ដូ​ណា​ល់​ត្រាំ​ប្តេជ្ញា​បង្កើន​ការវាយប្រហារ​លើ​ក្រុម​តា​លី​បង់ ចំ​ពេល​អាម៉េរិក​ប្រារព្ធ​ខួប​ការវាយប្រហារ​ថ្ងៃទី​១១​ខែ​កញ្ញា

236
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​១១​ខែកញ្ញា​បាន​សន្យា​បង្កើន​ការវាយប្រហារ​ខ្លាំង​ឡើង​លើ​ក្រុម​តា​លី​បង់​ចំ​ពេល​ដែល​សហរដ្ឋ​អាម៉េរិក បាន​ប្រារព្ធ​​ខួប​លើក​ទី​១៨ នៃ​ការវាយប្រហារ​ថ្ងៃទី​១១​ខែ​កញ្ញា​(​វាយប្រហារ ៩/១១) ដែល​បាន​នាំឱ្យ​ប្រទេស​នេះ​ធ្វើ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​សុន្ទរកថា​របស់​លោក​ដូណាល់​ត្រាំ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​លុបចោល​អ្វី​ដែល​នឹង​ក្លាយ​ជា​កិច្ច​ជំនួប​កំពូល​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថានជា​ប្រវត្តិសាស្ត្រ ហើយ​ខណៈ​ដែល​ក្រុម​​សាច់ញាតិ​បាន​ចងចាំ​ជនរងគ្រោះ​ទាំងឡាយ​នៃ​ការវាយប្រហារ​ភេរវកម្ម​ដ៏​ខ្លាំង នៅលើ​ទឹកដី​អាម៉េរិក​នៅឯ​ពិធី​នៅ​ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​វ៉ាស៊ីនតោន​។​

​នៅ​មន្ទីរ​បញ្ច​កោណ​ជាទី​ដែល​ធ្វើ​ពិធី​គោរព​និង​ផ្តល់​កិត្តិយស​ដល់​មនុស្ស​ជិត​៣.០០០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​អំពី​ការ​​បង្កើន​ការវាយប្រហារ​ដោយ​យោធា​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ទៅលើ​ក្រុម​តា​លី​បង់​។​

​លោក​បាន​និយាយថា ” ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ​នេះ កងទ័ព​អាម៉េរិក​បាន​វាយប្រហារ​សត្រូវ​របស់​យើង​យ៉ាង​ខ្លាំង​ជាង​អ្វីដែល​បាន​ធ្លាប់​វាយប្រហារ​កាលពីមុន ហើយ ​នោះ​នឹង​បន្ត​ទៅមុខ​ទៀត​”​។​

​លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា ការបង្កើន​ការវាយប្រហារ​ត្រូវបាន​បញ្ជា​បន្ទាប់ពី​លោក​បាន​លុបចោល​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​កាលពី​ចុង​សប្តាហ៍​ដើម្បី​សង​​សឹក​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដែល​បានសម្លាប់​ទាហាន​អាម៉េរិក​ម្នាក់​កាលពី​សប្តាហ៍​មុន​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា​របស់​លោក ស្ថិត​នៅ​សេត​វិមាន​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ១៨ នៃ​ការវាយប្រហារ​ថ្ងៃទី​១១​ខែ​កញ្ញា​

#