ដាក់​គ្រឿងចក្រ​កាយ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​បើ​មុខទឹក​ចុះទៅ​ស្ថានីយ៍​បូមទឹក​ទី​៩​ស្វាយប៉ាក​កាត់បន្ថយ​ការលិចលង់​ភាគ​ខាងជើង​ភ្នំពេញ​

1082
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​ជាបន្ទាន់​ដល់​អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ​សហការ​ជាមួយ​មន្ទីរ​ធន់​ធាន​ទឹក​និង​ឧ​ត្តុ​និយម​រាជធានី​ភ្នំពេញ​ដាក់​គ្រឿងចក្រ​កាយ​ស្ដារ​ពង្រីក​ប្រឡាយ​មេ​មួយ​ខ្សែ​បើ​មុខទឹក​បង្ហូរ​ចុះទៅ​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ស្វាយប៉ាក​ក្នុង​សង្កាត់​ស្វាយប៉ាក​ទម្លាក​ចូល​ទន្លេ​ដើម្បី​កាត់បន្ថយ​ការលិចលង់​ភាគ​ខាងជើង​ភ្នំពេញ​ដែលជា​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង វា​ជា​កង្វល់​ដ៏​ធំ​មួយ របស់​អាជ្ញាធរ​រាជធានី​។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ បានបញ្ជាក់​នៅ​ថ្ងៃទី​២៩​មិថុនា​នេះ​ថា​តាម​បញ្ជារ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រ​យោះ​ពេល​៣​ថ្ងៃ​ហើយ​រដ្ឋបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​រាជធានី​ភ្នំពេញ ចុះ​ស្ដារ​ប្រឡាយ​មេ​ស្វាយប៉ាក​មួយ​ខ្សែ​បើ​មុខទឹក​បង្ហូរ​ចុះទៅ​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ស្វាយប៉ាក​ប្រមាណ​ប្រវែង​២ គី​ទ្បូ​មែត្រ ដែលមាន​ទំហំ​៦​មែត្រ ដោយ​ចាប់ពី​ផ្លូវជាតិ​៥ ដល់​មុខ​ហ្គ្រែ​ន​ភ្នំពេញ ដើម្បី​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​។​
​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា​នេះ គឺ​ក្រោយ​បញ្ចប់​កម្មវិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ឲ្យ​មាន​សេចក្តីសុខ​តាមបែប​សាសនា ក្នុង​ដំណើរការ​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះទៅ​ពិនិត្យមើល​ស្ថានីយ​បូមទឹក​កប់​ស្រូវ និង​បន្តដំណើរ​មក​មើល​សកម្មភាព​ជីក ស្តារ កាយ​ប្រឡាយ​មេ​មួយ​ខ្សែ នៅក្នុង​សង្កាត់​ស្វាយ​ប៉ា​ខណ្ឌឫស្សីកែវ ។​
​ក្នុងឱកាស​នោះ​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​ផែនការ​ជា​អត្ថិភាព ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ចុះ​ធ្វើ​កិច្ចការងារ​នេះ​សំដៅ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​លិចលង់​នេះ​ឲ្យ​បាន​ប្រសើរឡើង​។​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​ទឹកភ្លៀង​បាន​ធ្លាក់​យ៉ាងគំហុក បានធ្វើ​ឲ្យ​តំបន់​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ទទួលរង​ការលិចលង់ ។ ក្នុងស្ថានភាព​បែបនេះ​លោក​ឃួ​ង ស្រេង បានដាក់​ចេញ​ជា​ផែនការ ដោយ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ​ចុះ​ផ្ទាល់ ដើម្បី​កាយ​ប្រឡាយ​បើ​មុខទឹក​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ និង​អាជ្ញាធរ​ខណ្ឌ​ដាក់​បន្ថែម​គ្រឿងចក្រ សំដៅ​ធ្វើយ៉ាងណា ដោះស្រាយ​ការងារ​នេះ ឲ្យ​បាន​លឿន​និង​ទាន់ពេលវេលា​។​
​ទាក់ទិន​ការងារ​កាយ​ស្ដារ​ប្រឡាយ​មេ​ខាងលើនេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ការកាយ​ប្រឡាយ​មេ​ស្វាយប៉ាក​មួយ​ខ្សែ​បើ​មុខទឹក​បង្ហូរ​ចុះទៅ​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ស្វាយប៉ាក​ដើម្បី​បូម​ចេញ​ទម្លាក់​ចូល​ទន្លេ​ហើយ​ក្នុងនោះ​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​ក៏បាន​ដំណើរការ​បូមទឹក​ចេញ​ក្រៅ​ក្រុង​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាព​ខាងជើង​រាជធានី​ភ្នំពេញ​៕