ដូ​ណា​ល់ ត្រាំ ថា​នឹង​ធ្វើការ​ជាមួយ ស៊ីន ហ្សូ អា​បេ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ជប៉ុន​

3272
ចែករម្លែក

​បន្ទាប់ពី​មាន​ជំនួប​នៅ​សេត​វិមាន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន ហ្សូ អា​បេ មក ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​ទី​៧​ខែមិថុនា ថា​មេដឹកនាំ​ទាំង​២ បានធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មាន​ភាពល្អប្រសើ​រ​ឡើង​ហើយ​ថា​លោក ស៊ីន ហ្សូ​អា​បេ បាន​សន្យា​ធ្វើការ​វិនិយោគ​ជាថ្មី​រប​ស់ជ​ប៉ុន​នៅ​សហរដ្ឋអាមេរិក​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមគ្នា លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា លោក ស៊ីន ហ្សូ​អា​បេ​បាន​ប្រាប់​លោក​ថា ជប៉ុន​បាន​កំពុង​ទិញ “​ផលិតផល​ច្រើន​មុខ អស់​ទឹក​​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដោយ​រួមទាំង​ការទិញ​យន្តហោះ​យោធា យន្តហោះ​ដឹក​អ្នកដំណើរ និង​កសិកម្ម​ផល​ជាច្រើន​មុខ​” ។​

​លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា “​យើង​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្មរ​បស់​យើង​និង​ដក​របាំង​ឧបសគ្គ​ចេញ​សម្រាប់​ការនាំចេញ​​របស់​សហរដ្ឋអាមេរិក​និង​ដើម្បី​សម្រេចបាន​ភាពជា​ដៃគូ​សេដ្ឋកិច្ច ប្រកបដោយ​យុត្តិធម៌ និង​ផលប្រយោជន៍​ទៅវិញទៅមក​”​។​

​ប្រទេស​ជប៉ុន​ដែល​ជាស​ម្ព​ន្ធ​មិត្ត​សំខាន់​របស់​សហរដ្ឋអាមេរិក គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​មួយចំនួន​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ការដាក់​​ពន្ធគយ​របស់​អាមេរិក​លើ​ដែកថែប​ដែល​បានដាក់​នៅ​ឆ្នាំនេះ​។ រដ្ឋបាល​របស់​ដូ​ណា​ល់ ត្រាំ ក៏បាន​គំរាម​យកពន្ធ​បន្ថែម​ផងដែរ​លើ​ការ​នាំចូល​រថយន្ត​ជប៉ុន​។​

​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់បាន​កិច្ចព្រមព្រៀង ទ្វេភាគី​មួយ​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ជប៉ុន​ខណៈ​​រដ្ឋាភិបាល​របស់លោក ស៊ីន ហ្សូ​អា​បេ បាន​និយាយថា​កិច្ចព្រមព្រៀង​ពហុភាគី នឹង​ល្អ​បំផុត​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ីន ហ្សូ​អា​បេ ចាប់ដៃគ្នា​ក្នុងអំឡុង​ធ្វើ​សន្និសីទកាសែត​រួមគ្នា​មួយ​នៅ​សេត​វិមាន