ដូ​ណា​ល់ ត្រាំ អញ្ជើញ គីម ជុង អ៊ុន ឱ្យ​ជួបគ្នា​នៅ​តំបន់​គ្មាន​យោធា​នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ​

529
ចែករម្លែក

ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​លើ Twitter កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ខែមិថុនា​ពី​ប្រទេស​ជប៉ុន​ថា អំឡុងពេល​ឈប់​សំចត​នៅ​កូរ៉េខាងត្បូង លោក​ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា ដោយ​គ្រាន់តែ “​ចាប់ដៃ​ជាមួយ​គាត់ ហើយ​និយាយ​សួស្តី​”​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បន្ត​នៅលើ Twitter ថា “​បន្ទាប់ពី​កិច្ចប្រជុំ​ដ៏​សំខាន់​មួយចំនួន​ដោយ​រួមទាំង​ជំនួប​របស់ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ខ្ញុំ​នឹង​ចាក​ចេញពី​ប្រទេស​ជប៉ុន​ទៅ​កូរ៉េខាងត្បូង (​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន​) ។ ខណៈពេលដែល​នៅ​ទីនោះ ប្រសិនបើ​លោក គីម ជុង អ៊ុន យល់ឃើញ​ឱកាស​នេះ ខ្ញុំ​នឹង​ជួប​គាត់​នៅ​ព្រំដែន​ដែល​គ្មាន​យោធា ដោយ​គ្រាន់តែ​ចាប់ដៃ​គាត់​ហើយ​និយាយ​សួស្តី​”​។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ចុងក្រោយ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅ​កិច្ច​ជំនួប​កំពូល​សន្តិភាព​ ​ដែល​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​។ លោក គីម ជុង អ៊ុន​បាន​ទទូច​ឱ្យ លោក ដូ​ណា​ល់ ត្រាំ បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយចំនួន​ប្រឆាំង​កូរ៉េខាងជើង នៅមុន​ពេល​លោក​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការរំសាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់លោក​។ សហរដ្ឋ​អាម៉េរិក​បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ជំហរ ដោយ​នៅតែ​និយាយថា ខ្លួន​នឹងមិន​លុបចោល​ការដាក់ទណ្ឌកម្ម​ណាមួយ​ទេ រហូត​ទាល់តែ​ការបំផ្លាញ​ចោល​អាវុធ​នុយក្លេអ៊ែរ​និង​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង ត្រូវបាន​ចាប់ផ្តើម​៕ ដោយ៖ សុខា

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន បាន​ជួបគ្នា​ចុងក្រោយ​នៅ ទីក្រុង​ហាណូយ នៅ​កិច្ច​ជំនួប​កំពូល​សន្តិភាព​ដែល​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង