ដូ​ណា​ល់ ត្រាំ ប្រកាសថា “​ការអត់ធ្មត់ គឺ​ចប់​ហើយ ជាមួយ​កូរ៉េខាងជើង​”

703

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក បាន​អស់​ការអត់ធ្មត់​ជាមួយ​កូរ៉េខាងជើង​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន កាលពី​ថ្ងៃ​សុក្រ ទី​៣០ មិថុនា នៅពេលដែល លោក បាន​ស្វាគមន៍​មេដឹកនាំ​ថ្មី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន ក្នុងជំនួប​ពិភាក្សា​នៅ​សេត​វិមាន​។​

​ខណៈដែល លោក មូ​ន បាន​ជំរុញឱ្យមាន​ការចូល​ពាក់​ព័ន្ធ​ខ្លាំង​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្រុង​យ៉ាង ដែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន (​កូរ៉េខាងជើង​)​នោះ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ថា លោក មិនមាន​ចំណូលចិត្ត​បន្ត​ការធ្វើ​ការទូត​ជាមួយ​របប​មួយ ដែល លោក បាន​ចោទប្រកាន់ថា​មិន​គោរព​ជីវិត​មនុស្ស​ទេ​។​

ខណៈដែល លោក មូ​ន បានប្រកាសថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​ការអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង នៅ​ចុង​ឆ្នាំនេះ ក្រុម​មេដឹកនាំ​នេះ មិនបាន​បញ្ជាក់​អំពី​យុទ្ធសាស្ត្រ​រួមគ្នា​ដែល​ល្អ​បំផុត​សម្រាប់​ការដោះស្រាយ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​នោះទេ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​ទាំងអស់គ្នា យើង​កំពុង​ប្រឈម​ការគំរាមកំហែង​ពី​របប​ដឹកនាំ​ដ៏​ឃោរឃៅ​នៅ​កូរ៉េខាងជើង​។ កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​នៃ​របប​នោះ គឺ​តម្រូវឱ្យមាន​ការឆ្លើយតប​ដាច់ខាត​មួយ​” ។​

មានការ​ខឹងសម្បា​ខ្លាំង​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី លោក អូត​តូ វ៉ា​ម​បៀ និស្សិត​អាមេរិក ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​កូរ៉េខាងជើង​នៅ​អំឡុងពេល​ដំណើរ​ទេសចរណ៍ ដោយ​ចាប់ឃុំខ្លួន​និស្សិត​អាមេរិក​នេះ​អស់​រយៈពេល​ជិត​១៨​ខែ ហើយ​ក្រោយមក​គាត់​ត្រូវបាន​បញ្ជូន​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ ដោយ​សន្លប់​បាត់ស្មារតី​កាលពី​ដើមខែ​នេះ ។ គាត់​បាន​ស្លាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​៕ ​ដោយ ៖សុខា

​លោក មូ​ន ចែ​អ៊ី​ន និង លោក ដូ​ណា​ល់ ត្រាំ ទំនងជា​ពិភាក្សា​អំពី​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ដ៏​ច​ម្រួ​ស​ចម្រាស់ ដែល​ដាក់​នៅ​កូរ៉េខាងត្បូង​ផងដែរ​ក្នុងជំនួប​នេះ