ដាំ​ម្ទេស​សរីរាង្គ​ប្រើ​ជីកំប៉ុស​តាម​រូបមន្ត​ជប៉ុន​ទិន្នផល​ខ្ពស់​និង​ទទួល​ការទាក់ទាញ​ពី​ឈ្មួញ​ថៃ​

318

​ដោយ​:​គង់​ហេង​/​កំពង់ចាមៈ​កសិករ​មួយ​គ្រួសារ​បានសម្រេច​ចិត្ត​ជ្រើស​រើសយក​ការដាំ​ដំណាំ​ម្ទេស​ពូជ​ឈ្មោ​”​កា​យ៉ា​ណេ​”​តាមបែប​សរីរាង្គ​គឺ​ប្រើ​ជីកំប៉ុស​អនាម័យ​តាម​រូបមន្ត​ប្រទេស​ជប៉ុន​បានទទួល​ទិន្នផល​ខ្ពស់​។​ឈ្មួញ​ប្រទេស​ថៃ​បញ្ជា​ទិញយក​ទាំងអស់​និង​បាន​ជំរុញ​ឲ្យ​កសិករ​ដទៃ​នៅ​ចម្ការ​ជិតគ្នា​ដាំ​ដែរ នឹង​សន្យា​ប្រមូល​ទិញយក​ដូចគ្នា​។​

អ្នកស្រី ឃាង ស៊ី​ផូ វ័យ​៥៧ ឆ្នាំ​ជា​អ្នក​ដាំ​ម្ទេស​ល្បីឈ្មោះ​ខាងលើ​មាន​ចម្ការ​នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខណ​:​នេះ​ជា​ដំណាក់កាល​ទី​ពីរ នៃ​ការប្រមូល​ផល​ផ្លែ​ម្ទេស​ទុំ​ពូជ​កា​យ៉ា​នេ​លើ​ផ្ទៃដី​ទំហំ ០,១០ ហិកតា​បាន​ទទួលផល​មួយ​លើកៗ​ពី ១៥០ ទៅ ១៧០ គីឡូក្រាម​។

រយ​:​ពេល​ពី ប្រាំ ទៅ ប្រាំពីរ​ថ្ងៃ​បេះ​ប្រមូល​ម្តង ដោយ​ធ្វើការ​វិច​ខ្ចប់​ដឹកជញ្ជូន​តាម​រថយន្ត​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​ថៃ និង​ប្រមាណ​ពី ១០ ទៅ ១៥ គីឡូក្រាម​សម្រាប់​ការបញ្ជាទិញ​នៅ​ផ្សារ​ក្នុងស្រុក​យកទៅ​ផលិត​ទឹកម្ទេស​។​

​អ្នកស្រី ស៊ី​ផូ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ថៅកែ​ជា​ឈ្មួញ​ជនជាតិ​ថៃ​ឈ្មោះ​លោក កាន យល់ព្រម​ចុះកិច្ចសន្យា​ទទួល​ទិញ​ទំនិញ​ផ្លែ​ម្ទេស​ទុំ គឺ​អ្នកទិញ​ម្នាក់នេះ​បាន​យក​ដីចម្ការ​របស់​គ្រួសារ​អ្នកស្រី​ទៅធ្វើ​សោធន៍​នៅ​ប្រទេស​ថៃ​។ បន្ទាប់មក​រយ​:​ពេល ១១៥ ថ្ងៃ​ម្ទេស​ឲ្យ​ផល​ជា​ផ្លែ​យក​ផ្លែ​នេះ​ពិសោធន៍​មួយលើកទៀត​ក្រែង​មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ជា​ទៀងទាត់​អ្នកបញ្ជា​ទិញ​រូបនេះ​រយ​:​ពេល​មួយខែ​មក​ពិនិត្យ​ដល់​ចម្ការ​ម្តង​។

ក្នុងនោះ​ក៏មាន​ជួយ​ជ្រោង​ជ្រែង និង​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ការបង្រៀន​ផលិត​ជីកំប៉ុស​តាមបែប​របស់​ប្រទេស​ជប៉ុន និង​ការប្រើប្រាស់​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ដើម្បី​សម្លាប់​សត្វល្អិត​។​
​ ​
ស្ត្រី​រូបនេះ​បាន​បន្ថែមថា ជាមួយ​នោះ​គ្រួសារ​អ្នកស្រី​ចូលក្នុង​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង គឺ​បានការ​ជួយឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​នូវ​ទឹកប្រាក់ និង​សម្ភារ​:​ផ្សេងៗ​សរុប​ប្រហែល​ជាង​ប្រាំពីរ​រយ​ដុលារ​។ ជា​លទ្ធផល​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​បានទទួល​ជោគជ័យ​ដោយ​ប្រមូល​ផល​ម្ទេស​សរីរាង្គ​កា​យ៉ា​ណេ​បាន​បី​ដំណាក់កាល៕

គឺ​ក្នុង​មួយ​ដំណាក់កាល​រយ​:​ពេល​មួយខែ​កន្លះ ហើយ​រយ​:​ពេល​ប្រមូល​ផល​ពី​ខែមករា ដល់​ខែមិថុនា ជា​មធ្យម​សរុប​នៃ​ការផ្តល់​ផល​ពី បី ទៅ បួន តោន លើ​ផ្ទៃ​ទំហំ ០,១០ ហិកតា​នេះ​។ ក្នុង​មួយ​តោន​លក់បាន​តម្លៃ​ប្រាំមួយ​លាន​រៀល គឺ​ចំនួន​បី​តោន​បាន​ប្រាក់​សរុប​ជិត​២០​លាន​រៀល និង​មិន​ជួប​បញ្ហា​ទីផ្សារ​ឡើយ​។​
​ ​
លោកស្រី សួន ធីតា មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី ឃាង​ស៊ី​ផូ ពិតជា​កសិករ​ម្នា​ក់បាន​ផលិត​ដាំ​បាន​ម្ទេស​សរីរាង្គ​មែន គឺ​គ្រួសារ​គាត់​បាន​អនុវត្តតាម​ជម្រោង​បច្ចេកទេស​កសិកម្ម​ល្អ ពោលគឺ​គាត់​បាន​ប្រើប្រាស់​ជីកំប៉ុស​អនាម័យ តាម​រូបមន្ត​របស់​ប្រទេស​ជប៉ុន​បាន​ត្រឹមត្រូវ​។​

​មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​បន្តថា តាមរយ​:​ការគោរព​បាន​លក្ខណ​:​បច្ចេកទេស​កសិកម្ម​ល្អ គឺ​ធ្វើ​ឲ្យ​អ្នកស្រី ឃាង ស៊ី​ផូ ទទួលបាន​ជោគជ័យ​លើក​ការដាំ​និង​លក់​ផ្លែ​ម្ទេស​ទុំ​សរីរាង្គ​។​ពិសេស​ជាង​នេះ​គឺ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ថៃ​ដែល​ប្រមូល​ទិញ​ម្ទេស​ឲ្យ​ខាង​លោកស្រី​ជួយ​ជំរុញ​ឲ្យ​កសិករ​ដទៃ ផ្សេងទៀត​ដែលមាន​ចម្ការ​នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ចូលរួម​ដាំ​ម្ទេស​សរីរាង្គ​នេះ​ទាំងអស់គ្នា គឺ​ក្រុមហ៊ុន​សន្យា​នឹង​ប្រមូល​ទិញយក​ទាំងអស់​៕S/

​ដាំ​ម្ទេស​សរីរាង្គ​ប្រើ​ជីកំប៉ុស​តាម​រូបមន្ត​ជប៉ុន​ទិន្នផល​ខ្ពស់​និង​ទទួល​ការទាក់ទាញ​ពី​ឈ្មួញ​ថៃ​


​ ​