ដូ​ណា​ល់ ត្រាំ ថា​កូរ៉េខាងត្បូង​នឹងមិន​លុបចោល​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដោយ​គ្មាន​ការយល់ព្រម​ពី​សហរដ្ឋអាមេរិក​

1539

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី១០តុលាថា កូរ៉េខាងត្បូងនឹងមិន​លុប​ចោលការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោយគ្មានការអនុម័តយល់ព្រមពីសហរដ្ឋអាមេរិកនោះទេ។

លោក ដូណាល់ ត្រាំ បាននិយាយដូចនេះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបាននិយាយថា​ទណ្ឌកម្មឯក​តោភាគីមួយចំនួនរបស់ខ្លួន កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ។

ការបដិសេធរបស់លោក ដូណាល់ ត្រាំ ចំពោះការកាត់បន្ថយទណ្ឌកម្មរបស់កូរ៉េខាងត្បូងតែឯងដូចនេះ បង្ហាញឱ្យឃើញអំពីជំហរផ្លូវការរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលប្រទេសទាំង២នេះ នៅតែមានការជាប់គាំងចំពោះបញ្ហាកូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ បានលើកទឹកចិត្តសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិករក្សាទណ្ឌកម្មលើកូរ៉េខាងជើងរហូតដល់ប្រ​ទេសកុំម្មុយនីស្តនេះលុបបំបាត់នុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃយុទ្ធនាការ “បង្ខិតបង្ខំអតិបរមា” របស់រដ្ឋបាលរបស់លោកត្រាំប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

នៅពេលត្រូវបានសួរអំពីរបាយការណ៍ដែលថា​កូរ៉េខាងត្បូងបានកំពុងពិចារណាដកទណ្ឌកម្មមួយចំនួនប្រឆាំងកូរ៉េខាងជើងនោះ លោក ដូណាល់ ត្រាំបាននិយាយថា “ពួកគេនឹងមិនធ្វើវាដោយគ្មានការយល់ព្រមរបស់យើងទេ។ ពួកគេមិនធ្វើអ្វីមួយដោយគ្មានការយល់ព្រមពីយើងនោះទេ” ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាំង គ្យុង វ៉ា បានលើឡើងអំពីគំនិតនេះនៅសភាកាលពីថ្ងៃពុធថារដ្ឋា​ភិបាលក្រុងសេអ៊ូលកំពុងពិចារណាបន្ថយការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងកូរ៉េខាងជើងដើម្បីជាការលើកទឹកចិត្តដែលនាំដល់ការរំលាយចោលអាវុធនុយក្លេអ៊ែររបស់របស់កូរ៉េខាងជើង។

កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើកូរ៉េខាងជើងនៅឆ្នាំ២០១០ បន្ទាប់ពីមានការវាយប្រហារទៅលើនាវាចម្បាំងមួយដែលបានសម្លាប់ក្រុមនាវិកកូរ៉េខាងត្បូងចំនួន៤៥នាក់ ដោយហាមឃាត់ការធ្វើពា​ណិជ្ជកម្មទ្វេភាគីនិងបំរាមដោះដូរទំនិញមួយចំនួនទៀត៕ដោយ៖សុខា/sn

ដូណាល់ ត្រាំ ថា​ កូរ៉េខាងត្បូងនឹងមិនលុបចោលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក