ដឹកនាំ​យុទ្ធនាការ​អនាម័យ​បរិស្ថាន​មុន​ព្រះ​រាជពិធី​បុណ្យអុំទូក​, បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅមុខ​វាំង​

284

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ​២០១៧​ម្សិលមិញ​បាន​ដឹកនាំ​មន្ត្រី អាជ្ញាធរ​ដែ​​ន​យុវជន​និង​សិស្សានុសិស្ស​ប្រមាណ​៦០០​នាក់​ចុះ​បោសសំអាត ធ្វើ​អនាម័យ បង្កើន​បរិស្ថាន​ល្អ​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​នឹង​ឈាន​មកដល់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​ពិធី​នេះ​បាន​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង​​ដែលជា​កន្លែង​ប្រារព្វ​ពិធី​តែម្តង​។​
​ ​
​យុទ្ធនាការ​ខាងលើនេះ មានការ​បែងចែក​ក្រុមការងារ​គ្នា​ដើរ​រើស​សំរាម ទៅតាម​ផែន​នីមួយៗ​ចំនួន​១៥​ផែន​ដើម្បីអោយ​គ្រប់កន្លែង​​ទទួលបាន​ការសម្អាត​អនាម័យ​និង​បរិស្ថាន​ល្អ​។​
​ ​
​ក្នុង​យុទ្ធនាការ​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ស្នើឱ្យ​ម្ចាស់​ស្តង់​លក់ទំនិញ​ម្ចាស់​ទីតាំង​ប្រគំ​​តន្ត្រី​និង​អាជីវករ​ទាំងអស់ ត្រូវមាន​ថង់​ឬ​ធុងសំរាម​ផ្ទាល់ខ្លួន​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​កីឡាករ​ប្រណាំងទូក​និង​ប្រជា​ពល​​រដ្ឋ​ដែល​មកលេង​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ទាំងអស់​ក៏​សូម​មេត្តាជួយ​ថែរក្សា​អនាម័យ ដោយ​ត្រូវ​វេច​ខ្ខប់ ទុកដាក់​សំណល់​សំរាម​របស់ខ្លួន​នៅក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​គួរ​បញ្ជាក់ថា​៖ កាលពី​ល្ងាច​ថ្ងៃទី​២៦ តុលា​កន្លងមក​ថ្មីៗ​នេះ​ធុងសំរាម​ចំនួន​១០០០​ធុង​ត្រូវបាន​លោក ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​បំរើអោយ​សកម្មភាព​ទុកដាក់​សំរាម​ក្នុងឱកាស​ព្រះរាជ​ពិធី​​បុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ ឆ្នាំនេះ ។​

​ធុងសំរាម ១០០០​ធុង​នេះ​នឹងដាក់​ពង្រាយ​តាម​សួនច្បារ​និង​ទីកន្លែង​សាធារណៈ​នានា ដើម្បី​បម្រើ​ឱ្យមាន​បរិស្ថាន​ល្អ​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅ​កន្លែង​សំខាន់ៗ​នៃ​តំបន់​ប្រារព្វ​ពិធី​៕​ដោយ​៖​រ៉ា​ម៉ន​/sn