ដាច់​ភ្លើង​នៅ​បន្ត​ខណៈ​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡាកៀ​រគរ​កម្លាំង​ធ្វើបាតុកម្ម​ប្រជែង​គ្នា​

365
ចែករម្លែក
  • 2
    Shares

​ក្រុម​ប្រឆាំង​និង​គាំទ្រ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា​បាន​ធ្វើ​ការជួបជុំ​ប្រជែង​គ្នា​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​មីនា ខណៈ​ភាគី​ទាំង​ពីរ​ត្រៀម​សំរាប់​អ្វី​ដែល​អ្នកខ្លះ​​ព្រួយបារម្ភ​ថា​អាច​ជា​ការតស៊ូ​អំណាច​ដ៏​អូសបន្លាយ​ពេល​។​

​ការជួបជុំ​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​ឡើងខណៈ​ចរន្តអគ្គិសនី​និង​ទូរគមនាគមន៍​បាន​បន្ត​ដាច់​នៅវេ​ណេ​ស៊ុយអេ​ឡា ដោយ​រឹតតែ​បង្កើន​ការលំបាក​ដល់​ប្រទេស​មួយ​ដែល​ជាប់គាំង​​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​រួចជាស្រេច​ទៅហើយ​។​ការ​ដាច់​ភ្លើង​នេះ បាន​រំលេច​អំពី​ភាព​តានតឹង​រវាង​ក្រុម​ប្រជែង​ដែល​បាន​ចោទប្រកាន់​គ្នា​ចំពោះ​ការ​ខូច​បណ្តាញ​ចែក​​ចាយ​អគ្គិសនី​នេះ​។​

​មេដឹកនាំ​ប្រឆាំង​លោក​ហ្ស័ន ក្វាយ​ដូ ដែល​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​តាមឧ​ឃោសន​ស័ព្ទ បាន​និយាយថា​«​ពេលវេនា​លំបាក​កំពុង​រង់ចាំ​នៅខាងមុខ​»​។​លោក​បាន​និយាយ​​ថា​លោក​មាន​ផែនការ​ចុះ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​វេ​ណេ​ស៊ុយអេ​ឡា​ដើម្បី​ស្វែងរក​ការគាំទ្រ​និង​រៀបចំ​មហា​បាតុកម្ម​មួយ​នៅ​ក្រុង​កា​រ៉ា​កាស​។​

​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯង​និង​ជា​ប្រធានសភា​វ័យ​៣៥​ឆ្នាំនេះ បាន​និយាយថា​លោក​រំពឹង​ថា​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​។​តែ​ទោះ​​ជា​យ៉ាងណា រដ្ឋាភិបាល​របស់​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ មិន​ចាត់​ការប្រឆាំង​លោក​ក្វាយ​ដូ​ដោយ​ផ្ទាល់​ទេ ចាប់តាំងពី​មេដឹកនាំ​ប្រឆាំង​រូបនេះ​បាន​វិល​មក​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អា​មេ​​រិក​ឡាទីន​វិញ​កាលពី​ថ្ងៃ​ចន្ទ​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្នុងការ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ការា់កាស លោក​ម៉ា​ឌូ​រ៉ូ បាន​វាយប្រហារ​ដោយ​សម្តី​លើក្វាយ​ដូ ដោយ​ហៅ​លោក​ថា​ជា​«​អាយ៉ង និង​មនុស្ស​ត្លុក​»​។​

​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ និយាយ​ទៅកាន់​អ្នកគាំទ្រ​ក្នុង​ការជួបជុំ​នៅ​ក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​

​លោក​ប្រធានាធិបតី​បាន​ចោទប្រកាន់​ក្វាយ​ដូ​និង​សម្ព​ន្ធមិត្ត​អាមេរិក​របស់គាត់​ថា​បាន​បំផ្លាញ​រោងចក្រ​វារិ​អគ្គិសនី​មួយ​របស់​ប្រទេស ដែល​នាំ​អោយ​ដាច់​ចរន្ត​អគ្គិសនី​៣​ភាគ​៤​នៃ​ប្រទេស​កាលពី​ថ្ងៃ​៨​មីនា និង​ថា​អាជ្ញាធរ​បាន​ស្តារ​ចរន្ត​បាន​៧០​ភាគរយ​វិញ​ហើយ​តែ​«​ពួក​វាយប្រហារ​តាម​អ៊ិន​ធឺ​ណិ​ត​អន្តរជាតិ បាន​វាយប្រហារ​ជាថ្មី​»​កាលពី​ថ្ងៃ​សៅរ៍​។​

​តែ​ក្រុមប្រឆាំង​និង​មន្ត្រី​អាមេរិក​បាន​និយាយថា ការខិតខំ​របស់​លោក​ម៉ា​ឌូ​រ៉ូ​ដើម្បី​ទម្លាក់​កំហុស​លើ​គូប្រជែង​នយោបាយ​របស់​លោក ជា​ការ​មិន​ទំនង និង​ថា​អំពើពុករលួយ​និង​​ការគ្រប់គ្រង​មិន​ល្អ​របស់​រដ្ឋាភិបាល​ទេ​ដែល​បង្ក​ការ​ដាច់​ភ្លើង​នេះ​៕​ដោយ​៖​វាសនា​

មេដឹកនាំ​ប្រឆាំង ត្រូវបានអ្នកគាំទ្រស្វាគមន៍ពេល​លោក​មក​ដល់​កន្លែង​ជួបជុំ​នៅ​ក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​

#