ដូ​ណា​ល់ ត្រាំ ទៅកាន់​រដ្ឋ​តិច​សាស ដែល​រងគ្រោះ​ខ្លាំង​ដោយ​ខ្យល់ព្យុះ ខណៈដែល​តំបន់​នេះ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត

698

គ្រោះ​ទឹក​ជំ​ន់​ដ៏​មហន្តរាយ​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ត្រូវបាន​រំពឹងថា​នឹង​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ ស្រប​ពេលដែល​ទឹកជំនន់​កើនឡើង​ខ្ពស់ បន្ទាប់ពី​មាន​ខ្យល់ព្យុះ​បក់បោក​ខ្លាំង​ជា​ប្រ​វិ​ត្តិ​សាស្ត្រ​។​

​ទឹកភ្លៀង​កម្ពស់​៧៥​សង់ទីម៉ែត្រ បាន​ធ្លា​ក់នៅ​ទីក្រុង​ហូ​ស្តុ​ន នៅក្នុង​រដ្ឋ​តិច​សាស បន្ទាប់ពី​មាន​ខ្យល់ព្យុះ​ហា​វី ដែល​នាំ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ការ​ជន់​លិច​ផ្លូវ​ជាច្រើន​។​

​ប៉ុន្តែ មានការ​ព្យាករណ៍​ថា កម្រិត​ភ្លៀង​ធ្លាក់​អាច​នឹង​កើនឡើង​ជិត​ទ្វេដង​នៅ​ចុង​សប្តាហ៍​នេះ​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​សន្យា​ចាត់វិធានការ​បន្ទាន់​ដើម្បី​ជួយ​មនុស្ស​ទាំងឡាយ​ដែល​រងគ្រោះ​នេះ ។ លោក ដូ​ណា​ល់ ត្រាំ បានគ្រោង​ធ្វើដំណើរ​ទៅ​រដ្ឋ​តិច​សាស នៅ​ថ្ងៃ​អង្គារ​ទី​២៩​ខែសីហា​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​បានស្នើ​សភា​អំពី​ការផ្តល់​មូលនិធិ​សង្គ្រោះ និង​បាន​ព្រមាន​ថា​ស្ថានភាព​នេះ នឹង​អាច​អាក្រក់​ខ្លាំង​ជាង​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​យល់ព្រម​ផងដែរ​ចំពោះ​ការប្រកាស​ភាពអាសន្ន​ស​ម្រា​ប់​រដ្ឋ​ល្វី​សៀ​ណា ដែល​ជិត​រដ្ឋ​នេះ​ផងដែរ​។​

​ខ្យល់ព្យុះ​ហា​វី បាន​បង្កឱ្យមាន​បំណាក់​ដី កាលពី​ថ្ងៃ​សុក្រ និង​បង្ក​ជា​ទឹកជំនន់​ខ្លាំង ដែល ក្រុមមន្ត្រី​និយាយថា​គ្រោះធម្មជាតិ​បែបនេះ​មិន​ធ្លាប់មាន​ពីមុន​នោះទេ​។ ប៉ុន្តែ ក្រោយមក ខ្យល់ព្យុះ​នេះ បាន​ថមថយ​កម្លាំង​។​

​មនុស្ស​ជាង​៣.០០០​នាក់ ត្រូវបាន​សង្គ្រោះ​នៅ​ទីក្រុង​ហូ​ស្តុ​ន ។ ក្រុមមន្ត្រី​រដ្ឋ​តិច​សាស បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុដែល​ទាក់ទង​នឹង​ខ្យល់ព្យុះ​នេះ​។ សមាជិក​៦​នាក់​នៃ​គ្រួសារ​តែមួយ​នេះ បាន​ស្លាប់ នៅពេលដែល​បាន​ព្យាយាម​រត់​ចេញពី​ទឹកជំនន់​ដែល​លិច​នេះ​។​

​ក្រុមមន្ត្រី​រំពឹងថា ជនរងគ្រោះ​មហន្តរាយ​ចំនួន​ពាក់កណ្តាល​លាន​នាក់ នឹង​ស្វែងរក​ជំនួយ​សង្គ្រោះ​នៅ​រដ្ឋ​តិច​សាស ហើយ​មនុស្ស​៣០.០០០​នាក់​នឹងត្រូវ​បានផ្តល់​ទីជម្រក​នៅតាម​មណ្ឌល​សង្គ្រោះ​។ មណ្ឌល​ពិនិត្យ​ខ្យល់ព្យុះ​ជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ទឹកជំនន់​ដែល​បង្ក​មហន្តរាយ​និង​គំរាមកំហែង​ជីវិត​មនុស្ស​នេះ នឹង​បន្ត​មាននៅ​ទូទាំង​រដ្ឋ​តិច​សាស ភាគ​អាគ្នេយ៍​”៕ ដោយ៖ សុខា

​ក្រុមមន្ត្រី​រំពឹងថា ជនរងគ្រោះ​មហន្តរាយ​ចំនួន​ពាក់កណ្តាល​លាន​នាក់ នឹង​ស្វែងរក​ជំនួយ​សង្គ្រោះ​នៅ​រដ្ឋ​តិច​សាស ហើយ មនុស្ស​៣០.០០០​នាក់ នឹងត្រូវ​បានផ្តល់​ទីជម្រក​នៅតាម​មណ្ឌល​សង្គ្រោះ