ដាំ​បន្ថែម​កូនឈើ​ចម្រុះ​ជាង​មួយ​ពាន់​ដើម​នៅក្នុង​ឧទ្យាន​អង្គរ​

133
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: កូនឈើ​ព្រៃចម្រុះ​ជាង​មួយ​ពាន់​ដើម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា រួមសហការ​ជាមួយ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដាំ​បន្ថែម នៅក្នុង​តំបន់​ឧទ្យាន​អង្គរ នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​ដាំ​៣​ទៅ​៤​ដង​រួចមកហើយ​នោះ​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កម្មវិធី​ដាំ​កូនឈើ​នេះ ធ្វើឡើង​ស្របពេល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ ដែល​មានការ​និមន្ត និង​ចូលរួម​ពី​ព្រះសង្ឃ និង​អាជីវករ​លក់ដូរ​នៅមុខ​ប្រាសាទ​អង្គរ មន្ត្រីរាជការ ប្រមាណ​ជិត​៨០០​នាក់​។

​លោក​បន្តថា កូនឈើ​ទាំងនេះ​នឹងត្រូវ​ដាំ​អម​សងខាង​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ចាប់ពី​ផ្លូវបំបែក​ចំណតរថយន្ត ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។ នេះ​ជាការ​ដាំ​បន្ថែមទៀត បន្ទាប់ពី​សហការ​ដាំ​៣​ទៅ​៤​ដង នៅក្នុង​ឧទ្យាន​អង្គរ​រួចមកហើយ​នោះ​។ ក្រៅពី​ការដាំ​កូនឈើ អ្នកចូលរួម​ទាំងអស់​ក៏បាន​នាំគ្នា សម្អាត​បរិស្ថាន​នៅក្នុង​ឧទ្យាន​អង្គរ​ផងដែរ ដើម្បី​លើកស្ទួយ​ដល់​បេតិកភណ្ឌ​ពិភពលោក​យើង​នេះ​៕ ល​