ដូ​ណា​ល់ ត្រាំ ថា​ទំនាក់ទំនង​មិត្តភាព​ជាមួយ ស៊ី ជីន​ពីង អាច​បញ្ចប់​

3045
ចែករម្លែក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២៦កញ្ញាបាននិយាយថា ទំនាក់ទំនងមិត្តភាពរបស់ លោកជាមួយសមភាគីចិន លោក ស៊ី ជីនពីង អាចនឹងបញ្ចប់នៅពេលដែល ​លោកបានចោទប្រកាន់ រដ្ឋាភិបាលក្រុងប៉េកាំងថាបានធ្វើឱ្យប៉ះពាល់ដល់ក្តីរំពឹងទុករបស់លោកនៅក្នុងការបោះឆ្នោត​នាពេលខាងមុខនេះ ។

ដោយភាពតានតឹងកើនឡើងយ៉ាងខ្លាំងរវាងភាគីទាំង២លើបញ្ហាជាច្រើននោះ លោក ដូណាល់ ត្រាំ បាននិយាយថា ចិនចង់ឱ្យលោកទទួលការបរាជ័យក្នុងការបោះឆ្នោតដែលជាការសងត្រឡប់វិញចំពោះការប្រកាន់តឹងរបស់លោកលើការធ្វើពាណិជ្ជកម្ម។

បន្ទាប់ពីចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបានប្រើយុទ្ធសាស្រ្តផ្សេងៗដើម្បីបំផ្លាញឱកាសរបស់លោកនៅការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅខែវិច្ឆិកានោះ លោកបាននិយាយថា ទំនាក់ទំនងជាមួយ លោក ស៊ី ជីនពីង​ អាចនឹងវិលត្រឡប់រកភាពអាក្រក់ខ្លាំងឡើង។

លោក ដូណាល់ ត្រាំបាននិយាយជាច្រើនលើកចាប់តាំងពីលោកបានឡើងកាន់អំណាចអំពីទំនាក់ទំនងមិត្តភាពជាមួយលោក ស៊ី ជីនពីង​ ដោយបានសរសើរមេដឹកនាំចិននេះ ចំពោះការចូលពាក់ពន្ធរបស់លោកក្នុងការជួយដាក់សម្ពាធលើកូរ៉េខាងជើងអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប៉ុន្តែ នៅពេលត្រូវបានសួរនៅសន្និសីទកាសែតមួយនៅទីក្រុងញូវយ៉កអំពីថាតើ លោក ស៊ី ជីនពីង អាចនៅជាមិត្តរបស់លោកបានយ៉ាងម៉េចដែរនៅក្នុងស្ថានភាពតានតឹងឡើង​បែបនេះនោះ លោក ដូណាល់ ត្រាំ បាននិយាយថាលោកពេញចិត្តនឹងត្រូវបានគេគោរព ជាជាងការចូលចិត្ត។

លោក ដូណាល់ ត្រាំ ដែលធ្លាប់បាននិយាយថាសេដ្ឋកិច្ចអាមរិក អាចដោះស្រាយយ៉ាងងាយស្រួលនូវផលប៉ះពាល់នៃជម្លោះពាណិជ្ជកម្មនេះ បាននិយាយថា ” លោក(ស៊ី ជីនពីង) អាចមិនជាមិត្តម្នាក់ក្នុងចំណោមមិត្តច្រើននាក់របស់ខ្ញុំ ប៉ុន្តែ ខ្ញុំគិតថា​ លោកប្រហែលជានៅគោរពខ្ញុំ”។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះបានអនុម័តពន្ធថ្មីប្រឆាំងចិនដោយដាក់ពន្ធលើទំនិញចិនសរុបចំនួន២០០ពាន់លានដុល្លារបន្ថែមទៀតដោយមិនព្រួយបារម្ភអំពីការគំរាមកំហែងនៃវិធានការប្រឆាំងវិញពីរដ្ឋាភិបាលក្រុងប៉េកាំងឡើយ៕ដោយ៖សុខា/sn

លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង ក្នុងជំនួប កាលពីពេលកន្លងទៅ