ដូ​ណា​ល់​ត្រាំ ព្រមាន​ថា ” អ្វីៗ​ទាំងអស់ដែល គីម ជុង​អ៊ុន មាន នឹង​បាត់បង់តាមរយៈ​អរិភាព​”

238
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ​ថា “​អ្វីៗ​ទាំងអស់​ដែលមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មាន​នោះ នឹង​បាត់បង់​​តាមរយៈ​អរិភាព​ចំពោះ​សហរដ្ឋ​អាម៉េរិក ” បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​និយាយថា​ខ្លួន​បានធ្វើ​ការសាកល្បង​អាវុធ​ថ្មី​ដ៏​សំខាន់​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​ការឆ្លើយតប​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Twitter​អំពី​ការសាកល្បង​ដែល​មិន​បាន​បញ្ជាក់​នៅ​មណ្ឌល​បាញ់​បង្ហោះ​អវកាស​សូ​ហ៊ែ​រ ថា លោក ​គីម ជុង​អ៊ុន ឆ្លាត​ពេក​ហើយ មាន​ការបាត់បង់​ច្រើន​ដ៏​ច្រើន​នូវ​អ្វីៗ​ដែលខ្លួន​មាន ប្រសិនបើ​គាត់​ប្រព្រឹត្ត​ធ្វើ​តាម​របៀប​អរិភាព​”​។​

​ការប្រកាស​នៃ​ការសាកល្បង​កាលពី​ថ្ងៃ​សៅរ៍​នោះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា​លោក​នឹង​មាន​ការភ្ញាក់ផ្អើល​ចំពោះ​សកម្ម​​ភាព​អរិភាព​ណាមួយ​ពី​កូរ៉េខាងជើង ដោយ​សង្កត់ធ្ងន់​ទៅលើ​”​ទំនាក់ទំនង​ល្អ​”​របស់លោកជាមួយ លោក គីម ជុង​អ៊ុន​។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ធ្វើ​ការព្រមាន​និង​ការប្រមាថ​គ្នា​ទៅវិញទៅមក​និង​គំរាមកំហែង​បំផ្លិចបំផ្លាញ​គ្នា​អស់​ពេល​ជា​ច្រើន​ខែ កាលពី​ឆ្នាំ ២០១៧ ដោយ​បាន​ធ្វើឱ្យ​មាន​ភាព​តានតឹង​កើនឡើង​នៅ​មុនពេល​មានការ​ខិត​ជិត​មករ​ក​គ្នា​ខាង​ការទូត​នៅ​ឆ្នាំ​បន្ទាប់​មក​នោះ​។​

​អ្នក​ទាំង​២​នេះ បាន​ជួបគ្នា​៣​ដង​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ ២០១៨ មក ​ប៉ុន្តែ​មាន​ជឿនលឿន​តិចតួច​ឆ្ពោះទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​កំណត់​​ពេល​កំណត់​នៅ​ថ្ងៃទី​៣១ ធ្នូ​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​សម្បទាន​ថ្មី​ដើម្បី​ចាប់ផ្តើម​ការចរចា​ដែល​បាន​ជាប់គាំង​នេះ​ឡើងវិញ​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​តាម​Twitter​ថា កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​របស់​លោក គីម ជុង​អ៊ុន មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ ប៉ុន្តែ​ត្រូវតែ​លុបបំបាត់ចោល​អាវុធ​នុយ​​ក្លេ​អ៊ែ​រដែល​ខ្លួន​បាន​សន្យា​។ អង្គការ NATO​ចិន រុស្ស៊ី ជប៉ុន​និង​ពិភពលោក​ទាំងមូល រួបរួម​គ្នា​លើ​បញ្ហា​នេះ​! “៕/Ha

លោក គីម ជុង អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ ឆ្លង​ខ្សែបន្ទាត់​ព្រំដែន​យោធា​ភាគខាងត្បូង​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ បោះជំហាន​ចូល​ទឹកដី​ខាង​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣០​ខែ​មិថុនា​ឆ្នាំ​២០១៩