ដូ​ណា​ល់ ត្រាំ ៖ ខ្ញុំ​មិនដែល​ធ្វើ​ការឱ្យ​រុស្ស៊ី​ទេ​

422
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា ថា​លោក​មិនដែល​ធ្វើ​ការឱ្យ​រុស្ស៊ី​ទេ ដែលជា​ការបដិសេធ​ជា​លើក​ទី​១​របស់លោក បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា ក្រុម​អ្នកស៊ើប​ការណ៍​FBI​នៅ​ឆ្នាំ​២០១៧ បាន​ស៊ើបអង្កេត​ថា​តើ​លោក​បាន ប្រព្រឹត្ត​ប្រឆាំង​ផលប្រយោជន៍​អាមេរិក​ឬ​អត់​នោះ​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ជំទាស់​នឹង​របាយការណ៍​របស់​កាសែត​Washington Post ដែលថា​លោក​បាន​លាក់បាំង​ព័ត៌មាន​លម្អិត​អំពី​កិច្ចប្រជុំ​របស់លោក​ជាមួយ​ប្រ​​ធានា​ធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន និង​ថា​បាន​ដកយក​កំណត់ត្រា​ពី​អ្នកបកប្រែ​របស់លោក​។

​ពួក​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បានលើកឡើង​ពី​លទ្ធភាព​នៃ​ការហៅ​អ្នកបកប្រែ​នោះ​ទៅ​បំភ្លឺ​នៅ​តុលាការ​។​

​កាសែត New York Times បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ក្រុម​FBI ដែល​បាន​បើក​ការស៊ើបអង្កេត​បន្ទាប់ពី ការដក​លោក ជេ​ម​ស៍ ខ័​រ​មី ពី​តំណែង​ប្រ​​ធាន​FBI ដោយ លោក ដូ​ណា​ល់ ត្រាំ​មក​នោះ បាន​នាំឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថា ប្រធានាធិបតី​នេះ​បាន​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។

​បន្ទាប់ពី​របាយការណ៍​នេះ​បាន​លេច​ចេញមក​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ខ្លាំងៗ ទៅ​ក្រុម​FBI និង​កាសែត កាសែត New York Times ប៉ុន្ដែ​លោក​មិនបាន​​ធ្វើការ​បដិសេធ​ជាក់លាក់​ណាមួយ​អំពី​ការធ្វើការ​ជាមួយ​រុស្ស៊ី រហូតដល់​ការឆ្លើយតប​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក ដូ​ណា​ល់ ត្រាំ​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅពេល​លោក​ចាក​ចេញពី​សេត​វិមាន​ដើម្បី​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Louisiana ថា “​មិន​ត្រឹមតែ​ខ្ញុំ​មិនដែល​ធ្វើការ​​ឱ្យ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ខ្ញុំ​ក៏បាន​គិត​ផងដែរ​ថា​វា​ជាការ​អាម៉ាស់​មួយ​ដែល​អ្នក​បាន​សួរ​សំណួរ​បែបនេះ​ពីព្រោះ​វា​ជា​អំពើ​បោក​បញ្ឆោត​ដ៏​អាក្រក់​បំផុត​។​

​ទំនាក់ទំនង​របស់លោក ដូ​ណា​ល់ ត្រាំ ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បានធ្វើ​មានការ​សង្ស័យ​លើ​តំណែង​ប្រធានាធិបតី​របស់លោក​ចាប់​តាំងពីដើម​រៀងមក​ហើយ​​លោក​បាន​ច្រានចោល​ការស៊ើបអង្កេតរ​បស់​សហព័ន្ធ​ថា​តើ​យុទ្ធនាការ​ឆ្នាំ​២០១៦​របស់លោក​បានធ្វើការ​ជាមួយ​រុស្ស៊ី​ដើម្បី​ឃោសនា​រក​ការគាំទ្រ​ច្រើនឡើង​ដើម្បី​​ឈ្នះ​ការបោះឆ្នោត​នេះដែរ​ឬទេ​នោះ ។​

​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នេះ បានធ្វើការ​ចោទប្រកាន់​ជាថ្មី​នេះ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា ក្រុមមន្ត្រី​ដែល​បាន​ផ្តួចផ្តើម​ការស៊ើបអង្កេត​​របស់​ក្រុម​FBI គឺជា​អ្នក​ប្រមាថ និង​បាន​ហៅ លោក ជេ​ម​ស៍ ខ័​រ​មី ថា ជា ” ប៉ូលិស​អាក្រក់​” ៕​ដោយ​៖​សុខា​/sn

លោក ដូ​ណា​ល់​ត្រាំ និយាយ​ទៅកាន់​អ្នកកាសែត​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩