ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​បេតុង​ចូល​វត្ត​កំពង់​ក្ដុល​នៅក្នុង​សង្កាត់​សាក់​សំពៅ​, ក្រោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ​បាក់​

566
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ដាក់​គ្រឿងចក្រ​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិតនៅតាម​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​ទទួលរង​ដោយ​ទឹកជំនន់ ស្ទឹង​ព្រែក ត្នោត​ហូរ​ច្រោះ បាក់ស្រុត​ធ្ងន់ធ្ងរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​បាននិងកំពុង​ស្ថាបនា​ឡើងវិញ​ហើយ ក្រោយពី​មានការ​ណែនាំ​ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​ចុះ​ពិនិត្យមើល​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ២០១៨​នេះ​។​
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ បន្ទាប់ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ចូល​វត្ត​រន​តៈ​តេ​ជៈ ហៅ​វត្ត​កំពង់​ក្ដុល ស្ថិតនៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​រងទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ បាក់ស្រុត​ធ្ងន់ធ្ងរ មិនអាច​ធ្វើចរាចរ​បា​ន កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ហើយ ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​
​គួរ​ប​ញ្លា​ក់​ផងដែរ​ថា​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័ អាជ្ញាធរ​ដែនដី​នា​រសៀល​ថ្ងៃទី​២១ កក្កដា និង​ព្រឹក​ថ្ងៃទី​២៦ កក្កដា​២០១៨​នេះ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​និង​សួរ​សុខទ​ក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​ការលិចលង់​ផ្ទះសំបែង​នៅ​តំបន់​១​ចំនួន​ក្នុង ខណ្ឌដង្កោ ក្រោយពី​ប្រជាពលរដ្ឋ​ចំនួន​២៦​ភូមិ នៅក្នុង​សង្កាត់​ចំនួន​០៩​ខណ្ឌ​នេះ ទទួលរង​ការលិចលង់​។ ក្នុងនោះ​សង្កាត់​ដែល​ទទួលរង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ គឺ សង្កាត់​សាក់​សំពៅ មាន​០៦​ភូមិ ៤៥៤​គ្រួសារ មនុស្ស​ចំនួន​២០៤៩​នាក់ និង​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​បាន​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ ។
​មន្ត្រី​បន្តថា​៖​ជាក់ស្តែង​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិតនៅតាម​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ​ខណ្ឌដង្កោ​ដែល​ទទួលរង​បាក់ស្រុត​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ​នោះ​បាននិងកំពុង​ស្ថាបនា​ឡើងវិញ ៕