ដូ​ណា​ល់ ត្រាំ និង​ជំទាវ​ទី​១ មក​ទទួល​ស្វាគមន៍ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​កូរ៉េ ៣ នាក់ ដែល​កូរ៉េខាងជើង​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​

995
ចែករម្លែក

​ជនជាតិ​អាមេរិក​ដើមកំណើត​កូរ៉េ​៣​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​អស់​រយៈពេល​ជាង​១​ឆ្នាំ ត្រូវបាន​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅក្រោម​ទង់ជាតិ​អាមេរិក​ដ៏​ធំ បន្ទាប់ពី​ពួកគេ​ត្រឡប់មក​ទឹកដី​អាមេរិក​វិញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ឧសភា​។​

​ទោះបី​យន្តហោះ​ចុះចត​នៅ​ពាក់កណ្តាល​យប់​ក៏ដោយ ក៏​លោកជំទាវ​ទី​១ មេ​ឡា​នៀ ត្រាំ អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន និង​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​បាន​ចូលរួម​ជាមួយ​លោក​ត្រាំ​ដើម្បី​អបអរ​ឱកាស​នេះដែរ​។ បុរស​ទាំង​៣ ឈ្មោះ គីម ដុង​ឈុ​ល​, គីម ហាក់ សុង និង តូ​នី គីម ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ពុធ ទី​៩ ឧសភា ចំពេល​ដែលមាន​ទំនាក់ទំនង​កក់ក្តៅ​រវាង​គូសត្រូវ​ចាស់វស្សា​ទាំង​២​។​

​ប្រធានាធិបតី​និង​ជំទាវ​ទី​១​បាន​ឡើង​ជិះ​លើ​យន្តហោះ​វេជ្ជសាស្ត្រ ដែល​បុរស​ទាំង​៣​បានធ្វើ​ដំណើរ ដើម្បី​បាន​ឱកាស​សន្ទនា​ជា​លក្ខណៈ​ឯកជន​ជាមួយ​ពួកគេ បន្ទាប់មក​បង្ហាញមុខ​នៅលើ​ជណ្ដើរ​យន្តហោះ​ជាមួយនឹង​អ្នក​ទាំង​៣ ហើយ​បាន​ទះដៃ​អបអរសាទរ ខណៈដែល​បុរស​ទាំង​៣​បាន​លើកដៃ​របស់​ពួកគេ​នៅក្នុង​អ្វីដែល​ហាក់ដូចជា​កាយវិការ “​ជ័យជម្នះ​”​។​

​លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នេះ​គឺជា​រាត្រី​ពិសេស​សម្រាប់​ប្រជាជន​ដ៏​អស្ចារ្យ​ទាំង​៣​។ និយាយ​អំពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​កូរ៉េខាងជើង លោក​ត្រាំ​បាន​និយាយថា “​យើង​កំពុង​ចាប់ផ្តើម​ដើរ​នៅលើ​ចំណុច​ថ្មី​”​។​

​ដោយ​ថ្លែងអំណរគុណ​ដល់​លោក​គីម​ជុង​អ៊ុន​សម្រាប់​ការដោះលែង​ជនជាតិ​អាមេរិក​ទាំង​៣ លោក​ត្រាំ​បាន​និយាយថា លោក​ជឿជាក់ថា លោក​គីម​ចង់​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ លោក​ប្រធានាធិបតី​បាន​និយាយថា “​ខ្ញុំ​ពិតជា​គិតថា គាត់​ចង់​ធ្វើ​អ្វីមួយ​”​។​

​បន្ទាប់ពី​សុន្ទរកថា​របស់លោក​ត្រាំ បុរស​ទាំង​៣​បាន​ជិះ​រថយន្ដក្រុង​ទៅកាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា Walter Reed ។ សេត​វិមាន​បាន​និយាយ​មុននេះ​ថា ពួកគេ​ទាំង​៣​នឹង​ត្រូវបាន​វាយតម្លៃ​និង​ទទួល​ការព្យាបាល​នៅឯ​មណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​វ៉ាស៊ីនតោន​នេះ​។ ក្រុមគ្រួសារ​របស់​ពួកគេ​មិនបាន​ចូលរួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​ភរិយា​មក​ទទួល​ស្វាគមន៍​បុរស​ទាំង ៣ ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​ក្រុង​វ៉ាស៊ីនតោន