ដូ​ណា​ល់ ត្រាំ បញ្ជា​ឱ្យ​ស៊ើបអង្កេត​ពាណិជ្ជកម្ម​ចិន ខណៈដែល​ចិន​ព្រមាន​ថា​នឹង​មិនមាន​អ្នកឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

1047
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​សីហា​ដោយបាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​លើ​ការ​សកម្មភាព​នៃ​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា ។ ការបញ្ជា​នេះ​កើតឡើង​ចំពេល​មួយ​ដែល​ទំនាក់ទំនង​មាន​ភាព​ល្អក់កករ​រួចហើយ​អំពី​បញ្ហា​កូរ៉េខាងជើង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​មួយ ដោយ​ណែនាំ លោក រ៉ូបឺត ឡៃ​ធី​ហ្ស័​រ (Robert Lighthizer) អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ឱ្យ​ពិនិត្យ​មើលថា​តើ​គោលនយោបាយ​ចិន ធ្វើឱ្យប៉ះពាល់​ដល់​ក្រុម​អ្នកវិនិយោគ​ឬ​ក្រុមហ៊ុន​អាមេរិក​ដែរ​ឬ​អត់​នោះ ដែល​ចំណាត់​ការសង​សឹង​ណាមួយ​នោះ អាច​នឹង​កើតឡើង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​យើង​នឹង​តតាំង​ចំពោះ​ប្រទេស​ណាមួយ ដែល​បង្ខំ​ក្រុមហ៊ុន​អាមេរិក​ឱ្យ​ផ្ទេរ​បច្ចេកវិជ្ជា​របស់​ពួកគេ​ដោយ​ខុសច្បាប់ ដែលជា​លក្ខខណ្ឌ​សម្របសម្រួល​ទីផ្សា​ណាមួយ​នោះ ។ យើង​នឹង​ប្រឆាំង​ផលិតផល​ក្លែងបន្លំ​ម៉ាក និង ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា ដែល​បំផ្លាញ​ការងារ​អាមេរិក​។ យើង​នឹង​ការពារ​កម្មសិទ្ធិបញ្ញា ម៉ាក​ពាណិជ្ជកម្ម សិទ្ធិ​ពាណិជ្ជកម្ម ការសម្ងាត់​ពាណិជ្ជកម្ម និង កម្មសិទ្ធិបញ្ញា​ផ្សេងទៀត
​ដែលមាន​សារសំខាន់​បំផុត​សម្រាប់​សន្តិសុខ​និង​វិបុលភាព​របស់​យើង​”​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹងមិន​បិទ​ភ្នែក​ទៀត​ទេ ។ សហរដ្ឋអាមេរិក​នឹងមិន​អត់ឱន​តទៅទៀត​ចំពោះ “​ការ​លួច​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​លួច​ការសម្ងាត់​ឧស្សាហកម្ម​អាមេរិក ដែលជា​ក្តី​ព្រួយបារម្ភ​ជា​យូរ​មកហើយ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ភាគហ៊ុន​នៃ​ទីផ្សា​ចិន​ដ៏​ធំ​នេះ​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​និយាយ​ការពារ​ខ្លួន​ជាមុន ដោយ​ព្រមាន​ថា “​គ្រប់គ្នា​នឹង​ខាតបង់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ដែលមាន​សេដ្ឋកិច្ច​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ​”​។​

​លោកស្រី ហួ ឈុន​យី​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា “​ចិន​និង​អាមេរិក​គួរ​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​ភាព​ឋិតថេរ​និង​ជឿន​លៀន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន​-​អាមេរិក​”៕ ដោយ៖ សុខា

​ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង ជួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ ក្នុងជំនួប​ពិភាក្សា​មួយ​នៅ​រដ្ឋ​ផ្លរីដា​កាលពី​ខែមេសា ឆ្នាំ​២០១៧