ដាក់​បង្ហាញ​ផលិតផល ខ្នាត​យក្ស តាម​ស្រុក​នីមួយៗ និង​រៀបចំ​តំបន់​សាសនា ក្នុង​សង្ក្រាន្ត​បាត់ដំបង

1628
ចែករម្លែក

​ដោយៈ​អ៊ុង សា​រុំ /
​បាត់ដំបងៈ ព្រឹត្តិការណ៍​លើកដំបូង សង្ក្រាន្ត​បាត់ដំបង ឆ្នាំ​២០១៨ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) និង​អាជ្ញាធរខេត្ត បានដាក់​បង្ហាញ​ផ​លិ​t​ផល ខ្នាត​យក្ស តាម​ស្រុក​នីមួយៗ និង​រៀបចំ​តំបន់​សាសនា សម្រាប់​ទទួល​ទេវតា និង​តបស្នង​សងគុណ ស្រោច​ទឹក​ដល់​អ្នកមានគុណ ។​ល​។ ហើយនឹង​បើកសម្ពោធ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅរសៀល ​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៨​។​

​កញ្ញា រស់ ពៅ​ធីតា អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង បានឱ្យដឹងថា ដោយសារ​ប្រទេស មាន​សុខសន្តិភាព ពេញលេញ អាជ្ញាធរខេត្ត និង​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ខេត្តបាត់ដំបង បានរៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន្ត​ដ៏​ធំ ជា​លើកដំបូង ហើយ​ការរៀប​ចំនេះ ដើម្បី​ថែរក្សា​មរតក​ជាតិ ដាក់​បង្ហាញ​ពីមុខ​របរ ជា​អត្តសញ្ញាណ តាម​ស្រុក​នីមួយៗ ដល់​ប្រជាពលរដ្ឋ យុវជន បាន​យល់ដឹង​។

​សម្រាប់​ផលិតផល ត្រូវ​ដាក់តាំង​បង្ហាញ ក្នុង​ព្រឹត្តិការ​ណ៍ស​ង្គ្រា​ន្ត​នេះ មានដូចជា ពោ​តយ​ក្យ គឺ​យក​ពោត​ចំនួន​មួយ​ម៉ឺន​ផ្លែ ដើម្បី​សាង​ឡើង ជា​ពោត​យក្ស​មួយ​នេះ​។ ពោត​យក្ស​នេះ បញ្ជាក់​ពី​អត្តសញ្ញាណ របស់​ស្រុក​សំពៅ​លូន ដែល​ប្រជាពលរដ្ឋ លោក​ប្រក​បរបរ ធ្វើ​ចំការ ដាំពោត ភាគច្រើន​។

​ម្នាស់​យក្ស ចំនួន ៥ ពាន់​ផ្លែ បញ្ជាក់​ពី​អត្តសញ្ញាណ របស់​ស្រុក​រុក្ខ​គិរី ដែល​ប្រជាពលរដ្ឋ​ម្នាក់ បាន​ដាំ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។

​ចំណែក​ស្រុក​ថ្មគោល និង​ស្រុក​ឯក​ភ្នំ មាន​ស្រូវ មាន​ណែម និង​ក្រឡាន​។ ចំណែក​ស្រុក​បាណន់ មាន​ក្រូចពោធិ៍សាត់ ផ្អកត្រីប្រៃ ។​ល​។ ហើយ​ស្រុក​ផ្សេងៗ​ទៀត បាន​យក​ផលិតផល មុខរបរ​ជា​អត្តសញ្ញាណ របស់ខ្លួន មាន​នំ បង្អែម ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ ជាដើម មក​ដាក់​បង្ហាញ ផងដែរ​។

​កញ្ញា រស់ ពៅ​ធីតា បាន​បន្ថែមថា ក្នុង​សង្ក្រាន្ត​បាត់ដំបង ឆ្នាំ​២០១៨ មាន​រៀបចំ​តំបន់​សាសនា មាន​ពូន​ភ្នំខ្សាច់ ដែលមាន​ធ្វើ​រោង​ធំ សម្រាប់​ពូន និង​មាន​រៀបចំ​រាន ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​មាន​អញ្ជើញ​ចាស់​ព្រឹទ្ធ​ចា​រ្យ អតីត​ថ្នាក់ដឹកនាំ​ខេត្ត មក​ស្រោចស្រង់ សុគន្ធវារី ដើម្បី​តបស្នង​សងគុណ ផងដែរ​។ ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង ដ៏​ធំ​លើកដំបូង​នេះ នឹង​ប្រព្រឹត្តិ​ទៅ រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់ ១៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​អបអរ​ទទួល ទេវតា​ឆ្នាំ​ថ្មី ហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ សង្ឃឹម​មាន​អ្នក​មកលេង​កម្សាន្ត ប្រមាណ ១៥ ទៅ ១៦ ម៉ឺន​នាក់ ដែលមាន​រៀបចំ​ឱ្យ​លេង ល្បែង​ប្រជាប្រិយ ប្រមាណ ២០ មុខ មានដូចជា ចោល​ឈូង បោះ​អ​ង្គុ​ញ លាក់កន្សែង ទាញ​ព្រ័​ត្ត ប្រដាល់​ជាដើម ។​ល​។

​កញ្ញា រស់ ពៅ​ធីតា បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ការរៀបចំ​បាន​ជាង ៩០ ភាគរយ​ហើយ គ្រោង​នឹង​រៀបចំ ឱ្យ​រួចរាល់ នៅ​ថ្ងៃទី​១១ ខែមេសា ហើយ​ពិធី​បើក​សង្ក្រាន្ត ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕V