ដូ​ណា​ល់​ត្រាំ​ថា លោក​មិន​ដែល​ឱ្យ​ក្រុម​CIA ប្រើ​បងប្រុស​របស់​គីម ជុង អ៊ុន​ធ្វើជា​ចារបុរស​ទេ​

440
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​ថា លោក​មិន​យល់​ស្រប​ជាមួយនឹង​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​(CIA )​ដោយ​ប្រើប្រាស់​សមា​​ជិក​គ្រួសា​ររបស់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន សម្រាប់​ជា​ប្រយោជន៍​នោះទេ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​របាយការណ៍​មួយ​ថា លោក គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​​លោក គីម ជុង​អ៊ុន​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ជួប​ទាក់ទង​ក្រុម​CIA​អាម៉េរិក​នៅ​មុនពេល​ត្រូវ​បាន​ធ្វើ​ឃាត​នៅ​ទីនោះ​កាលពី​ឆ្នាំ​២០១៧​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក បានដឹង​របាយការណ៍​អំពី​ការទាក់ទង​របស់លោក គីម ជុង​ណា​ម​ជា​មួយ​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​អាម៉េរិក ដែល​ត្រូវ​បាន​ចេញផ្សាយ​កាល​​ពី​ថ្ងៃ​ចន្ទ​ដោយ​កាសែត The Wall Street Journal ដែល​បាន​ស្រង់​សម្តី​របស់​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ ។​

​ប្រធានាធិបតី​អាម៉េរិក​នេះ​បាន​និយាយថា សារ​របស់​លោក​ទៅ​កាន់​មេដឹកនាំ​កូរ៉េខាងជើង​នេះ នឹង​អាច​ថា ” ខ្ញុំ​មិន​អនុញ្ញាត​ឱ្យ​រឿង​បែប​នេះ​កើតឡើង​នៅក្រោម​ការដឹកនាំ​របស់​​ខ្ញុំ​ទេ​” ។​

​ការអត្ថាធិប្បាយ​របស់​លោក​ដូណាល់​ត្រាំ​បាន​បន្តសរសើរ លោក គីម ជុង អ៊ុន​ទោះបីជា​ប្រទេស​កូរ៉េខាងជើង​នៅ​ឯកោ​ពី​ពិភពលោក​ដោយសារ​តែ​កម្មវិធី​នុយក្លេអ៊ែ​ររបស់​ប្រទេស​​នេះ និង​កំណត់ត្រា​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក៏​ដោយ ហើយ​សូម្បី​តែ​បន្ទាប់​ពី​ការចរចា​នុយក្លេអ៊ែរ​របស់​ពួកគេ បាន​បរាជ័យ កាលពី​ដើម​ឆ្នាំ​នៅ​វៀតណាម ក៏ដោយ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​ទើបតែ​ទទួលបាន​”​សំបុត្រ​ល្អ​មួយ​”​ពី​លោក​គីម ជុង​អ៊ុន និង​បាន​និយាយថា​លោក គីម ជុង អ៊ុន បាន​រក្សា​ពាក្យសន្យា​របស់​លោក​​ក្នុង​ការបញ្ឈប់​ការ​ធ្វើតេស្តិ៍​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​លោក គីម ជុង​ណា​ម ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ពេល​ស្ត្រី​២​នាក់​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​ដោយ​បាញ់​សារធាតុ​គីមី​ពុល​លើ​មុខ​របស់​គាត់​នៅ​អាកាស​​យានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ ៕​ដោយ​៖​សុខា​/sn

លោក​ត្រាំ​នៅតែ​សរសើរ​មេដឹកនាំ​កូរ៉េខាងជើង និង​ថា​ករណី​បងប្រុស​លោក​គីម​ទាក់ទង​CIA​លោក​អត់​ដឹង​ទេ​