ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ ដើមផ្កាសាគូរ៉ាចំនួន២០០ដើម ត្រូវបានយកមកដាំនៅសួនទេសចរណ៍សហគមន៍ព្រៃឈើខ្សាច់ស អណ្តូងច្រុះ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥។
ការដាំដើមផ្កាសាគូរ៉ា ចំនួន ២០០ដើមនេះ គឺជាលើកដំបូងដែលប្រភេទផ្កានេះ ត្រូវបាននាំមកដាំនៅលើទឹក ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីដាំដើមឈើនេះ លោក ស៊ុន សុណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយ ក្រសួងទេសចរណ៍ បានរៀបចំនូវកម្មវិធីដាំដើមឈើនេះ ក្នុងគោលបំណង បំផុសស្មារតី អោយប្រជាពលរដ្ឋ ចេះស្រឡាញ់ដើមឈើ ដើម្បីបង្កើតទេសភាព សោភ័ណ្ឌភាព ដ៏ស្រស់បំព្រងនៃទីក្រុង និងភូមិដ្ឋានរបស់យើង។
លោកអភិបាលរង បានបញ្ជាក់បន្ថែមថា ការចូលរួមដាំដើមឈើពិតជាផ្ដល់សារសំខាន់ខ្លាំងណាស់ មិនត្រឹមតែ ការពារបរិស្ថាន និង អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ទាក់ទាញទេសចរ។ ម្យ៉ាងទៀត ការដាំដើមឈើអនុស្សាវរីយ៍ ក៏ជាការឆ្លើយតប ទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជម្រុញការដាំ កូនឈើ ក្នុងមូលដ្ឋាន និងលើកទឹកចិត្តយុទ្ធនាការការដាំដើមឈើក្រោមពាក្យស្លោក ទេសចរណ៍ម្នាក់ដាំដើមឈើមួយដើម។
លោកបន្តទៀតថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ បៃតងនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និង បៃតង ក្នុងនោះយុទ្ធនាការទេសចរម្នាក់ ដាំដើមឈើមួយដើម ត្រូវបានដាក់ចេញ ក្នុង គោលបំណង ជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៕B/