ដាក់ពង្រាយ​កម្លាំង​ចំនួន​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យ​អ៊ុំ ទូក​ឆ្នាំនេះ​

517
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អ​
​ប្រសើរ​ក្នុងឱកាស​បុណ្យ​អុំ ទូក អកអំបុក បណ្តែតប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ កម្លាំង​មាន​សមត្ថកិច្ច​នឹងដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់ ។​
នេះ​បើ​យោងតាម​ផែនការ ការពារ​ដែល​លើក ឡើង​ដោយ លោក មាន​ចាន់ យ៉ា​ដា​អភិបាលរង​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ អភិបាលខណឌ​ទាំង​១២​និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​មួយចំនួន​ទៀត ។​
លោក មាន​ចាន់ យ៉ា​ដា​បាន​ឲ្យ​ដឹងថា បុណ្យ​អ៊ំ​ទូក​ឆ្នាំនេះ​និង​ប្រើ​កម្លាំង​សរុប​ចំនួន​១២៧៥៤​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​កម្លាំង​របស់ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​៨៦២៥​នាក់ ដោយ​ឈ​ជើង នៅតាម​តំបន់​សំខាន់ៗ​ចំនួន ៣​គឺ តំបន់​A,B,C និង​ចែកជា​គោលដៅ​តូចៗ​ផងដែរ ។​
លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​ឆ្នាំនេះ​ទៀប​ជាង​ឆ្នាំទៅ​រហូតដល់​១​ម៉ែត្រ ហើយ​ល្បឿន​ទឹក​ក៏​ហូរ​យឺត​ជាង​ឆ្នាំទៅ​ផងដែរ​។ ដោយឡែក​សម្រាប់​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​មាន​ចំនួន​២៩៨​ទូក ខណៈដែល​ឆ្នាំ​២០១៧​មាន​ទូក ង​ត្រឹមតែ​២៧០​ទូក និង មា​នទី​ឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំនេះ​មាន​ចំនួន​១៥ លើសពី​ឆ្នាំទៅ​ផងដែរ​។​
លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ជា​បញ្ហា​ចំបង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​
​យកចិត្តទុកដាក់ ដូច្នេះ លោក​ជម្រុញ​អោយ​អភិបាលខណ្ឌ​ដូនពេញ​និង​ខណ្ឌចំការមន​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ។ លោក​បន្តថា បញ្ហា​សណ្តាប់ធ្នាប់​នេះ បើ​មនុស្ស​១០០​នាក់ ធ្វើអោយប៉ះពាល់​ផលប្រយោជន៍ មនុស្ស​១​លាន​នាក់ យើង​ត្រូវធ្វើ​ដើម្បី​ប្រយោជន៍​មនុស្ស​១​លាន​នាក់​នោះ​ហើយ​។​ចំណែក ការគ្រប់គ្រង​អ្នកលក់ដូរ និង​ការបើក​កន្លែង​ផ្ញើរ​ម៉ូតូ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជម្រុញអោយមាន​ការពិនិត្យ​អោយបាន​ម៉ត់ចត់​ផងដែរ មិនអាច​អោយមាន​ការ​តំឡើងថ្លៃ​ស្រេច​តែ​ចិត្ត​នោះទេ​៕