ក្នុងនោះ លោកឧត្ដមសេនីយ៍ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ក្នុងរយៈពេល៤ខែនេះបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៦៨លើក លើ ៦៩លើក មានន័យថា បានថយចុះមួយលើក យើងបង្ក្រាបបាន ៦៤ករណី ហើយបទល្មើសដែលយើងផ្ដោតសំខាន់នោះគឺ បទល្មើសលួច ឆក់ ប្លន់ ពិសេសបទល្មើសវាយយកម៉ូតូ ដែលតែងតែកើតមានឡើង នៅតាមមូលដ្ឋានខណ្ឌចំនួនបី ខ្លាំងក្លាជាងគេនោះគឺ នៅខណ្ឌដង្កោ ខណ្ឌពោធិ៍ សែនជ័យនិងខណ្ឌសែនសុខ។

លោក ស ថេត ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះយើងបានដាក់កម្លាំងសមត្ថកិច្ចប៉ូលីសរហូតដល់ ២៣៥១នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមវត្តអារាមចំនួន១៤៩វត្ត និងនៅកន្លែងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាការពារសន្តិសុខជូនប្រជាពលរដ្ឋដែលពួកគាត់ត្រូវធ្វើដំណើរទៅវត្តអារាមដើម្បីធ្វើបុណ្យ ក៏ដូចជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅតាមស្រុកកំណើត ។ ដោយឡែកការសម្រួលចរាចរណ៍ផ្លូវគោក ក៏យើងបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនផងដែរ បើទោះបីនៅពេលមេឃកំពុងភ្លៀងធ្លាក់ ពេលយប់ ថ្ងៃយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចរបស់យើងនៅតែឈរជើងនៅតាមគោលដៅរបស់ខ្លួន ដើម្បីសម្រូលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះ បញ្ហាគ្រោះអគ្គីភ័យ ក៏ដូចជាបញ្ហាគ្រឿងញៀន ក៏ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរដើម្បីមានវិធានការយ៉ាងណាបង្ការនិងទប់ស្កាត់កុំឲ្យកើតឡើង នូវគ្រោះអគ្គិភ័យ ខណៈដែលគ្រោះមហន្តរាយនេះនៅតែកើតមាន ។ចំណែកបញ្ហាគ្រឿងញៀនគឺជាបញ្ហាប្រឈមមួយ ដែលតម្រូវឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់ត្រូវរួមសហការគ្នាដើម្បីទប់ស្កាត់។ ពិសេសអនុវត្តអោយបានទៅតាមការណែនាំរបស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់នូវគ្រឿងញៀននៅតាមបណ្តាក្លឹបកំសាន្តផ្សេងៗនៅក្នុងរាជធានីភ្នំពេញ៕B/