ដូ​ណា​ល់ ត្រាំ ទទួល​បាន​លិខិត​ពី​កូរ៉េខាងជើង​និង​ថា ទំនងជា​មាន​ការពិភាក្សា​ថែម​ទៀត​

189
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​សីហា​ថា លោក​បាន​ទទួល​លិខិត​មួយ​ដែល​៣​មាន​ទំព័រ​ដ៏​ស្រស់ស្អាត​មួយ​ពី​លោក គីម ជុង អ៊ុន ​មេដឹកនាំ​កូរ៉េខាងជើង ហើយ​បាន​ព្យាករណ៍​ថា​មេដឹកនាំ​ទាំង​២​នេះ​នឹង​មាន​ការពិភាក្សា​បន្ថែម​ទៀត​ដើម្បី​ព្យាយាម​ដោះស្រាយ​ការជាប់គាំង​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាងជើង​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយថា លោក​មិន​ខឹងសម្បា​និង​ព្រួយបារម្ភ​ចំពោះ​ការបាញ់​មី​ស៊ី​ល​ដែល​លោក គីម ជុង អ៊ុន បាន​បាញ់​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទេ​ដែល​ធ្វើឱ្យ​សម្ព​ន្ធ​​មិត្ត​អាម៉េរិក​នៅក្នុង​តំបន់ មាន​ការព្រួយបារម្ភ​។ ប្រធានាធិបតី​អាម៉េរិក​នេះ​បាន​និយាយ​ថា​មី​ស៊ី​ល​ទាំងនេះ​គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​និង​បាន​បញ្ជាក់​ជា​ថ្មី​ថា​កូរ៉េ​ខាងជើង​​មិន​ដែល​រំលោភ​ការសន្យា​របស់​ខ្លួន​ក្នុង​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ​ទេ​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយថា លោក គីម ជុង​អ៊ុន បាន​ប្រាប់​លោក​នៅក្នុង​លិខិត​នោះ​ថា​លោក​មាន​ការខកចិត្ត​ចំពោះ​សមយុទ្ធ​យោធា​អាម៉េរិក -​កូរ៉េខាងត្បូង​នៅពេល​ថ្មីៗ​​នេះ ដែល​កូរ៉េខាងជើង​ចាត់ទុកថា​ជា​ការគំរាមកំហែង​។​

​មេដឹកនាំ​ទាំង​២​នេះ បាន​ជួបគ្នា​ចំនួន​៣​លើក​គឺ​នៅ​សិង្ហ​បុរី ក្រុង​ហាណូយ​និង​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំង​ពីរ​កាលពី​ចុងខែ​មុន ប៉ុន្តែ​មិន​ទាន់​មាន​កិច្ចពិភាក្សា​ថ្មី​ណាមួយ ត្រូវបាន​គ្រោងទុក​នោះ​ទេ​។ នៅ​កិច្ច​ជំនួប​លើក​ទី​២ របស់​ពួកគេ​នៅ​វៀតណាម​កាលពី​ខែ​កុម្ភៈ លោក ដូ​ណា​ល់ ត្រាំ​បាន​ច្រាន​ចោល​ការទាមទារ​របស់លោក គីម ជុង​អ៊ុន​ឱ្យមាន​​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដែលជា​ថ្នូរ​នឹង​ការបំផ្លាញ់​ចោល​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​លោក​បាន​ទទួល​លិខិត​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ ” វា​ជា​លិខិត​វិជ្ជមាន ហើយ​នឹង​មាន​ជំនួប​មួយ​ផ្សេង​ទៀត ” ៕​ដោយ​៖​សុខា​/sn

ត្រាំ ថា​លោក​មិន​ខឹងសម្បា​និង​ព្រួយបារម្ភ​ចំពោះ​ការបាញ់​មី​ស៊ី​ល​ដែល​លោក គីម ជុង អ៊ុន បាន​បាញ់​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទេ​