ដាក់​បន្ថែម​សត្វព្រៃ​មួយចំនួនទៀត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​

479

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ដាក់​បន្ថែម​សត្វព្រៃ​មួយចំនួនទៀត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​ស្រុក​ថ្មពួក​ដើម្បី​លើកកម្ពស់​និង​ជម្រុញ​អភិរក្ស​សត្វ​និង​ទេសចរណ៍​។​រមណីយដ្ឋាន​ភ្នំ​ព្រះ​ស្ថិតនៅក្នុង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​នា​ភូមិសាស្ត្រ​៤​ឃុំ​នៃ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​

​លោក​ដុំ​ឈាង​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨ ថា​:​សត្វព្រៃ​ដែល​ដាក់​ថែមទាំង​នោះបាន​ពី​ការបរិច្ចាគ​របស់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​នៅ​វត្ត​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​តាមរយ​:​លោកស្រី ម៉ៅ ម៉ា​ល័យ​កែ​គឹមយ៉ាន និង​ប្រតិភូ​របស់លោក​ស្រី ។​

សត្វព្រៃ​យកមក​បន្ថែម​សម្រាប់​ចិញ្ចឹម​ក្នុង​ទ្រុង​និង​ព្រលែង​ក្នុងព្រៃ​នា​រមណីយដ្ឋាន​ធម្មជាតិ​និង​ប្រ​តិ្ត​សាស្ត្រ​ក្នុង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​នោះ​រួមមាន : សត្វ​ក្ងោក ១​ក្បាល សត្វ​ទន្សាយ កេងកង តា​វ៉ៅ សេក ប្រវឹក ប្រ​វែក​ជាដើម ។​ចំណែក​សត្វព្រៃ​មាន​ស្រាប់​នៅ​រមណីយដ្ឋាន​នោះ វិញ​រួមមាន​ឈ្លូស​,​ជ្រូកព្រៃ​, ចចក​,​សំពោច​,​កាំប្រមា​,​អ​ន្ស​ង​,​ត្រកួត​,​ចៀស​,​កង្ហែន​,​មាន់ព្រៃ​,​ក្រួច​,​ពស់​,​និង​មាន​ក្រុម​ជីវ​:​ចម្រុះ​ជាច្រើន​ទៀត​។​

​លោក ដុំ ឈាង និយាយ​បន្តថា​: ក្នុងព្រៃ​នេះ មាន​ដើម​ដូងព្រះ មាន​ឈើ​ធ្នង់ បេង សុ​ក្រំ ផ្ចឹក រាំង កកោះ អង្កាញ់ អង្កោល កណ្តាល ដកពាយ ដក​ព័រ ពង្រ ព្រីង ព្រេច​…​មាន​ប្រភេទ​ឈើ​ផ្កា​ដូចជា​កញ្ជ្រាច ប្រាំ​ដំឡឹង ត្របែកព្រៃ បុ​ស្ប កំភ្លឹង …​មាន​ផ្សិតព្រៃ​និង​អនុផល​ព្រៃឈើ​ច្រើន​ប្រភេទ​។

​ព្រៃ​សហគមន៍​ភ្នំ​ព្រះ មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ស្រុក​ថ្មពួក​ឬ​ជាង​៥០​គម ខាងកើត​ឈៀង​ខាងជើង ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃដី​ទំហំ​១.២៦២​ហិកតា ។​ត្រូវបង្កើត​ឡើង​និង​ទទួល​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ឆ្នាំ​២០០៥ ។

​ត្រូវ​បែងចែក​ឱ្យចូល​រួម​ទទួលខុសត្រូវ​និង​អភិរក្ស​ដោយ​សហគមន៍​៤​តូចៗ មកពី​៤​ឃុំ​ជុំវិញ​មាន​សមាជិក​ជាង​២.៥០០​នាក់​គឺ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ថ្មពួក សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​បន្ទាយឆ្មារ​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​គោ​កឋិន​និង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ភូមិ​ថ្មី​។​​

នៅ​ម្តុំ​នោះ​មាន​កូនភ្នំ​មួយចំនួន​ចំណុះ​ឬ​ព័ទ្ធជុំវិញ​ដូចជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​មាន​ភ្នំ​ព្រះ ភ្នំ​ច័ន្ទ ភ្នំ​វែង ភ្នំ​សំគម​និង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំប្រទល់​មាន​ភ្នំ​ចង្ក្រាន​យក្ស ភ្នំ​កូន​សេក ភ្នំ​កំបោរ​។​

លោក ប្រាក់ សារ៉ាក់ អនុប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​: រមណី​ដ្ឋា​ន​នេះ​ទទួលបាន​ការចូលរួម សហការ​រៀបចំ​អភិរក្ស អភិវឌ្ឍន៍​ដោយ​ពលរដ្ឋ មន្ត្រី សហគមន៍​ព្រៃឈើ​និង​សប្បុរសជន​ជិត​ឆ្ងាយ​។​ក្នុងនោះ​មាន​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ា់ន ផងដែរ​។​

កន្លងមក រមណីយដ្ឋាន​ទទួលបាន​ការកសាង​ខ្លោងទ្វារ​ដ៏​ធំ បាន​កសាង​បញ្ជរ​ព័ត៌មាន បាន​កសាង​ផ្លូវ​ជាង​៣​គម បា​មក​សាង​ក្រៅពីនេះ នៅ​រមណីយដ្ឋាន​នេះ បាន​អភិសេក​ពុទ្ធរូប​និង​កសាង​សមិទ្ធផល​នានា​រូ​ច​ហើយ​ដូចជា សាលាសំណាក់ បង្គន់ អណ្តូងទឹក ជណ្តើរ និង​បង្កាន់ដៃ ដងទង់ ស្លាក​សញ្ញា ប្រព័ន្ធ​ភ្លើង​ប្រើ​ពន្លឺព្រះអាទិត្យ ប្រព័ន្ធ​ការពារ​រន្ទះ​។​ល​។​

គោលដៅ​នៃ​ការបង្កើត អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​នេះ គឺ​ដើម្បី​ការគោរព​សក្ការ​: ការទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​៕S/

​ដាក់​បន្ថែម​សត្វព្រៃ​មួយចំនួនទៀត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​