ដូ​ណា​ល់ ត្រាំ ពិចារណា​ដក​កងទ័ព​អាម៉េរិក​៤.០០០​នាក់​ចេញពី​កូរ៉េខាងត្បូង​

290
ចែករម្លែក

​កាសែត​កូរ៉េខាងត្បូង​មួយ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ខែ​វិច្ឆិកា​នេះ​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​ដក​កងទ័ព​៤.០០០​នាក់​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​ប្រសិន​​បើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​មិន​យល់ព្រម​តាម​ការទាមទារ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការចូលរួម​វិភាគទាន​លុយ​បន្ថែមទៀត​ដល់​ការចំណាយ​របស់​កងទ័ព​អាម៉េរិក​នៅ​ប្រទេស​​នេះ​។

​សហរដ្ឋ​អាម៉េរិក​បាន​បញ្ឈប់​កិច្ច​ចរចា​ជាមួយ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បង្កើន​ការចូលរួម​វិភាគទាន​ជា​ប្រាក់​ប្រចាំឆ្នាំ​​របស់​ខ្លួន​ឱ្យ​ដល់​៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការចំណាយ​លើ​កងទ័ព​អាម៉េរិក ដែល​ចំនួន​លុយ​នេះ គឺ​ច្រើន​ជាង​៥​ដង​នៃ​អ្វី​ដែល​កូរ៉េខាងត្បូង​កំពុង​ចំណាយ​បច្ចុប្បន្ននេះ ។ នេះ​​បើ​យោង​តាម​តាម​សមាជិកសភា​កូរ៉េខាងត្បូង​។​

​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​បាន ទទូច​ឱ្យ​កូរ៉េខាងត្បូង​បង់លុយ​បន្ថែមទៀត ហើយក៏​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​កងទ័ព​ចេញ​ទាំង​អស់​ផងដែរ​។​

​អ្នកការទូត​ម្នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ត្រូវបាន​ដកស្រង​សម្តី​ដោយ​កាសែត​Chosun Ilbo បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា​”​ខ្ញុំ​យល់​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​ត្រៀម​​ដក​កងទ័ព​ពី​៣.០០០​នាក់​ទៅ​៤.០០០​នាក់​ក្នុងករណី​ដែល​ការចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​មិន​ដំណើរការ​ទៅតាម​ការចង់បាន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ “​។​

​មាន​កងទ័ព​អាម៉េរិក​ប្រហែល​២៨.៥០០​នាក់​នៅ​កូរ៉េ​ខាងត្បូង​៕​ដោយ​៖​សុខា​/sn

នៅ​កូរ៉េ​ខាងត្បូង មាន​កងទ័ព​អាម៉េរិក​ប្រហែល​២៨.៥០០​នាក់​