ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគជ័យ ទៅជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មួយ ដែល​កាន់តែ​ធំ និង​រឹងមាំ

89
ចែករម្លែក

ដោយៈ​ក្រុមហ៊ុន​/ ​ភ្នំពេញៈ​ថ្ងៃ​១៧​ខែកុម្ភៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បាន​គួប​បញ្ចូល​គ្នា​ទៅជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែមួយ​ក្រោម​ឈ្មោះ “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក​” និង​បានទទួល​ការអនុម័ត​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​គួប​បញ្ចូល​នេះ គឺជា​ជំហាន​យក្ស​មួយទៀត សម្រាប់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ក្នុងការ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ធំ​ទូលាយ និង​រឹងមាំ​ដោយមាន ភាគ​ទុ​និក ជា ធនាគារ អ៊ូ​រី​ដែលជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ ប្រទេស​កូរ៉េ​។​

​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បានដាក់​រួមបញ្ចូល ផលិតផល និង​សេវា​ហិរញ្ញវត្ថុ ផ្សេងៗ រួមមាន សេវា​ប្រាក់​បញ្ញើ​-​សន្សំ ប្រាក់កម្ចី សេវា​ធនាគារ​ចល័ត និង​សេវា​ផ្ទេរប្រាក់​។ គណនី​ទាំងអស់​របស់​អតិថិជន​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន​នឹងត្រូវ​ផ្ទេរ​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន​ដោយ​រក្សា​បញ្ញត្តិ​និង​លក្ខខណ្ឌ​ដូច​មុន​ដដែល​។​

​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ​របស់​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​មានប្រសាសន៍ថា “​ការ​គួប​បញ្ចូល​គ្នា​រវាង ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន នាំមក​នូវ​ទស្សនវិស័យ​វិជ្ជមាន​ដល់ បុគ្គលិក និង​គណៈ​គ្រប់គ្រង​ទាំងអស់ ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែមួយ ដែល​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​នាពេល​អនាគត​។ យើង​នឹង​បន្ត ធ្វើ​ឲ្យ​សេវា​បម្រើ​អតិថិជន កាន់​តែមាន​ភាពប្រសើរ​ឡើង និង​ពាំ​នាំមក​នូវ​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​ងាយស្រួល ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ ឌីជីថល ភាព​ឆ្នៃប្រឌិត​ខ្ពស់​លើ​ផលិតផល និង​សេវាកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​បែបបទ​រស់នៅ​បែប​ស៊ី​វិ​ល័យ​របស់​អតិថិជន នា​សម័យ​ដ៏​ទំនើប​នេះ​។​”

​លោក​បន្តទៀតថា “​ដំណើរការ​នៃ​ការ​គួប​បញ្ចូល​ដ៏​ជោគជ័យ​នេះ មិនអាច​សម្រេច​ទៅបាន​ដោយ​គ្មាន ការខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ស្ថាប័ន​ទាំងពីរ ក្រុមការងារ​ធនាគារ អ៊ូ​រី ដែលជា​ភាគ​ទុ​និករ​បស់​យើង រួម​ជាមួយនឹង​ការគាំទ្រ​ដ៏​សំខាន់​ពី ធនាគារជាតិ នៃ​កម្ពុជា ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និង​ភាគី​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​។ យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​អតិថិជន​របស់​យើង​ទាំងពីរ​ស្ថាប័ន ដែល​បាន និង​បន្ត​ប្រើប្រាស់​ផលិតផល និង សេវា​ហិរញ្ញវត្ថុ​របស់​យើង​។ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​រីកចម្រើន​ជាមួយ​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់ជូន​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការបង្កើត​ផលិតផល​ថ្មីៗ ដូចជា​កម្ចី​សម្រាប់​និ​យោ​ជិ​ក​ក្នុង​ជួរ​រដ្ឋាភិបាល និង​ការបង្កើត​កម្មវិធី​សង្គម​ផ្សេងៗ​ជា​បន្តបន្ទាប់​។​”

​ចំណែក​លោកស្រី តុ​ប សុក្រ​សម្ភារ អគ្គនាយិកា​ប្រតិបត្តិការ របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានប្រសាសន៍ថា “​នេះ​គឺជា ព្រឹត្តិការណ៍​សំខាន់​មួយទៀត​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បន្ទាប់ពី​ការ លក់​ភាគហ៊ុន របស់​គ្រឹះស្ថាន​ទៅ​ឲ្យ ធនាគារ អ៊ូ​រី ក្នុង​ឆ្នាំ​២០១៨​ហើយ​ឥឡូវនេះ ត្រូវបាន​គួប​ប​ញ្ជូ​ល ជាមួយ អ៊ូ​រី ហ្វា​យ​នែ​ន ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដ៏​ឆ្នើម​មួយ​នៅ​កម្ពុជា​។ យើង​បានបញ្ចប់ ដំណើរការ​នៃ​ការ​គួប​បញ្ចូល​នេះ ប្រកបដោយ​ភាពរលូន និង​គ្រប់​ជ្រុងជ្រោយ​ដោយ​យើង​បាន ផ្តោត​សំខាន់​លើ​ដំណើរការ​នេះ ខណៈពេលដែល​យើង​បាន​រក្សា​នូវ​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន នៃ​គ្រឹះស្ថាន​ទាំងពីរ ។​”

​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន នឹង​បន្ត​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​កម្ពុជា ទូទាំង​២៥​ខេត្ត​-​ក្រុង តាមរយៈ​សាខា​ទាំង​១៣៦ របស់ខ្លួន ដោយ​ផ្តល់ជូន​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ជាមួយនឹង​ការប្រកាន់​ភ្ជាប់​ទៅនឹង​បេសកកម្ម​របស់ខ្លួន “​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ដែល​ផ្តល់នូវ​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​កម្ពុជា​រីកចម្រើន​”​។​
.​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក​

ជា​គ្រឹះស្ថាន​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ ពី​ធនាគារជាតិ នៃ​កម្ពុជា និង​ជា​សមាជិកគ្រួសារ​របស់​ធនាគារ​អ៊ូ​រី ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េ​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ជាង​២០​ឆ្នាំ មកហើយ ជាមួយនឹង​ការផ្តល់ជូន​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប រួមមាន ប្រាក់កម្ចី សេវា​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់ និង សេវា​ធនាគារ​ចល័ត​។ គិត​ត្រឹម​ចុងឆ្នាំ ២០១៩ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​៣៧៧ លាន​ដុល្លារ​អាម៉េរិក និង​ផលប័ត្រ​ឥណទាន​សរុប ចំនួន​៣៣៦ លាន​ដុល្លារ​។
.​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​

​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ឆ្នើម​មួយ​នៅ​កម្ពុជា​ហើយ​ជា​បុត្រ​សម្ព័ន្ធ​របស់​ធានា​គា​រអ៊ូ​រី​ដែលជា​ធនាគារ​ធំជាងគេ​មួយ​នៅ​ប្រទេស​កូរ៉េ​។ អ៊ូ​រី ហ្វា​យ​នែ​ន ត្រូវបាន​បង្កើតឡើង​ចាប់ពី​ឆ្នាំ ២០១០​ហើយ​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ដើមឆ្នាំ​២០១១​។ អ៊ូ​រី ហ្វា​យ​នែ​ន ផ្តល់ជូន​ប្រាក់កម្ចី​តាមរយៈ​សាខា​ទាំង​២០ របស់ខ្លួន នៅក្នុង​ទីក្រុង​ភ្នំពេញ កំពង់ស្ពឺ និង​កណ្តាល​។ ជាច្រើន​ឆ្នាំ​កន្លងមកនេះ អ៊ូ​រី ហ្វា​យ​នែ​ន បាន​ពង្រីក​ប្រតិបត្តិការ របស់ខ្លួន​ជា​លំដាប់ ហើយនឹង​បន្ត​ផ្តល់ជូន​ប្រាក់កម្ចី ដែលជា​តម្រូវ​ការចាំបាច់​របស់​អតិថិជន ជួយ​ទ្រទ្រង់​អតិថិជន​ក្នុងការ​ពង្រីក​អាជីវកម្ម និង​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​កាន់តែ​ប្រសើរឡើង​។​
.​ធនាគារ អ៊ូ​រី
​ធនាគារ អ៊ូ​រី មាន​ការិយាល័យ​កណ្តាល​នៅ សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៩៩ និង​ជា ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ ជាមួយនឹង​បណ្តាញ​សាខា​ដ៏​ធំ​ទូលាយ​ជុំវិញ ពិភពលោក​។ ធនាគារ អ៊ូ​រី ផ្តល់ជូន​សេវា​ធនាគារ​បុគ្គល ធនាគារ​ពាណិជ្ជកម្ម និង​វិនិយោគ ជាច្រើន​ប្រភេទ តាមរយៈ​សាខា​ក្នុងស្រុក ចំនួន​៧៤៧ និង បណ្តាញ​សាខា​សកល​ចំនួន​៤៥១​នៅក្នុង ប្រទេស​ចំនួន​២៦​ជុំវិញ​ពិភពលោក​។ ក្នុង​ឆ្នាំ​២០២០​នេះ​ធនាគារ អ៊ូ​រី អបអរសាទរ​ខួប​ទី​១២១​ដែល​ខ្លួន​បាន​រក្សា ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​អស់​ជាង មួយ​សតវត្សរ៍ មកហើយ​។
​ទំនាក់ទំនង​ផ្នែក​សារព័ត៌មាន សម្រាប់​ព័ត៌មាន​បន្ថែម សូមមេត្តា​ទាក់ទង លោកស្រី វន ស្រី​ម៉ៅ តាមរយៈ 087 27 5555 serymao.von@wbfinance.com.kh​ ​​ឬ ការិយាល័យ​កណ្តាល របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ផ្ទះ​លេខ 398 ផ្លូវ​មុនី​វង្ស សង្កាត់​បឹង​កេងកង 1 ខណ្ឌ​បឹង​កេងកង ភ្នំពេញ ឬ​ចូលទៅ​កាន់​គេហទំព័រ www.wbfinance.com.kh​ ៕