ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌឫស្សីកែវ​-​ទៅ​ខណ្ឌ​ជ្រោយចង្វារ​

969
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ស្ពាន​បា​ឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​ពី​ចំណុចឃ្លាំង​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះហើយ ក្រោយពី​បាន ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ កន្លងមកនេះ ។​
​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​អ្នកឧកញ៉ា ពង់ ខៀវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC​ព្រមទាំង​មានការ​ចូលរួម​ពី អាជ្ញាធរ​ដែនដី​និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖ ស្ពាន​បា​ឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​នេះ ក្រោយ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​រួច​ក្រុមហ៊ុន​នឹង​ប្រគល់អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់​គ្រង់​បន្ត ហើយ​ក្នុងអំឡុង​នៃ​ការគ្រប់គ្រង​នេះ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ រដ្ឋបាល​រាជធានី​នឹង​ទុកអោយ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់រ​ហូត​ទ្រុឌទ្រោម ពោលគឺ​មិន​កំណត់​នៃ​ការ​បរិច្ឆេត​នៃ​ការប្រើប្រាស់​នោះទេ ។ ដែល​នេះ​ជា​ចំណងដៃ​ថ្មី​មួយទៀត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​។​
​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​៥ ខែឧសភា និង​បាន​សាកល្បង​ធ្វើតេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈានទៅ​ដាក់​ឲ្យ​ដំណើរ​ការធ្វើ​ចរាចរណ៍​នៅ​ថ្ងៃ​០៨ ឧសភា​នេះ ។​ចំពោះ​ការធ្វើដំណើរ​ការឆ្លងកាត់ រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​។​
​ជាមួយគ្នា អ្នកឧកញ៉ា ពង់ ខៀវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ស្ពាន​បា​ឡេ​ថ្មី​នេះ​មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន ៩​លាន​ដុល្លារ ប្រើពេល​សាងសង់​រយៈពេល​៦​ខែ​និង​១១​ថ្ងៃ​ដោយ​ធ្វើការ​ស្ថាបនា​ទាំងយប់​ទាំង​ថ្ងៃ ។​អ្នកឧកញ៉ា​បានបញ្ជាក់​ទៀតថា​៖ ស្ពានបេតុង​ដែល​គ្រោង​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ និង​ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​, កំពស់​សរសរ​ស្ពាន​សំរាប​ព្យួរ​ខ្សែកាប ធៀប​នឹង​កំរាល​ស្ពាន​៣៤​ម៉ែត្រ សរសរ​សំរាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា នៅ​រដូវវស្សា​១០.៥​ម៉ែត្រ​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា នៅ​រដូវប្រាំង​២០.៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ដោយ​ចំណាយ​ថវិកា​ចំនួន​៣៥​លាន​ដុល្លារ ដែលជា​ថវិកា​បានមកពី​ការវិនិយោគ​ដី​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ឱ្យដឹង​ដែរ​ថា​៖​ស្ពាន​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​រួមចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​ផងដែរ ក្រោម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕