ដូ​ណា​ល់ ត្រាំ គំរាម​កាត់​ជំនួយ​ប្រទេស​ណា​ដែល​បោះឆ្នោត​ប្រឆាំង​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​

1024

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២០​ធ្នូ បាន​គំរាម​កាត់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​ណា ដែល​គាំទ្រ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

​កាលពី​ដើមខែ​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​ចាត់វិធានការ​នេះ ចំពេល​មានការ​រិះគន់​ពី​អន្តរជាតិ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា “​ពួកគេ​ទទួល​យកលុយ​រាប់រយ​លាន​ដុល្លារ​និង​ច្រើនជាង​នេះ គឺ​រាប់ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់មក ពួកគេ​បោះឆ្នោត​ប្រឆាំង​យើង​។ ឱ្យ​ពួកគេ​បោះឆ្នោត​ប្រឆាំង​យើង​ចុះ យើង​នឹង​នៅសល់​លុយ​ច្រើន យើង​មិន​ខ្វល់​ទេ​”​។​

​សេចក្តី​អត្ថាធិប្បាយ​របស់លោក បាន​កើតឡើងមួយថ្ងៃ​នៅមុន​ការបោះឆ្នោត​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​ដំណោះស្រាយ​ប្រឆាំងនឹង​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

​សេចក្ដីព្រាង​នៃ​សេចក្តីសម្រេច​នេះ មិន​និយាយ​ពី​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ និយាយថា​ការសម្រេចចិត្ត​ណាមួយ​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម គួរតែ​ត្រូវបាន​លុបចោល​។​

​នៅពេល​មុននេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី នី​ក​គី ហេ​លី បាន​ព្រមាន​រដ្ឋ​ជា​សមាជិក​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សុំឱ្យ​លោកស្រី​រាយការណ៍​អំពី “​អ្នក​(​ប្រទេស​)​ដែល​បាន​បោះឆ្នោត​ប្រឆាំង​យើង​” នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​២១​ខែធ្នូ​)​។​

​ឋានៈ​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​បាន​ក្លាយជា​ចំណុច​ជម្លោះ​ខ្លាំង​ឡើង​រវាង អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​អ៊ីស្រាអែល​បាន​ចូលកាន់​កាប់​ភាគ​ខាងកើត​នៃ​ទីក្រុង​នេះ ដែល​ធ្លាប់​កាន់កាប់​ដោយ​ប្រទេស​ហ្ស៊​កដា​នី​ពីមុន​នៅក្នុង​សង្គ្រាម​មជ្ឈិមបូព៌ា​ឆ្នាំ ១៩៦៧ និង​ចាត់ទុក​ទីក្រុង​ទាំងមូល​នេះ​ជា​រដ្ឋធានី​ដែល​មិនអាច​បំបែក​បាន​របស់ខ្លួន ខណៈដែល​ប៉ា​ឡេ​ស្ទី​ន​អះអាង​សិទ្ធិ​កាន់​ភាគ​ខាងកើត​នៃ​ទីក្រុង​នេះ​ផងដែរ​៕ ដោយ៖ សុខា

១៤​រដ្ឋ​បាន​គាំទ្រ​សេចក្តីស្នើ​ដែល​ស្រដៀង​គ្នា​មួយ​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ