ដី​ក្នុង​សមុទ្រ​មាន​ប័ណ្ណកម្មសិទ្ធិ​ជាង​១០​ឆ្នាំមុន​បាន​បង្ក​ការភ្ញាក់ផ្អើល​ពេល​បោះ​បង្គោលរបង​

684
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ដី​ទំហំ​ជាង​៤៥​ហិកតា​ដែល​មន្ត្រី​ពាក់ព័ន្ធ​និង​ជំនាញ​អះអាងថា​ជា​ប្រភេទ​អ៊ូ​បង្គា​របស់​ពលរដ្ឋ​១២​គ្រួសារ​ហើយ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​តាមរយៈ​សំណើ​សុំចូល​ទីស្តីការគណៈរដ្ឋមន្ត្រី​អំឡុង​ឆ្នាំ​២០០៨​។​ដី​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ពេល​ឃើញ​មាន​សកម្មភាព​បោះបង្គោល​ថ្មីៗ​ព្រោះតែ​ទីតាំង​នេះ​ស្ថិតក្នុង​ដែនសមុទ្រ​នា​ភូមិ​បឹង​តា​ព្រាម​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​ត្រង់ចំណុច​ខាងកើត​ភ្នំ​ដូង​។​

ឆ្លើយតប​ចំពោះ​ពាក្យរិះគន់​និង​ចម្ងល់​របស់​មជ្ឈដ្ឋាន​នានា​ជុំវិញ​ទិដ្ឋភាព​ខាងលើ​ដោយ​ផ្អែក​តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ក្រុង​កំពត​ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ថា​មុននឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ​៤៥,៦១៤​ហិកតា​ស្ថិតនៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​នោះ​គឺ​ពលរដ្ឋ​១២​គ្រួសារ​ដែល​កាន់កាប់​ដី​ជា​អ៊ូ​បង្គា​យូរ​មកហើយ​បានដាក់​សំណើ​តាមរយៈ​អាជ្ញាធរ​សង្កាត់ ក្រុង ខេត្ត​ចូលទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០០៨​។

​ជាមួយនឹង​សំណើ​នេះ គ្រប់​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​របាយការណ៍​ភ្ជាប់​ទៅជា​មួយ ទើប​បងប្អូន​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ចាប់ពីពេលនោះ​មក​។​ដូច្នេះ​រដ្ឋបាលខេត្ត​សូមបញ្ជាក់ថា​ដី​នៅ​ទីនោះ​គឺមាន​ប័ណ្ណកម្មសិទ្ធិ​ហើយ​បើ​ឯកសារ​ណាមួយ​ក្លែងក្លាយ​លោក​សូម​ទទួលខុសត្រូវ​ទាំងស្រុង​។

លោក​អភិបាលខេត្ត​បាន​បន្តថា​មកដល់​បច្ចុប្បន្ន​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ទើបតែ​មានការ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បោះបង្គោល​ដើម្បីឱ្យ​ជំនាញ​ចុះទៅ​កំណត់​តាម​ប័ណ្ណ​មុននឹង​ចាប់ផ្តើម​អភិវឌ្ឍ​ជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​ឬ​ទេសចរណ៍​កែច្នៃ​។​

នៅទីនេះ​បើ​ទៅ​ថត​ពេល​ទឹកជោ​គឺ​ឃើញ​បង្គោល​នៅក្នុង​សមុទ្រ​តែម្តង​។​ប៉ុន្តែ​បើ​ថត​ពេល​ទឹកនាច​មានន័យថា​បង្គោល​នៅលើ​គោក​។​ពាក់ព័ន្ធ​នឹង​បង្គោល​ដែល​បាន​បោះ​នោះ​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​លោក​មិនបាន​ដឹងថា​បង្គោល​នោះ​អ្នកណា​ជា​អ្នក​បោះ​ទេ​ព្រោះ​សួរ​មន្ត្រី​ជំនាញ​ក៏​មិនមាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ដែរ​។

​ដូច្នេះ​រដ្ឋបាលខេត្ត​នឹង​បញ្ជូន​ក្រុមការងារ​ជំនាញ​ឱ្យទៅ​ពិនិត្យមើល​បើ​ការបោះបង្គោល​នោះ​មិន​ស្ថិតក្នុង​ទីតាំង​នៃ​ដី​ដែលមាន​ប័ណ្ណ​ទេ​ក្រុមការងារ​នឹង​ដក​ចោល​គឺ​ខេត្ត​ទទួលស្គាល់​តាម​អ្វី​ដែលជា​ផ្លូវច្បាប់​។​និយាយ​រួម​ដី​ទំហំ​ជាង​៤៥​ហិកតា​នោះ​គឺមាន​ប័ណ្ណកម្មសិទ្ធិ​តាំងពី​ជាង​១០​ឆ្នាំ​មកហើយ​៕S/​