ដូ​ណា​ល់ ត្រាំ គំរាម​កាត់​ជំនួយ​អាមេរិក​ឱ្យទៅ​ប៉ា​គី​ស្ថាន​

356

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មករា​ថា សហរដ្ឋអាមេរិក​បាន​ផ្តល់ប្រាក់​ជំនួយ​ជាង​៣៣​ពាន់​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន​ក្នុង​អស់​រយៈពេល​១៥ ឆ្នាំ ខណៈដែល​មិន​ទទួលបាន​អ្វី​សោះ ហើយ​បាន​សន្យាថា​នឹង​បញ្ឈប់​ជំនួយ​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​ពួកគេ​ផ្តល់​កន្លែង​សុវត្ថិភាព​ដល់​ក្រុម​ភេរ​វករ ដែល​យើង​តាមរក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយមាន​ការជួយ​តិច​តួច ។ នឹងមិន​មានការ​ផ្តល់​ជំនួយ​ទៀត​ទេ​។ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយឥតសំណង​ចំនួន​ជាង ៣៣​ពាន់​លាន​ដុល្លារ​ក្នុង​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ ប៉ុន្តែ ពួកគេ​មិនបាន​ផ្តល់​អ្វី​ទាល់តែសោះ​។ ពួកគេ​និយាយ​ភូតភរ​និង​លាក់លៀម ដោយ​គិតថា ក្រុម​មេដឹកនាំ​របស់​យើង​ជាម​នុស្ស​ល្ងីល្ងើ​”​។​

​គេ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​អ្វីដែល​បាន​ជំរុញឱ្យមាន​ការរិះគន់ ដោយ លោក ដូ​ណា​ល់ ត្រាំ​ចំពោះ​ប៉ា​គី​ស្ថាន ប៉ុន្តែ លោក​បាន​ត្អូញត្អែរ​ជា​យូរ​មកហើយ ថា​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ (​ប៉ា​គី​ស្ថាន​) មិនបាន​ប្រឹងប្រែង​គ្រប់គ្រាន់​ដើម្បី​ចាត់វិធានការ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​ទេ​។​

​កាសែត New York Times បាន​រាយការណ៍​នៅ​ថ្ងៃទី​២៩​ខែធ្នូ​ថា រដ្ឋបាល​របស់​ដូ​ណា​ល់ ត្រាំ​កំពុង​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​ថា​តើ​ត្រូវ​ឃាត់ទុក​ប្រាក់​ជំនួយ​អាមេរិក​ចំនួន​២២៥​លាន​ដុល្លារ​សម្រាប់​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​នេះ ឬ​យ៉ាងណា​នោះ​។​

​កាសែត​នេះ​បាន​និយាយថា មន្ត្រី​អាមេរិក​បាន​ស្វែងរក​ការ​ផ្តាច់ជំនួយ​នេះ ប៉ុន្តែ​ត្រូវបាន​បដិសេធថា វា​មិន​ជាប់ទាក់ទង​ទៅនឹង​សមាជិក​ម្នាក់​នៃ​បណ្តាញ​ក្រុម​ហាក់​កា​នី (Haqqani) ដែល​ទាក់ទង​នឹង​ក្រុម​តា​លី​បង់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដែលមាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក យ៉ាងហោចណាស់​ម្នាក់​៕ ដោយ៖ សុខា

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ