ដឹង​មូលហេតុ​ហើយ​! សត្វ​ដំរី​ដែល​ងាប់​នៅ​ខេត្ត​ត​មណ្ឌលគិរី ដោយសារ​ព្រាន​បាញ់​យក​ភ្លុក​

    808
    ចែករម្លែក
    • 4.2K
      Shares

    ដោយៈ មុនី​រ័ត្ន + សាតចាន់បុត្រ / ភ្នំពេញ​: សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​ត្រូវបាន​ព្រានព្រៃ​បាញ់សម្លាប់ ដើម្បី​កាត់​យក​ភ្លុក​។ សត្វ​ដំរី​ដែល​ងាប់​ត្រូវ​មន្ត្រី​បរិស្ថាន​ប្រទះឃើញ​ពេល​កំពុង​ដើរល្បាត កាល​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២0១៩​។​

    ​សត្វ​ដំរី​បាន​ងាប់​នៅក្នុង​ចម្ការ​ស្វាយចន្ទី ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយមាន​សភាព​ហើម​ស្អុយ ធ្លាយ​ពោះ រលួយ ជះក្លិន​ស្អុយ​ខ្លាំង គឺ​ងាប់​ជាង​១០​ថ្ងៃ​មកហើយ​។​

    ​លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី ២៤ ខែកុម្ភៈ នេះ​ថា ក្រោយពី​ការ​ក្រឡាប់​និង​ពិនិត្យ ទៅលើ​ដងខ្លួន​សត្វ​ដំរី​ដែល​បាន​ងាប់​នោះ គឺមាន​ស្លាកស្នាម​ប្រវែង​មួយ​ចំអាម​នៅក្រោម​ភ្នែក ពោល​គឺមាន​ធ្លុះ​ចូលទៅក្នុង ដែល​ជំនាញ​សន្និដ្ឋានថា នេះ​គឺជា​ការបាញ់​សម្លាប់សត្វ​ដំរី​ដើម្បី​យក​ភ្លុក ហើយ​ដំរី​ដែល​ត្រូវ​បាញ់សម្លាប់ គឺជា​ដំរី​ឈ្មោល ហើយ​សត្វ​ដំរី​នេះ​មាន​វ័យ​ចំណាស់​។ ហើយ​កំពុងតែធ្វើការ​ពិនិត្យ​ជុំវិញ​កន្លែង​ដែល​ដំរី​ងាប់​ដើម្បីរ​កដាន​អ្នក​ដែល​បាញ់​សត្វ​ដំរី​អោយ​ងាប់​កាត់​យក​ភ្លុក​។​

    ​លោក​នេត្រ ភក្ត្រា បាន​បន្តថា ចំពោះ​សត្វ​ដំរី​ដែល​ងាប់ និង​យកទៅ​កប់​នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង ដើម្បី​យកទៅ​រក្សាទុក ធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជា​ផលប្រយោជន៍​បែប​វិទ្យាសាស្ត្រ​។ ហើយ​ចំពោះ​ករណី​ដំរី​ងាប់​នេះ គឺ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​កមុខ​អ្នក​ដែល​បាញ់សម្លាប់​សត្វ​ដំរី​យក​ភ្លុក​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន​ក៏បាន​ធ្វើការ​ថ្កោលទោស ជន​ដែល​បាន​បាញ់​សម្លាប់សត្វ​ដំរី​យក​ភ្លុក ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​បន្ត​នីតិវិធី ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាញ់​សត្វ​ដំរី​យកមក​ផ្តន្ទាទោស និង​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ ការពារ​សត្វព្រៃ ។​គួរ​បញ្ជាក់ថា​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​តាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​មាន​សត្វ​ដំរី​ប្រមាណ​ជាជាង 500 ក្បាល ដែល​កំពុង​រស់នៅ​៕