ដូ​ណា​ល់ ត្រាំ ព្រមាន​ចាត់វិធានការ​បន្ទាប់ពី មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​ស្លាប់​ដោយ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​

1008
ចែករម្លែក

​ការវាយប្រហារ​ដោយ​គីមី​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ទីក្រុង​Douma​ដែល​កាន់កាប់​ដោយ​ឧទ្ទាម បាន​បង្ក​ឱ្យ​មាន​កំហឹង​ជា​អន្តរជាតិ​កាល​ថ្ងៃអាទិត្យ​ទី​៨​មេសា​​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ព្រមាន​ថា​” នឹង​មាន​ចំណាត់ការ​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​” ។​

​ខណៈ​ដែល​មាន​ការ​ថ្កោលទោស​ការវាយប្រហា​រកា​លពី​ថ្ងៃ​សៅរ៍​នោះ ពួក​ឧទ្ទាម​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ពី​ទីក្រុង​Douma ដែល​ជា​ទីតាំង​កាន់កាប់​ចុងក្រោយ​បំផុត ​របស់​ពួកគេ​នៅ​តំបន់​ហ្គោ​តា​ខាងកើត​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​របប​ស៊ី​រី​។​

​ការ​គំរាម​របស់ លោក ដូ​ណា​ល់ ត្រាំ បាន​កើតឡើង គឺ​មួយ​ឆ្នាំ​និង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន បាញ់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋានទ័ព​ស៊ី​រី​ក្នុងការ​សងសឹក​ចំពោះ​​ការវាយប្រហារ​ដោយ​ឧស្ម័ន​ពុល​សារី​ន​កាលពី​ឆ្នាំ​២០១៧ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា​”​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​ដោយ​រួមទាំង​ស្ត្រី​និង​កុមារ​ផង​នៅក្នុង​ការវាយប្រហារ​ដោយ​​សារធាតុ​គីមី​នៅ​ប្រទេស​ស៊ី​រី​”​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​រិះគន់​ខ្លាំងៗ ទៅលើ​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់ អា​ស្សាត និង លោក វ៉ា្ល​ឌី​មៀរ ពូ​ទីន ប្រធា​​នា​ធិបតី​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​របប​ស៊ី​រី​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ ថា ” ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន​និង ប្រធានាធិបតី​អ៊ីរ៉ង់ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​ការគាំទ្រ លោក បា​សា អាល់ អាស្សាត​ហើយ​នឹង​មាន​ចំណាត់​​ការ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​” ។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​សហរដ្ឋអាមេរិក​អាច​ឆ្លើយតប​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​មី​ស៊ី​ល​ដែរ​ឬ​ទេ​នោះ ទីប្រឹក្សា​សន្តិសុខ​មាតុភូមិ​របស់​​សេត​វិមាន លោក ថម បូស​សឺត​បាន​ប្រាប់​ទូរទស្សន៍​ABC ថា ” ខ្ញុំ​នឹង​មិន​អាច​កំណត់​បាន​ទេ ” ៕​ដោយ​៖​សុខា​/sn

​ក្មេង​ស៊ី​រី ដែល​ត្រូវបាន​អះអាងថា រង​ឧស្ម័ន​ពុល​នៅ​ទីក្រុង​Douma​របស់​ពួក​ឧទ្ទាម​