ដូ​ណា​ល់ ត្រាំ អួតថា​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ធំ​ជាង​និង​ខ្លាំង​ជាង​ប៊ូ​តុង​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន​

611

​កាលពី​ថ្ងៃ​អង្គារ ទី​២ ធ្នូ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អួតថា គាត់​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ធំ​ជាង​និង​ខ្លាំង​ជាង​ប៊ូ​តុង​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។​

​ធ្វី​ត (Tweet) កាលពី​ល្ងាច​ថ្ងៃ​អង្គារ​របស់លោក​ប្រធានាធិបតី​ត្រាំ ធ្វើឡើង​គឺ​ដើម្បី​ឆ្លើយតប​ទៅ​សុន្ទរកថា​ឆ្លង​ឆ្នាំ​ថ្មី​របស់​គីម ជុង​អ៊ុន ដែល​ក្នុងនោះ​លោក​បាន​គំរាម​ជាថ្មី​ម្តងទៀត​អំពី​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​។ គីម​ជុង​អ៊ុន​និយាយថា​គាត់​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​នៅលើ​តុ​ការិយាល័យ ហើយ​បាន​ព្រមាន​ថា “​ទឹកដី​សហរដ្ឋអាមេរិក​ទាំងមូល​គឺ​ស្ថិតនៅក្នុង​រង្វង់​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​យើង​”​។​

​លោក ត្រាំ បាន​ចម្អក​ឱ្យ​ការអះអាង​របស់​គីម ជុង​អ៊ុន ដោយ​សរសេរថា “​តើ​មាន​នរណាម្នាក់​មកពីរ​បប​ខ្សត់ខ្សោយ​និង​គ្មាន​អាហារ​ទទួលទាន​របស់​គាត់​ដែរ​ទេ សូម​ប្រាប់​គាត់​ថា ខ្ញុំ​ក៏មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ដែរ ប៉ុន្តែ​វា​ធំ​ជាង​និង​ខ្លាំង​ជាង​គាត់ ហើយ​ប៊ូ​តុង​របស់ខ្ញុំ មាន​ប្រសិទ្ធភាព​ប្រើការ​បាន​!”​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រលោក​ត្រាំ​បាន​បើកទូលាយ​ផងដែរ​ចំពោះ​លទ្ធភាព​នៃ​កិច្ចសន្ទនា​អន្តរ​កូរ៉េ បន្ទាប់ពី​លោក​គីម​បាន​ថ្លែង​ដ៏​កម្រ​អំពី​លទ្ធភាព​ចរចា​សន្តិភាព​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ក្នុងឱកាស​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​របស់​ត្រាំ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ទទូចថា ការចរចា​នឹងមិន​មាន​អត្ថន័យ​ទេ​លុះត្រាតែ​កូរ៉េខាងជើង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​សិន​។​

​នៅក្នុង​ធ្វី​ត​នា​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នោះ លោក​ត្រាំ បាន​និយាយថា យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាមេរិក​និង​សម្ពាធ​ផ្សេងទៀត​កំពុង​ចាប់ផ្តើម​មាន “​ផលប៉ះពាល់​យ៉ាង​ធំធេង​” ទៅលើ​កូរ៉េខាងជើង​។ គាត់​បាន​និយាយ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ការរត់​គេច​ចោល​ជួរ​របស់​ទាហាន​កូរ៉េខាងជើង​២​នាក់ ដែល​រត់​ឆ្លងកាត់​ព្រំដែន​ដ៏​គ្រោះថ្នាក់​បំផុត​ចូលក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

កាលពី​ថ្ងៃ​អង្គារ ទី​២ ធ្នូ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អួតថា គាត់​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ធំ​ជាង​និង​ខ្លាំង​ជាង​ប៊ូ​តុង​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន