ដាក់​ដំណើរការ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​ខេត្តព្រះវិហារ​

565
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ របស់​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០១៨​។

ពិធី​នេះ​ក្រោម​វត្តមាន​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​មានការ​ចូលរួម​ពីរ​ថ្នាក់ដឹកនាំ មន្ត្រី​សាលាខេត្ត មន្ទីរ​ស្ថាប័ន​នានា​មន្ត្រីរាជការ​អង្គភាព​ច្រកចេញ​-​ចូល​មាន​មន្ត្រី​ជួរមុខ​និង​មន្ត្រី​ជួរ​ក្រោយ​មកពី​មន្ទីរ​វិស័យ​នានា​ជាច្រើនរូប​ទៀត​។​

​លោក​អភិបាលខេត្ត​អ៊ុន​ចាន់​ដា​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​បាន​អនុវត្ត​បណ្តោះអាសន្ន​យន្តការ​ច្រកចេញ​-​ចូល​តែមួយ​របស់​សាលាខេត្ត មួយរយៈ​មកនេះ នៅថ្ងៃនេះ រដ្ឋបាលខេត្ត និង​ថ្នាក់ដឹកនាំ​មួយចំនួន បាន​ចុះ​ត្រួតពិនិត្យ​និង​ដាក់​ឲ្យ​ដំណើរការ​ដោយមាន​កិច្ចសហការ​ជាមួយ​មន្ទីរជំនាញ​ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត​ចំនួន​១០​មន្ទីរ ស្ថាប័ន​។

​លោក​អភិបាលខេត្ត បាន​បន្តថា មុខ​សេវា​រដ្ឋបាល​ដែល​រដ្ឋ​យើង​បានកំណត់​រួច​នោះ​មាន​ទាំង​១0​វិស័យ​គឺ​៖ ទី​១៖ វិស័យ​សាធារណៈការ​និង​ដឹកជញ្ជូន​, ទី​២៖ វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​, ទី​៣៖ វិស័យ​បរិស្ថាន​, ទី​៤៖ វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​, ទី​៥៖ វិស័យ​ទេសចរណ៍​, ទី​៦៖ វិស័យ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​, ទី​៧៖ វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ទី​៨៖ វិស័យ​ពាណិជ្ជកម្ម ទី​៩៖ សុខាភិបាល​, ទី​១០៖ វិស័យ​រ៉ែ​និង​ថាមពល​, ទី​១១៖ វិស័យ​វិស័យ​នីត្យានុកូលកម្ម​(​របស់​សាលាខេត្ត​) និង​ទី​១២៖ វិស័យ​ការងាររដ្ឋបាល​(​របស់​សាលាខេត្ត​)​។​

​ក្រៅពី​វិស័យ​ទាំង​១២​នេះ​ក៏​មានកា​រិ​យា័​យ​ប្រជាពលរដ្ឋ​មួយ​ចាំ​ឃ្លាំមើល​និង​ជួយ​ធ្វើការ​សម្របសម្រួល​ក្នុង​ដែន​សមត្ថកិច្ច​អង្គភាព​ខ្លួន​ដោយមាន​ផ្នែក​ទទួល​ពាក្យបណ្តឹង​និង​កិច្ចការរដ្ឋបាល​និង​ផ្នែក​ច្បាប់​និង​ស៊ើបអង្កេត​ចាំ​បម្រើ​ប្រជាពលរដ្ឋ​ផងដែរ​។​

ការបង្កើត​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​នេះ ដើម្បី​លើកកម្ពស់​គោលការណ៍​អភិបាលកិច្ច​ល្អ កែទម្រង់រដ្ឋបាល​ដោយ​ពង្រីក​វិសាលភាព នៃ​កា​ផ្តល់​សេវា​ឲ្យ​ទូលំទូលាយ​តាមរយៈ​ការប្រមូលផ្តុំ​សេវា​ទាំងអស់ មក​នៅនឹងកន្លែង​តែមួយ​ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

បង្ខិត​រដ្ឋបាលខេត្ត​ឲ្យ​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​ជូន ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​ន​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។

កាត​បន្ថយ​អំពើពុករលួយ រាំង​ស្កាត់​ចំពោះ​មន្ត្រី​ណា​ដែល​ធ្វើ​ប៉ះពាល់​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការផ្តល់​មតិយោបល់ និង​ការរិះគន់​ស្ថាបនា​ដើម្បី​កែលម្អ​ការ អនុវត្ត​ប្រព័ន្ធ​រដ្ឋបាល​។ ពង្រឹងសមត្ថភាព​មន្ត្រី​សាធារណៈ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពស្មោះត្រង់​និង​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ​។​

លោក អ៊ុន ចាន់​ដា បាន​បន្ថែមថា ដើម្បី​ឲ្យ​កិច្ចការ​ដំណើរការ​ទៅដោយ​រលូន​បាន គឺ​មន្ត្រី​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​ទាំង​អស់ទាំង​ជួរមុខ​និង​ជួរ​ក្រោយ​ត្រូវ​សហការគ្នា ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាលខេត្ត​ផង​នោះ យើង​នាំគ្នា​បម្រើសេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ចាប់ពីពេលនេះ​តទៅ​៕S/

​ដាក់​ដំណើរការ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​ខេត្តព្រះវិហារ​