ដូ​ណា​ល់ ត្រាំ ថា លោក​មិន​ប្រញាប់ប្រញាល់​ទេ​បន្ទាប់ពី​ជំនួប​ចរចា​អាមេរិក​-​កូរ៉េខាងជើង ត្រូវបាន​ន្យា​រ​ពេល​

476
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធទី៧វិច្ឆិកាថា​ សហរដ្ឋអាមេរិកមិនមានការប្រញាប់ប្រញាល់ទេ បន្ទាប់ពីកិច្ចចរចាររវាងអ្នកការទូតជាន់ខ្ពស់របស់លោកនិងបេសកជនជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានពន្យារពេល ។

លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចជំនួបដែលបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៨ខែវិច្ឆិកានៅទីក្រុងញូវយ៉ក នឹងត្រូវរៀបចំធ្វើឡើងវិញ ហើយថាលោកនៅតែរំពឹងថានឹងធ្វើកិច្ចជំនួបកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុននៅដើមឆ្នាំក្រោយ។

ភាគីទាំង២មិនបានពន្យល់ឱ្យបានច្បាស់ថាហេតុអ្វីកិច្ចពិភាក្សាដែលបានគ្រោងទុករវាងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ម៉ៃ ផមផេវ និង និងលោក គីម យ៉ុង ឆូល ជំនួយការជាន់ខ្ពស់ របស់មេដឹកនាំកូរ៉េខាងជើងនេះ ត្រូវបានពន្យារពេល នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក រ៉ូបឺត ប៉ាល់ឡាឌីណូ បាននិយាយថា វាជា “បញ្ហានៃការកំណត់ពេលវេលាតែប៉ុណ្ណោះ” ប៉ុន្តែ បានបដិសេធមិននិយាយលម្អិតនោះទេ។

ក្រសួងការបរទេសអាមេរិកបាននិយាយថា កិច្ចជំនួបនេះនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទក្រោយដែលមិនបានកំណត់ នៅពេលដែល កាលវិភាគរបស់យើងអនុញ្ញាត” ។ ទោះជាយ៉ាងណា ប្រព័ន្ធសេវាឃោសនារបស់ កូរ៉េខាងជើងមិនបាននិយាយអំពីកិច្ចជំនួបនេះទេ។

មានការរីកចម្រើនផ្នែកការទូតតិចតួចក្នុងរយៈពេល៥ខែចាប់តាំងពីកិច្ចជំនួប​កំពូលកាលខែមិថុនានៅសិង្ហបុរីដែលមេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងនេះ បានប្តេជ្ញាថានឹងរំសាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដែលមានការបែកបាក់គ្នានេះ។

ព័ត៌មានស្តីពីការពន្យារពេលនេះ បានកើតឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រចំពោះការបន្តគាំទ្រការដាក់ទណ្ឌកម្មរបស់ខ្លួននិងបាននិយាយថាខ្លួនអាចបន្តការអភិវឌ្ឍនុយក្លេអ៊ែរឡើងវិញ៕ដោយ:សុខា/sn

លោក ដូណាល់ ត្រាំ ​និយាយក្នុងអំឡុងធ្វើសន្និសីទកាសែតមួយនៅសេតវិមានកាលពីថ្ងៃពុធ