ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប័ណ្ណ​ឥណ​ពន្ធ​ដែល​អាច​ប្រើ​ជាង​៣០​លាន​ទីតាំង​ក្នុង​ពិភពលោក​

480
ចែករម្លែក
  • 181
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន JCB International Co., Ltd. (JCBI)​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​JCBCo.,Ltd​បានប្រកាស​ជា​សាធារណៈ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប័ណ្ណ​ឥណ​ពន្ធ អេស៊ីលីដា​ជេ​ស៊ី​ប៊ី (ACLEDA JCB Debit Card)​នៅ​ប្រទេស​កម្ពុជា​។​

​ពិធី​ប្រកាស​ឱ្យប្រើ​ប្រាស់​ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​ជេ​ស៊ី​ប៊ី​នេះ​បាន​ត្រូវធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​លោក​បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​ភីអិលស៊ី​និង​លោក Kimihisa Imada អគ្គនាយក​និង​ជា​ប្រធាន​ប្រតិបត្តិការ​របស់​JCBI​រាជធានី​ភ្នំពេញ ។​

​ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​JCB​ផ្តល់ជូន​អតិថិជន​នូវ​មុខងារ​ឌីជីថល​ជាច្រើន​ដែល​អាច​ឲ្យ​អតិថិជន​មាន​ជម្រើស​ក្នុងការ​ទូទាត់​ប្រាក់​ដុល្លារ​អេស៊ីលីដា​និង​ជេ​ស៊ី​ប៊ី​និង​ប្រាក់រៀល​អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ​។​អតិថិជន​ដែលជា​ម្ចាស់​ប័ណ្ណ​ឥណ្ណ​ពន្ធ​អេស៊ីលីដា​JCB​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​ប័ណ្ណ​នៅតាម​បណ្តាញ​ភ្នាក់ងារ​ទូទាត់​JCB​ប្រមាណ​៣០​លាន​ទីតាំង​ទូទាំង​សកលលោក​នោះទេ​។​តែ​ថែមទាំង​អាចធ្វើ​ប្រតិបត្តិ​ការដែល​JCB​បានផ្តល់​សិទ្ធិ​និង​បញ្ចុះតម្លៃ​នៅតាម​ភោជនីយដ្ឋាន​និង​បណ្តា​ហាង​ទំនិញ​នានា​នៅក្នុង​សកលលោក​ទៀតផង​។​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងថា​៖ «​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន​JCBI​លំដាប់​ពិភពលោក​ខាង​ផ្នែក​សេវាកម្ម​ទូទាត់​មាន​គុណភាព​ខ្ពស់​លំដាប់​អន្តរជាតិ​មាន​ទីតាំងនៅ​ប្រទេស​ជប៉ុន​បានជ្រើសរើស​យក​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​សហប្រតិបត្តិការ​បម្រើសេវា​កម្ម​ទូទាត់ »​។​

លោក​បណ្ឌិត​បាន​មានប្រសាសន៍​បញ្ជាក់ថា​«​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​អតិថិជន​សមាជិក​ប័ណ្ណ​និង​ភា្ន​ក់​ងារ​ទូទាត់​របស់​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី​និង​JCBI​អាច​ពង្រីក​ប្រតិបត្តិ​ការទូទាត់​ជា​សកល​នៅតាម​បណ្តាញ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​JCBI​ជាង​៣០​លាន​ទីតាំង​និង​ទីតាំង​សម្រាប់​ការធ្វើ​ប្រតិបត្តិ​ការដក​ប្រាក់​បុរេប្រទាន​ជាង​១​លាន​កន្លែង​នៅក្នុង​សកលលោក​។​

​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​សមាជិក​ប័ណ្ណ​អេ​ធី​អឹម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ទទួលបាន​ប័ណ្ណ​សហ​និមិត្តសញ្ញា​រវាង​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​JCBI​តាម​ការស្នើសុំ​(​ប័ណ្ណ​សហ​និមិត្តសញ្ញា​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​យ៉ាង​សម្បូរបែប​)​។​

ម្យ៉ាងវិញទៀត​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​នៅក្នុង​និង​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​សម្រួល​ដល់​សមាជិក​ប័ណ្ណ​និង​ភ្នាក់ងារ​ទូទាត់​របស់​ធ​នាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​JCBI​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​យ៉ាង​សម្បូរបែប​ធ្វើ​ប្រតិបត្តិ​ការទូទាត់​នៅលើ​សកលលោក​នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​តាម​តម្រូវការ​» ។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​លើកឡើងថា​៖«​បណ្ណ​ឥណ​ពន្ធ​នេះ​ហាក់​មាន​ប្រជាប្រិយ​ខ្លាំង​ដោយ​គ្រាន់តែ​ចាប់ផ្តើម​មាន​អ្នកស្នើសុំ​ប្រមាណ​២​ម៉ឺន​នាក់​រួចទៅហើយ »​។​លោក​បណ្ឌិត​បាន​បន្តថា​៖ បានជា​អេស៊ីលីដា ជ្រើស​រើសយក​JCB​ជា​ដៃគូ ព្រោះ​JCB ជា​ក្រុមហ៊ុន​ធំ​ល្បីល្បាញ​លំដាប់​ពិភពលោក​និង​មាន​បណ្តាញ​ទូទាំង​ពិភពលោក​ជាង​៣១​លាន​ទីតាំង​។​អេស៊ីលីដា​ជា​ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​និង​មាន​បណ្តាញ​ធំ​តែ​នៅក្នុង​ពិភពលោក​យើង​មិនមែនជា​ធនាគារ​ធំ​ទេ ។​

ក្នុងនាម​ជា​ធនាគារ​ដែលមាន​ចរិត​បម្រើប្រជាជន​យើង​ចង់ឱ្យ​អតិថិជន​ល្អ​របស់​យើង​ប្រើ​សេវាកម្ម​ធនាគារ​អេស៊ីលីដា​ក្នុង​មធ្យោបាយ​ទូទាត់​អាច​ទូទាត់​បានជា​លក្ខណៈ​សក​ល​ទូទាំង​ពិភពលោក​»​។​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​បន្ត​ឱ្យដឹងថា​៖«​សព្វថ្ងៃ​អេស៊ីលីដា​មាន​បណ្ណ​ឥណ​ពន្ធ​ជាង​១​លា​នប​ណ្ណហើយ​ដាក់ឱ្យ​ប្រើប្រាស់​សព្វថ្ងៃ​តែ​ការទូទាត់​នេះ​មាននៅ​ក្នុងប្រទេស​កម្ពុជា​និង​មាន​បណ្ណ​ខ្លះទៀត​ជាមួយ​ដៃគូ​នានា​ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ​តែ​យើង​ចង់​បើកទូលាយ​ឱ្យមាន​ដៃគូ​ចម្រុះ​ដើម្បីឱ្យ​អតិថិជន​មានការ​ងាយស្រួល​ក្នុងការ​ជ្រើសរើស​លើ​ការទូទាត់​នេះ​»​។​

​លោក​គីមី​ហ៊ី​សា​អ៊ី​ម៉ា​ដា​អគ្គនាយក​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិការ​របស់​JCBI​បាន​មានប្រសាសន៍ថា​៖​ក្រុមហ៊ុន JCB International Co., Ltd (JCBI)​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ធនា គារ​អេស៊ីលីដា ភីអិលស៊ី​ដែលជា​ធនាគារ​ឈាន​មុខធំ​បំផុត​ក្នុងប្រទេស​កម្ពុជា​បានក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​JCB​ក្នុងការ​បម្រើសេវា​ប័ណ្ណ​ឥណ​ពន្ធ​ដល់​អតិថិជន​របស់​ស្ថាប័ន​ទាំងពីរ​និង​សាធារណជន​ទូទាំង​ពិភពលោក​។​ខ្ញុំបាទ​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់ឱកាស​ជាច្រើន​បន្ថែមទៀត ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​និង​JCBI​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា​ដែល​នេះ​ជាការ​បង្ហាញ​ពី​សក្តានុពល​ខ្ពស់​នា​ថ្ងៃ​អនាគត ខណៈ​សេដ្ឋកិច្ច​កំពុង​បោះជំហាន​លូតលាស់​យ៉ាង​រលូន »​។​

​លោក​អគ្គនាយក​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិការ​របស់​JCBI​បានឱ្យដឹងថាៈ​«​ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​ជេ​ស៊ី​ប៊ី​អាច​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​លើ​៣១​លាន​ទីតាំង​។​នៅ​តំបន់​អាស៊ី​មាន​៣.០០០​កន្លែង​ដែលមាន​ការបញ្ចុះ​តម្លៃ​ពិសេស​២០​ទៅ​៣០​ភាគរយ​និង​មាន​ជាង​១០០០​កន្លែង​នៅ​ទី​ជប៉ុន​សម្រាប់​កន្លែង​ដែលមាន​ស្លាក​សញ្ញា​អេស៊ីលីដា​ជេ​ស៊ី​ប៊ី »​។

​សូមជម្រាបថា​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ​គឺ​អេស៊ីលីដា​ស៊ី​ឃ្យួ​រី​ធី​ភីអិលស៊ី​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​ប្រូ​ភើ​ធី​អិ​ល​ធី​ឌី​ធនាគារ​អេស៊ីលីដា​ឡាវ​លី​មិ​ត​ធី​ត​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អេស៊ីលីដា​មី​យ៉ាន់​ម៉ា​និង​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។

ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក​សមតុល្យ​ឥណទាន​សរុប​ចំនួន​៣,៦៣​ពាន់​លាន​ដុល្លារ​អាមេរិក​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​៣,៨៤​ពាន់​លាន​អាម៉េរិក​និង​មាន​អតិថិជន​ប្រមាណ​ជាង​២.៥​លាន​នាក់​គិត​ត្រឹម​ដំណាច់​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​

​ចំណែក​ក្រុមហ៊ុន​JCB​ជា​ក្រុមហ៊ុន​ដែលមាន​យីហោ​សេវាកម្ម​ទូទាត់​លំដាប់ថ្នាក់​ពិភពលោក​និង​ជា​អ្នកចេញ​និង​ទទួល​ប័ណ្ណឥណទាន​ឈានមុខ​គេ​នៅ​ប្រទេស​ជប៉ុន​។​JCB​បានចាប់ផ្តើម​ប្រតិបត្តិការ​សេវា​ប័ណ្ណ​JCB​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ឆ្នាំ​១៩៦១​និង​បាន​ពង្រីក​ប្រតិបត្តិការ​នៅក្រៅ​ប្រទេស​ន​ឆ្នាំ​១៩៨១៕S/

ចំណងជើង​រូ​បថ​តៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ក្រុមហ៊ុន​JCBInternational​បានប្រកាស​ជា​សាធារណៈ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​ជេ​ស៊ី​ប៊ី​(ACLEDAJCBDebitCard)​នៅ​ប្រទេស​កម្ពុជា​(​រូបៈ​សុផល​)