ដូ​ណា​ល់​ត្រាំ​៖​កិច្ច​ពិភាក្សា​នៅ​សេត​វិមាន​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន ” ល្អ​ណាស់​”

231
ចែករម្លែក

​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​បាន​បង្ហាញ​ការរីកចម្រើន​ក្នុង​ការរៀបចំ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​និយាយ​​ថា ការពិភាក្សា​រវាង ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ និង​ទីប្រឹក្សា​កំពូលៗ​បាន​ដំណើរការ​”​ល្អ​ណាស់​”​។​

​សេត​វិមាន​បាន​និយាយថា លោក ដូ​ណា​ល់ ត្រាំ បាន​ជួប ជាមួយ​ក្រុម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​រួមមាន រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អ៊ី​ស​ភើ និង លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ការ​​បរទេស និង​លោក ចូសេប ឌុ​នហ្វត នាយអគ្គសេនាធិការ​ចម្រុះ ហើយក៏​មាន​វត្តមានរ​បស់​លោក​ច​ន បុល​ថុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​និង លោក ហ្សា​ល់​ម៉ា​យ ខា​លី​ល​ហ្សា​ដ​​បេសកជន​ពិសេស​អាម៉េរិក​សម្រាប់ធ្វើ​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ ។​

​លោក ហូ​ហ្គាន ហ្គី​ដ​ឡេ អនុ​លេខាធិការ​ទទួលបន្ទុក​ព័ត៌មាន​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការពិភាក្សា​ផ្តោត​ជុំវិញ​ការចរចា​ដែល​កំពុង​បន្ត​របស់​យើង​​កិច្ចព្រមព្រៀង​សន្តិភាព​និង​បង្រួបបង្រួម​ជាតិ​ជាមួយ​ក្រុម​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​។ កិច្ចប្រជុំ​នេះ​ដំណើរការ​បាន​ល្អ​ណាស់​ហើយ​ការចរចា​កំពុងដំណើរការ ” ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បន្ថែម​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា “​ទើបតែ​បាន​បញ្ចប់​កិច្ចប្រជុំ​ដ៏​ល្អ​មួយ​ស្តី​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ មនុស្ស​ជាច្រើន​មានគំនិត​រួម​​ក្នុង​ការបញ្ចប់​សង្គ្រាម​១៩​ឆ្នាំនេះ ហើយ​ពួក​យើង​កំពុង​ស្វែងរក​ដំណោះស្រាយ ប្រសិនបើ​អាច​ធ្វើទៅបាន “៕​ដោយ​៖​សុខា​/sn

ទាហាន​អា​ហ្វ​ហ្គានី​ស្ថាន ឈរ​ការពារ​សន្តិសុខ​នៅ​កន្លែង​បំផ្ទុះ​គ្រាប់បែក​ដោយ​ក្រុម​តា​លី​បង់​នៅ​ច្រកចូល​ស្ថានីយ​ប៉ូលិស​នៅ​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី​៧​ខែ​សីហា​នេះ​