ដូ​ណា​ល់ ត្រាំ ប្រកាស​បញ្ជូន​កងទ័ព​បន្ថែម​ចំនួន​១.០០០​នាក់​ទៅ​ប្រទេស​ប៉ូឡូញ​

491
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ថា លោក​នឹង​បញ្ជូន​កងទ័ព​បន្ថែមចំនួន​១.០០០​នាក់​ទៅ​ប្រទេស​ប៉ូឡូញ​ដើម្បី​ទប់ទល់​ប្រឆាំង​​រុស្ស៊ី​ខណៈដែល​លោក បាន​រិះគន់​ប្រទេស​អាល្លឺម៉ង់​ចំពោះ​ការ​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា “​ចំណាប់ខ្មាំង​” របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដោយសារតែ​ពឹងផ្អែក​ខ្លាំង​លើ​ការផ្គត់ផ្គង់​ថាមពល​របស់​​រុស្ស៊ី​។​

​សេចក្តីលម្អិត​នៃ​ការបង្កើន​កម្លាំង​ទ័ព​នេះ គឺ​មិន​ត្រូវ​បាន​ពន្យល់​បន្ថែម​នោះទេ ប៉ុន្តែ​កម្លាំង​ទ័ព​នេះ​មិន​អាច​បំពេញ​ក្តីសង្ឃឹម​ជា​យូរអង្វែង​របស់​ប្រទេស​ប៉ូឡូញ សម្រាប់​មូលដ្ឋាន​​យោធា​អចិន្ត្រៃយ៍​ដ៏​ធំ​របស់​សហរដ្ឋ​អាម៉េរិក​នោះទេ​។​

​ទាហាន​អាម៉េរិក​ជិត​៥.០០០​នាក់ ជាមួយនឹង​កងទ័ព​អង្គការ​NATO ត្រូវបាន​បញ្ជូន​រួច​ហើយ​ទៅ​ប្រទេស​ស​ប៉ូឡូញ​ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​វេន​កងទ័ព​។​

​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​ជាមួយ​សម​ភាគី​ប៉ូឡូញ​របស់លោក គឺ​លោក អង់​ហ្ស៊េ​ត ឌូ​ដា (Andrzej Duda) ដែល​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក​នោះ លោក ដូ​ណា​ល់​ ត្រាំ បាន​និយាយថា កងទ័ព​បន្ថែមចំនួន​១.០០០​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ទាហាន​អាម៉េរិក​ទាំងនោះ​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ប៉ូឡូញ​ពី​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សមាជិក​អង្គការ​NATO​និង​ថា​ប្រទេស​ប៉ូឡូញ​​បាន​កំពុង​សាងសង់​ទីតាំង​សម្រាប់​ពួកគេ​ស្ថិតនៅ​។​

​ចំនួន​កងទ័ព​នេះ​គឺ​ពាក់កណ្តាល​នៃ​ចំនួន​កងទ័ព ដែល​លោក​ដូណាល់​ត្រាំ បានកំណត់​បញ្ជូន​ទៅ​នៅ​ពេល​មាន​កិច្ច​ជំនួប​ជាមួយ​លោក អង់​ហ្ស៊េ​ត ឌូ​ដា នៅ​សេត​វិមាន​ជាទី​ដែល​​លោក​បាន​និយាយថា ” មានការ​និយាយ​គ្នា​អំពី​ការបញ្ជូន​កងទ័ព​ជិត​២.០០០​នាក់​”​។​

​ទោះជា​យ៉ាងណា លោក ដូ​ណា​ល់​ត្រាំ មិន​បាន​បំពេញ​ក្តីសង្ឃឹម​នៃ​សម្ព័ន្ធមិត្ត​ប៉ូឡូញ​របស់លោក​ចំពោះ​មូលដ្ឋាន​កងទ័ព​អចិន្ត្រៃយ៍​ពេញលេញ​របស់​សហរដ្ឋ​អាម៉េរិក ដោយសារ​នោះ​​ជា​អ្វី​ដែល​ធ្វើឱ្យ​រុស្ស៊ី​មាន​កំហឹង និង​បង្ក​ឱ្យ​មាន​ការឆ្លើយតប​របស់​រុស្ស៊ី​៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ ទទួល​ស្វាគមន៍​លោក អង់​ហ្ស៊េ​ត ឌូ​ដា និង​លោកស្រី​ជា​ភរិយា​របស់​លោក នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​

#