ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង​

576

(​ភ្នំពេញ​)៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សេចក្តីជូនដំណឹង ស្តីពី​ការឱ្យ​ប្រើប្រាស់ បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និង​បងប្អូន​កម្មករ កម្មការិនី​។​
​ ​
​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​នឹងដាក់​ឱ្យប្រើ​ប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក នៅលើ​រថយន្ត ក្រុង​ចាប់ ពីថ្ងៃ​ទី​២៦​ខែធ្នូ ឆ្នាំ​២០១៧ តទៅ​។ ទន្ទឹមនឹងនេះ​ដើម្បី​អាច​ប្រើប្រាស់ ការទូទាត់​ប្រាក់​តាម ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​បងប្អូន ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និង​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់ ដែល​ប្រើប្រាស់ សេវា​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង ទាំងអស់ ទាំង​អ្នកជិះ​បង់ប្រាក់ និង​មិន​បង់ប្រាក់ មក បំពេញបែបបទ​ទទួល​យក​កាត (NFC) នៅតាម​ទីតាំង​ស្ថានីយ ចំណតរថយន្ត ក្រុង​របស់​រដ្ឋាករ​។
​ ​
​គួរ​បញ្ជាក់ថា​ម៉ាស៊ីន​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅលើ​រថយន្តក្រុង មាន នៅ​ស្ថានីយ​ចំណត​កោះ​ពេជ្រ , ផ្សារ​អ៊ី​អន​២ ,​សួន​ឬ​ស្សី​កែវ , គីឡូម៉ែត្រ​លេខ ៩, តំបន់ សេដ្ឋកិច្ច​ពិសេស​,​ច្បារអំពៅ​,​បុរី​សន្តិភាព​២,​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា និង​ស្ថានីយ​ចំណត បឹង​ឈូក រៀងរាល់​ម៉ោង​ធ្វើការ ព្រឹក​ចាប់ពី​ម៉ោង ៧:៣០​នាទី​ដល់​ម៉ោង ៥:៣០​ល្ងាច​៕​ដោយ​:​រ៉ា​ម៉ន​/sn​