ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងកិច្ចការងារការពារសន្តិសុខនៅតាមបុរីខុនដូនិងផ្ទះសំណាក់។ខណៈដែលមានក្រុមហ៊ុនសន្តិសុខឯកជនតាមបុរីនិងខុនដូមួយចំនួនមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានលើការផ្តល់ព័ត៌មាន។
ការដាក់បញ្ជាបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីថ្ងៃទី១៤ខែសីហាឆ្នាំក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ទាក់ទិននិងការគ្រប់គ្រងជនបរទេសការស្នាក់នៅពិសេសគឺបញ្ហាសន្តិសុខ នៅតាមបណ្ដាបុរី និងខុនដូនៅក្នុងរាជធានីភ្នំពេញ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤មន្ទីរជំនាញនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញជាច្រើនរូបទៀត។
ក្នុងនោះ លោក ឃួង ស្រេង បានលើកឡើងផ្ដោត ទៅលើបញ្ហានៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និង ខុនដូ មួយចំនួន មិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានដូចជាមិនផ្ដល់ព័ត៌មាននានា មកជំនាញសមត្ថកិច្ចមិនអនុញ្ញាតឱ្យសមត្ថកិច្ចឬអាជ្ញាធរចេញចូលបុរីឬខុនដូដែលជាហេតុធ្វើឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងការស្នាក់ នៅរបស់ពលរដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានបញ្ជាឱ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយការណ៍ប្រចាំខែ អំពីការងារត្រួតពិនិត្យ ការគ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ ។
ការងាររក្សាសន្តិសុខក្នុងមូលដ្ឋានគ្រប់គ្រងតាមខណ្ឌនីមួយដែលគណៈបញ្ជាការឯកភាពរាជធានីបានប្រជុំដាក់ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ។ជាពិសេសលទ្ធផលនៃការអនុវត្តនូវបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានការបង្កើនប្រជាកាពារឡើងវិញ នៅតាមសង្កាត់និមួយ ថាតើមកដល់ពេលនេះទទួលបានលទ្ធផលបែបណាហើយ។
គួររំលឹកផងដែរថា៖កន្លងមកនេះក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជាដើម្បីអនុវត្ដច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ក្រសួងមហាផ្ទៃក៏បានពិនិត្យឃើញថាមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើនបានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់និងការទទួលខុសត្រូវខ្ពស់ប៉ុន្តែនៅមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួនពុំទាន់យល់អំពីកាតព្វកិច្ចនិងអនុវត្តត្រឹមត្រូវតាមការកំណត់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ។
ចំពោះម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានណាដែលមិនបានរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់ជនបរទេស តាមការកំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិ ដែលមានចែងក្នុងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា៕S/