ដូ​ណា​ល់ ត្រាំ ព្រមាន​ថា លទ្ធភាព​បិទ​រដ្ឋាភិបាល​អាមេរិក​អាច​នឹង​កើតឡើង​

511

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានទទួល​ស្គាល់​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​មករា​ថា ឱកាស “​មើលទៅ​មិនល្អ​ទេ​” ដែលថា កិច្ចពិភាក្សា​រយៈពេល ១១ ម៉ោង​នៅ​សភា នឹង​បំបែក​ភាពទាល់ច្រក​លើ​ការចំណាយ និង​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​អាមេរិក​។​

​តិចជាង​ពីរ​ម៉ោង​កន្លះ មុនពេល​ម៉ោង​កំណត់​កណ្តាល​អា​ធ្រា​ត្រ​មកដល់ ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​រយៈពេល​ខ្លី ដើម្បី​រក្សា​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ឱ្យ​ដំណើរការ​ពេញលេញ លោក​ត្រាំ​បាន​រិះគន់​ខ្លាំងៗ​ដាក់​គណបក្ស​ប្រជាធិបតេយ្យ​។​

​លោក​បាន​សរសេរ​លើ​ធ្វី​ត​ធឺ (Twitter) ថា “​មើលទៅ​មិនល្អ​ទេ​សម្រាប់​យោធា​ឬ​សុវត្ថិភាព​និង​សន្តិសុខ​ដ៏​អស្ចារ្យ​របស់​យើង​នៅ​ព្រំដែន​ភាគខាងត្បូង​ដ៏​គ្រោះថ្នាក់​” ដោយ​សម្អាង​ទៅលើ​គម្រោង​និង​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​មួយចំនួន​ដែល​នឹងមិន​ទទួលបាន​មូលនិធិ​នោះ​។​

​លោក​ត្រាំ​បាន​ចោទប្រកាន់ថា “​ពួក​ប្រជាធិបតេយ្យ​ចង់បាន​ការបិទ​រដ្ឋាភិបាល​ដើម្បី​ជួយ​កាត់បន្ថយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ នៃ​ផែនការ​បន្ថយពន្ធ និង​អ្វីដែល​ផែនការ​កាត់​បន្ថយពន្ធ​កំពុង​ធ្វើ​សម្រាប់​សេដ្ឋកិច្ច​រីកលូតលាស់​របស់​យើង​”​។​

​មុននេះ បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​ព្រឹទ្ធសមាជិក​កំពូល​របស់​គណបក្ស​ប្រជាធិបតេយ្យ លោក ឆាក់ ស៊ូ​មឺ (Chuck Schumer) លោក​ត្រាំ​បង្ហាញ​អារម្មណ៍​សុទិដ្ឋិនិយម​ច្រើន ដោយ​និយាយថា ពួកគេ “​កំពុងធ្វើការ​លើ​ដំណោះស្រាយ​” ជាមួយ​ប្រធានព្រឹទ្ធសភា​ដែលមាន​សំឡេង​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន គឺ​លោក មី​ត ម៉ាក ខូ​នែ​ល (Mitch McConnell) និង​ប្រធានសភា លោក ផូ​ល រ៉ា​យ​អែន (Paul Ryan)​។​

​ប៉ុន្តែ​លោក​ស៊ូ​មឺទ​ទួល​ស្គាល់​ថា មាន “​ភាពមិន​ចុះសម្រុង​គ្នាច្រើន​” រវាង​ភាគី​ទាំងពីរ ថ្វីបើ​មាន “​កិច្ចប្រជុំ​រយៈពេល​ច្រើន​ម៉ោង​និង​លម្អិត​” ក៏ដោយ ដែល​ក្នុងនោះ​ពួកគេ​បាន​ពិភាក្សា​អំពី “​បញ្ហាសំខាន់ៗ​ទាំងអស់​” ។​

​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​មកពី​ញូវយ៉ក​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា “​ការពិភាក្សា​នឹង​បន្តទៀត​” ។​

​លោក​ប្រធានាធិបតី​ត្រាំ​បាន​ពន្យារពេល​ហោះហើរ​ទៅកាន់​រដ្ឋ​ផ្លរីដា​ដើម្បី​អបអរ​ខួប​អចលនទ្រព្យ Mar-a-Lago របស់គាត់ ដែលជា​ខួប​លើកទីមួយ​នៃ​ការសម្ពោធ​របស់លោក​នៅ​ថ្ងៃ​សៅរ៍​ទី​២០​មករា​នេះ ដើម្បី​ស្នាក់​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ឆ្លងកាត់​ព្យុះ​នេះ​សិន ហើយ​ប្រហែលជា​អាច​នៅ​រហូតដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​កណ្តាលយប់​ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ