ដុត​រថយន្ត​ប៉ា​កុង​៦​គ្រឿង ​នៅ​ខេត្តស្ទឹងត្រែង ​ក្រោយពី​បង្ក្រាប​បាន​

520
ចែករម្លែក

ដោយៈ​សុខុម​/ស្ទឹងត្រែង ៖ រថយន្ត​ប៉ា​កុង​ចំនួន​៦​គ្រឿង ​ត្រូវបាន​កម្លាំង​កងរាជ អាវុធហត្ថ​និង​អា​ជ្ញាធរ​ខេត្តស្ទឹងត្រែង​ បានរៀប​ចំដុត​បំផ្លាញចោល​នៅ​ចំពោះមុខ​ពលរដ្ឋ​ភូមិ​ស្រែ​ស្រណុក​ថ្មី ​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន នៅ​ថ្ងៃទី​១៤ ​ខែកក្កដា ​ឆ្នាំ​២០១៩​។​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​និយាយប្រាប់​ឲ្យដឹងថា ​រថយន្ត​ប៉ា​កុង​ចំនួន​៦​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​នៅ​ភូមិសាស្ត្រ​ស្រុក​សេ​សាន​កាលពី​ថ្ងៃទី​៩​ ខែកក្កដា​ កន្លងទៅ​ថ្មីៗ​នេះ​។

​រថយន្ត​ទាំង​៦​គ្រឿង​ខាងលើ​គេ​សង្ស័យថា ​ក្រុម​ឈ្មួញ​បើក​រត់គេច​ពី​ក្រុម​កម្លាំង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​មណ្ឌលគិរី​។ ​យុទ្ធនាការ​បង្ក្រាប​ក៏មាន​ការចាប់ខ្លួន​ឧកញ៉ា​ស៊ឹ​ង ​សំអុល ​មេឧក្រិដ្ឋជន​ខាង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​។​

បន្ទាប់មក​នៅ​ខេត្តស្ទឹងត្រែង​សមត្ថកិច្ច​បង្ក្រាបបានរ​ថ​យន្ត​ចំនួន​៦​គ្រឿង​ មក​ចត​ប្លុង​ចោល​នៅ​ស្រុក​សេ​សាន​ ដោយ​សង្ស័យថា​រត់​មកពី​ខេត្តមណ្ឌលគិរី​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​។​

នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែកក្កដា ​ឆ្នាំ​២០១៩​នេះ​ សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ធ្វើ​ការដុត​បំផ្លាញចោល​ ដើម្បី​ជា​សារ​មួយ​បំបាត់​បទល្មើស​ព្រៃឈើ​។​

សូម​រំលឹកថា​ យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ថ្ងៃទី​៩ ​ខែកក្កដា​កន្លងទៅនេះ ​ឃើញថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ញ៉ា​ ស៊ឹ​ង ​សំអុល​ និង​បក្ខពួក​បីនាក់​ផ្សេងទៀត​។​ ហើយ​ថែមទាំង​បាន​ឃាត់​រថយន្ត​ជាង​៤០​គ្រឿង​ និង​បាន​ដុត​រថយន្ត​ប៉ា​កុង​ចំនួន​៤​គ្រឿង​។ ​នៅ​ខេត្តក្រចេះ​សមត្ថកិច្ច​ដុត​រថយន្ត​ប៉ា​កុង​ចំនួន​៧​គ្រឿង​និង​ខេត្តស្ទឹងត្រែង​ដុត​រថយន្ត​ប៉ា​កុង​ចំនួន​៦​គ្រឿង​។​

នាយឧត្តមសេនីយ៍សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិធ្លាប់បានប្រាប់រស្មីកម្ពុជាថា អ្នកណា​ក៏ដោយឲ្យតែមានការពាក់ព័ន្ធ គឺត្រូវតែអញ្ជើញមកសាកសួរទាំងអស់។

លោក​ វឿន សម្បត្តិ​ មេឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ បាន​ចូលរួម​ក្នុង​ពិធី​ដុត​រថយន្ត​៦​គ្រឿង​ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែកក្កដា ​លោក​និយាយថា​ លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ៕B/Ha