ដូ​ណា​ល់ ត្រាំ គំរាម​បញ្ឈប់​ការផ្តល់​ជំនួយ​ទៅ​ប៉ា​ឡេ​ស្ទី​ន ដោយសារ​ជម្លោះ​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​

238

​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​អាច​បញ្ឈប់​ការផ្តល់ប្រាក់​ជំនួយ​ដល់​ប៉ា​ឡេ​ស្ទី​ន ដែល “​មិនមាន​ឆន្ទៈ​ក្នុង​ការចរចា​សន្តិភាព​”​។​

​ដោយបាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ (Twitter) លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​មិន​ទទួលបាន “​គុណ​តម្លៃ​ឬ​ការគោរព​នោះទេ​” ដែលជា​ថ្នូរ​នឹង​ការផ្តល់​ជំនួយ​របស់ខ្លួន​។​

​លោក​ក៏បាន​និយាយ​ផងដែរ​ថា ការទទួលស្គាល់​ដ៏​ចម្រូងចម្រាស់​របស់លោក​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែលមាន​ជម្លោះ ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នោះ បាន​ដកចេញ​នូវ​ការខ្វែងគំនិត​គ្នា​ដ៏​ខ្លាំង​ពី​តុ​ចរចា​សម្រាប់​ការចរចា​សន្តិភាព​ថ្មី​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា ចំណាត់ការ​នេះ បង្ហាញថា​សហរដ្ឋអាមេរិក​មិនអាច​ធ្វើជា​អ្នក​ជួយ​សម្របសម្រួល​ដ៏​អព្យាក្រឹត​ទេ​។​

​ភ្លាមៗ​បន្ទាប់ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ត្រូវបាន​ប្រកាស​កាលពី​ខែធ្នូ​នោះ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ាស​ម៉ូត អាប់​បាស់ (Mahmoud Abbas) បាន​និយាយថា លោក​នឹងមិន​ទទួលយក​ផែនការ​សន្តិភាព​របស់​អាមេរិក​សម្រាប់​មជ្ឈិម​បូព៌ា​ទេ​។​

​ការសម្រេចចិត្ត​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​នៅ​អង្គការសហប្រជាជាតិ​ជាទី​ដែល​ប្រទេស​ចំនួន​១២៨​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់ លោក ដូ​ណា​ល់ ត្រាំ ដែល​ទាក់ទង​នឹង​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម នេះ​៕ ដោយ៖ សុខា

លោក ដូ​ណា​ល់ ត្រាំ