ដាក់​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ពង្រឹង​ការរំដោះ​ចរាចរ​លើផ្លូវ​ជាតិ​សំខាន់ៗ ៥​ខ្សែ​ចេញ ចូល​ក្រុង

1057
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ គ្រោះ​អគ្គីភ័យ និង​ការពង្រឹង​ការរៀបចំ​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​សំខាន់ៗ ៥​ខ្សែ​ចេញ ចូល​ក្រុង​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានការ​ដាក់ចេញ​ជា​ផែនការ​ខាងលើនេះ​ដើម្បី​បំរើឱ្យ​ប្រជាពលរដ្ឋ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភ័​ក្តី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុងន័យ​ពិភាក្សា​អំពី​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេលខាងមុខ​នេះហើយ​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​បងប្អូន​ប្រជាពលរដ្ឋ ភាគច្រើន​បានធ្វើ​ដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត​និង​ចាកចេញ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ។ ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នេះ ជាការ​ងារ​ដ៏​សំខាន់បំផុត​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវយក​ទុកដាក់​ពីព្រោះថា​ក្រៅពី​បងប្អូន​ដែល​ចាក​ចេញពី​ភ្នំពេញ ក៏​នៅមាន​បងប្អូន​មួយចំនួនទៀត រស់នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្ត​ទុក​ការពារ​សន្តិសុខ​ផងដែរ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ដែល​ចាក​ចេញទៅ​ស្រុកកំណើត​នោះ បាន​បន្សល់ទុក​នូវផ្ទះ​សម្បែង ដែល​ត្រូវតែមាន​ការការពារ លើ​បញ្ហា​ចោរកម្ម គាស់​លួច​ផ្ទះ និង​បញ្ហា​អគ្គិភ័យ​ដែល​ត្រូវធ្វើ​ការត្រួតពិនិត្យ តាមដាន ។​
​លោក​បន្តថា​៖​ការងារ​ត្រួតពិនិត្យ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវធ្វើឡើង​នៅតាម​គោលដៅ​សំខាន់ៗ​ដែលមាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ដូចជា​នៅតាម​ទី​វត្ត​អា​រ៉ា​ម រមណីយដ្ឋាន កន្លែង​កម្សាន្ត ជាដើម ហើយ​កងកម្លាំង​នៅតាម​បណ្តា​ខណ្ឌ​ត្រូវ​ចេញ​ល្បាត​ជាប្រចាំ​។ ចំណែក​បញ្ហា​សម្រួល​ចរាចរណ៍ ដែល​នៅ​ចំណុច​ទីតាំង​មាន​មនុស្ស​ច្រើន ក៏មាន​ការកកស្ទះ​ច្រើន​នៅតាម​គោលដៅ​និង​ច្រកចេញចូល​រាជធានី​ភ្នំពេញ ទាំង​៥​ច្រក ដូចជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ។​ក្នុងនោះ​លោក​អភិបាល​បានដាក់​បទបញ្ជា​ទៅដល់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន​ផ្ទាល់​ត្រូវតែ​គិតគូរ​ឲ្យ​បាន​គត់​ម៉ត់ ដើម្បី​សម្រួល​ចរាចរ​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ និង​កាត់បន្ថយ​ជា​អតិបរិមា ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ​៕

#