ដុត​អាគារ​នៅពេល​ចលាចល​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​ខេត្ត​ប៉ា​ពួរ របស់​ឥណ្ឌូនេស៊ី​

171
ចែករម្លែក

​ចលាចល​ថ្មី​បាន​ផ្ទុះឡើង​នៅក្នុង​ខេត្ត​ប៉ា​ពួរ​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កញ្ញា​នៅពេល​ពួក​ប្រឆាំង​តវ៉ា​បាន​ដុត​ការិយាល័យ​រដ្ឋាភិបាល និង​អាគារ​ផ្សេងៗ​នៅ​ទីក្រុង​​វ៉ា​មេ​ណា ។​

​ផ្ទះ​និង​ហាង​ទំនិញ​ក៏​ក្លាយជា​ចំណី​ភ្លើង នៅពេល​មនុស្ស​រាប់រយ​នាក់​នាំគ្នា​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ ខណៈ​បាតុកម្ម​មួយទៀត​បាន​ផ្ទុះឡើង​នៅ​ទីក្រុង ចា​យ៉ាពូ​រ៉ា​របស់​ខេត្ត នៅ​​ពេល​កងកម្លាំ​សន្តិសុខ​បាន​បាញ់ព្រមា​ន​លើ​អ្នក​ប្រឆាំង​តវ៉ា​ដែល​ចោល​ដុំថ្ម​នៅ​សកល​វិទ្យាល័យ​មួយ​។​

​ការតវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្រុង​វ៉ា​មេ​ណា ដែល​ភាគច្រើន​ជា​និស្សិត ត្រូវបាន​គេ​និយាយ​ថា​បង្ក​ឡើង​ពី​សម្តី​ប្រកាន់​ជាតិ​សាសន៍​របស់​គ្រូ​ង​បង្រៀន​ម្នាក់​។​

​ប៉ូលិស​បាន​អោយដឹងថា ស្ថានភាព​នៅ​ក្រុង​វ៉ា​មេ​ណា​ស្ថិតក្នុង​ភាព​គ្រប់គ្រង​បាន ដោយ​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា «​ប៉ូលិស​និង​ទាហាន​បាន​ដោះស្រាយ​ឧបទ្ទវហេតុ​នៅ​​ក្រុង​វ៉ា​មេ​ណា​បាន​ដោយ​ជោគជ័យ​។​កងកម្លាំង​សន្តិសុខ​ក៏​ចាត់​វិធានការ​កុំអោយ​កុបកម្ម​រាលដាល​»​។​

​ចលាចល​ចុងក្រោយ​នេះ​កើត​ឡើង​នៅ​ពេល​ប៉ា​ពួរ ដែល​ជា​ពាក់កណ្តាល​ខាងលិច​នៃ​កោះ​ប៉ា​ពួរ​នូវែល​ហ្គី​ណេ បាន​ជួប​ការតវ៉ា​ហិង្សា​អស់​ពេល​រាប់​សប្តាហ៍ បង្កឡើង​ដោយ​កំហឹង​​ជាតិ​សាសន៍ ព្រម​ទាំង​ការ​អំ​នាវ​ជា​ថ្មី​អោយ​មាន​ស្វ័យគ្រប់គ្រង​នៅ​ទឹកដី​ដែល​ធ្លាប់​ជា​អតីត​អាណានិគម​ន​ហូ​ឡង់​នេះ​។​

​ការបះបោរ​ទាមទារ​ការផ្តាច់​ខ្លួន​កំរិត​ទាប​បាន​កញ្ជ្រោល​ឡើង​តិចៗ​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតាចាប់​យក​តំបន់​សំបូរ​រ៉ែ​នេះ​មក​គ្រប់គ្រង​​នៅ​ទសវត្សរ៍​១៩៦០​។​មាន​ការបោះឆ្នោត​មួយ​ដើម្បី​បញ្ជាក់​ថា​តំបន់​នេះ​បន្ត​ស្ថិតនៅក្នុង​ឥណ្ឌូនេស៊ី តែ​វា​ត្រូវបាន​គេ​យល់ថា​មាន​ការលួចបន្លំ​។​

​ឥណ្ឌូនេស៊ី​បាន​បញ្ជូន​ទ័ព​រាប់ពាន់​នាក់​ទៅ​បង្ក្រាប​និង​កំចាត់​ចលាចល​និង​មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការ​ញុះញង់​អោយមាន​កុបកម្ម​កាលពី​ពេមុន​នេះ​។​យ៉ាង​​ហោច​ណាស់​បាតុករ​និង​ទាហាន​ម្នាក់​បាន​ស្លាប់ តែ​ពួក​សកម្មជន​និយាយថា ចំនួន​ស្លាប់​នៃ​ជន​ស៊ីវិល​មាន​ខ្ពស់​ជាង​នេះ​ឆ្ងាយ​៕​ដោយ​៖​វាសនា​

​អាគារ​រដ្ឋ​មួយ​ឆេះ​នៅ​ក្រុង​វ៉ា​មេ​ណា​នៅក្នុង​ខេត្ត​ប៉ា​ពួរ ដោយសារ​ការដុត​របស់​បាតុករ​កាលពី​ថ្ងៃ​២៣​កញ្ញា​